អាជ្ញាធរខេត្តព្រះសីហនុ នឹងចាត់វិធានការម៉ឹងម៉ាត់ទៅលើប្រជាពលរដ្ឋ មួយចំនួនដែលនាំគ្នាកាងយកទីតាំងឆ្នេរសាធារណៈធ្វើជាកន្លែងអាជីវកម្ម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន នឹងចាត់វិធានការ យ៉ាងម៉ឹងម៉ាត់ទៅលើក្រុមប្រជាពលរដ្ឋមួយចំនួនដែលនាំគ្នាកាងយកទីតាំងឆ្នេរសាធារណៈជាកន្លែងធ្វើអាជីវកម្ម។ការថ្លែងបែបនេះត្រូវបាន ធ្វើឡើង ក្នុង សន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ» កាលពីថ្ងៃទី១៥ ខែកុម្ភៈ។

អភិបាលខេត្តរូបនេះបានឱ្យដឹងថា កន្លងមកអាជ្ញាធររដ្ឋបាលខេត្ត បាន ពន្យល់ និងចាត់វិធានការទៅលើក្រុមប្រជាពលរដ្ឋ ដែលពួកគាត់មកស្នាក់នៅ និងសង់សំណង់ផ្សេងៗ ខណៈដែលក្រុមប្រជាពលរដ្ឋទាំងនោះ កំពុង ប្រកប របរលើឆ្នេរសមុទ្រសាធារណៈធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង។ ហេតុនេះហើយ បាន ជា អាជ្ញាធរខេត្តចុះរៀបចំ និងឈូសឆាយសំណង់ផ្សេងៗដែលក្រុម ប្រជាពលរដ្ឋ បានសាងសង់នៅលើតំបន់ឆ្នេរ។

ឯកឧត្តម គួច ចំរើន បានថ្លែងថា ៖ «អាជ្ញាធរខេត្តនឹងប្ដេជ្ញាថារៀបចំ ឆ្នេរ សមុទ្រសាធារណៈរបស់រដ្ឋឲ្យមានសេរីភាពឡើងវិញនិងមិនមានអ្នកណាមកសាងសង់សំណង់ ឬប្រកបអាជីវកម្មលើឆ្នេរ ដែលធ្វើឱ្យប៉ះពាល់ដល់ សោភ័ណភាព ឆ្នេរនោះឡើយ ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរ ប្រកបអាជីវកម្ម នៅលើឆ្នេរកន្លងមក យើងមិនបានហាមឃាត់នោះទេ ប៉ុន្តែអ្វីដែលយើងសុំ គឺចង់ឱ្យប្រជាពលរដ្ឋទាំងនោះត្រូវតែមានរបៀបរៀបរយ និងមិនត្រូវ ហួងហែង ក្នុងការទាមទារសិទ្ធិគ្រប់គ្រងលើតំបន់ឆ្នេរនោះឡើយ»។
ឯកឧត្តមបានលើកឡើងទៀតថា ឥឡូវនេះអាជ្ញាធរបានរៀបចំឆ្នេរនេះ ជាឆ្នេរសាធារណៈ ឬជាលំហឆ្នេរសាធារណៈហើយ ប៉ុន្តែបែរជានៅ មា នអ្នកឆ្លៀតឱកាសទៅក្រាលកន្ទេល ដាក់កៅអី ដោយគ្មានសណ្ដាប់ធ្នាប់ បន្តកើតឡើងដដែលៗទៀត ស្របពេលដែលប៉ុន្មានថ្ងៃមុន លោកក៏បាន ណែនាំអប់រំដែរ ជាមួយនឹងការធ្វើកិច្ចសន្យារវាងក្រុមប្រជាពលរដ្ឋដែល ជាអាជីវករផងដែរ ប៉ុន្តែនៅតែមិនមានប្រសិទ្ធភាពសោះសម្រាប់ក្រុម ប្រជាពលរដ្ឋ ទាំងនោះ។

