តុលាការកំពូលនឹងបើកការជំនុំជម្រះសំណុំរឿងករណី គ.ជ.ប និង CPP ប្តឹងលោក សុន ឆ័យ នៅថ្ងៃទី១៧ នេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សំណុំរឿងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សប្រជាជនកម្ពុជា ប្តឹងលោក សុន ឆ័យ អនុប្រធាន គណបក្ស ភ្លើងទៀន ពីបទបរិហាកេរ្តិ៍ នឹងត្រូវបានតុលាការកំពូលលើកយក មក ជំនុំជំរះ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សភ្លើងទៀននៅថ្ងៃទី១៦ខែកុម្ភៈ។

លោក គឹម សួរភារិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនលើកឡើងកាលពីថ្ងៃទី ១៦ ខែកុម្ភៈថា លោក សុន ឆ័យ នឹងចូលរួមក្នុងជំនុំជម្រះនេះ ។
តាមការ លើកឡើងរបស់លោក គឹម សួរភារិទ្ធ បើតុលាការកំពូលសម្រេច បែបណានោះ លោកសុន ឆ័យនឹងទទួលយក ព្រោះវាជាដំណាក់កាល ចុងក្រោយហើយ និងមិនអាចបន្តប្តឹងនៅទីតាំងណាផ្សេងទៀតបាននោះទេ ដោយសារ [យើង]រស់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវតែគោរព និងអនុវត្ត។

ជាមួយគ្នានេះ ឯកឧត្តម សោម សូរីដា គ.ជ.បបានប្រាប់ឱ្យដឹងថា គ.ជ.ប ក៏ទទួលបានដីការកោះហៅរបស់តុលាការកំពូល ឱ្យចូលរួមសវនាការនេះដែរ ហើយលោករំពឹងថា តុលាការកំពូលសម្រេចរក្សាសេចក្តីសម្រេចរបស់សាលា ឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ឱ្យឈ្នះក្តីតាមពាក្យបណ្តឹងរបស់ ខ្លួន។
ចំណែកឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បាន ថ្លែងដែរ ដោយលោកមិនទាន់ហ៊ានអត្ថាធិប្បាយអ្វីច្រើននោះទេ ពាក់ព័ន្ធនឹង ករណីនេះ ដោយសារវាជាឆន្ទានុសិទ្ធិរបស់តុលាការកំពូល ហើយការសម្រេច បែប ណារបស់ស្ថាប័ននេះគឺត្រូវតែគោរព។

សូមរំឮកថា សាលាឧទ្ធរណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានសម្រេច តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈរបស់លោក សុន ឆ័យ «ទុកជាបានការ» ប៉ុន្តែបានសម្រេច កែប្រែបន្ថែមលើប្រាក់ពិន័យ និងលើប្រាក់សំណង់ជំងឺចិត្តកាន់តែ ច្រើនជាង មុនជូនដល់ដើមបណ្តឹង។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បាន ប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំងពីររបស់លោក សុន ឆ័យដែលត្រូវបានប្តឹងដោយ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា។ សំណុំរឿងប្តឹងដោយគ.ជ.ប ត្រូវបានតុលការសម្រេចផ្តន្ទាទោស លោក សុន ឆ័យ ដោយពិន័យជាប្រាក់ ចំនួន៩លានរៀល។ ចំណែកក្នុងសំណុំរឿងប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រេច ផ្ដន្ទាទោស ពិន័យជាប្រាក់ចំនួន៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណង ជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០ លានរៀលផងដែរ។

សូមបញ្ជាក់ថា គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្តឹងទៅ តុលាការ ស្វែងរកយុត្តិធម៌ ធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ បានចោទ ប្រកាន់ ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ កន្លងទៅ មានការទិញនិងលួចបន្លំសន្លឹកឆ្នោត៕
ដោយ៖យុទ្ធ វីរៈ

ads banner