ឯកឧត្តម គួច ចំរើន បញ្ជាក់ថា «យើងរៀបចំនេះ មិនមែនមិនចង់ឱ្យ ប្រជាជន រកស៊ីទេ តែយើងរៀបចំហើយគឺដើម្បីបង្កឱកាសឱ្យប្រជាពលរដ្ឋយើង រក ចំណូលផ្សេងពីហ្នឹង ប៉ុន្តែចង់គាត់រកចំណូលដោយសមស្រប កុំឱ្យរក ចំណូលដោយទៅកាងទី។ ខ្ញុំក៏អនុញ្ញាតបើសិនគាត់ចង់ជួលកន្ទេល ក្រាល រកស៊ីរបរហ្នឹងក៏បាន ដាក់កៅអីជួលក៏បាន ប៉ុន្តែសុំកុំកាងទី មានន័យថា គាត់យកអីវ៉ាន់ជួលទុកមួយដុំទៅនៅកន្លែងរបស់គាត់ បើសិនមានភ្ញៀវ ទេសចរ ណាដែលគាត់ចង់ជួលកន្ទេល ឬកៅអី គាត់ជួលឱ្យគេទៅ»។
ឯកឧត្តមបន្តថា ការសម្រេចធ្វើបែបនេះ ដើម្បីរក្សាបាននូវសោភ័ណភាពឆ្នេរ និងអ្នកទេសចរ ដែលពួកគាត់មានសិទ្ធិក្នុងការសម្រេចចិត្តទទួលយកសេវាក ម្ម ពីក្រុមអាជីវករដោយការពេញចិត្ត ព្រោះជាឆ្នេរសាធារណៈរបស់រដ្ឋ។
លើសពីនេះទៀត លោកថា អាជ្ញាធរខេត្ត នឹងចាត់វិធានការម៉ឹងម៉ាត់ទៅលើ ក្រុមប្រជាពលរដ្ឋមួយចំនួនណា ដែលនាំគ្នាកាងយកទីតាំងឆ្នេរសាធារណៈ របស់ រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង ពីព្រោះឆ្នេរទាំងនេះ វាជាទ្រព្យសម្បត្តិ សាធារណៈ ដោយមិនត្រូវយកកន្ទេលទៅក្រាលទុកចោល និងដាក់កៅអី អង្គុយពេញផ្ទៃឆ្នេរ ទុកសម្រាប់ជួលឲ្យភ្ញៀវទេសចរមកលេងកម្សាន្តនោះទេ។

ទាក់ទិននឹងរឿងនេះប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និង សន្តិភាព លោក យង់ គិមអេង បានប្រាប់ឱ្យដឹងថា ការដែលប្រជា ពលរដ្ឋ ជាអាជីវករ បានយកតំបន់ឆ្នេរជាកន្លែងសម្រាប់ប្រកបមុខរបរកន្លងមកនេះ វាជារឿងមួយដែលមិនល្អ និងធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពធ្នាប់ឆ្នេរ ជាដើម ពីព្រោះតំបន់ឆ្នេរសមុទ្រ ជាទ្រព្យសម្បត្តិរបស់សាធារណៈ មិនមែន ជាកម្មសិទ្ធិរបស់បុគ្គលណាមួយឡើយ។
ស្របពេលដែលអាជ្ញាធរ មានការចាត់វិធានការម៉ឹងម៉ាត់ទៅលើក្រុម ប្រជា ពលរដ្ឋ ទាំងនោះ កុំឱ្យកាងទីតាំងតំបន់ឆ្នេរជាកម្មសិទ្ធិរបស់ខ្លួនឯង និង ក៏កុំឱ្យមានការប៉ះពាល់ដល់ការប្រកបមុខរបររបស់ពួកគាត់ លោក យង់ គិមអេង ក៏បានលើកឡើងដែរថា អាជ្ញាធរត្រូវតែរៀបចំទីតាំងឱ្យពួកគាត់ ដើម្បីជួយដល់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងព្រមទាំងធ្វើឱ្យឆ្នេរសមុទ្រក្នុងខេត្ត នេះ មានលំហសេរីភាពឡើងវិញផងដែរ៕
ដោយ៖ជា សុខនី

ads banner