ខេត្តកំពង់ចាម ត្រូវបានប្រកាសជាខេត្ត អស់មីន
កំពង់ចាម៖កម្ពុជាស្ថិតក្នុងចំណោមប្រទេសក្នុងពិភពលោកដំបូងគេ ដែល ធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ និងត្រូវបានទទួល ស្គាល់ ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ ជាតិ ផ្ទុះពីសង្គ្រាមនិងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកជាប្រទេស ដែលមានផ្ទៃដីបោសសម្អាតមីសនរួចធំជាងគេ។នេះជា ការថ្លែង របស់ ឯក ឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នាព្រឹក ថ្ងៃទី១៦ ខែកុម្ភៈក្នុងពិធីប្រកាស«ខេត្តកំពង់ចាមអស់មីន»ក្រោមអធិបតី ភាពឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួង ការពារជាតិ។

កម្ពុជាមុននឹងឈានដល់ថ្ងៃនេះ និងសម្រេចបាននូវសមិទ្ធផលលើការងារ បោសសម្អាតមីនយ៉ាងធំធេង ទាំងអស់គ្នាត្រូវចងចាំ និងក្រឡេកទៅមើល ប្រវត្តិសាស្រ្តដ៏សែនជូរចត់ជាង ៤៤ ឆ្នាំមុន ដែលប្រទេសកម្ពុជា បានជួប នូវវិបត្តិសោកសៅ និងធ្លាក់ចុះដល់ចំណុចសូន្យ ដែលបង្កមកពីការ បែក បាក់សាមគ្គី និងសង្រ្គាមផ្ទៃក្នុង។
ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្រ្តដែល យើងអាចនិយាយបានថា ប្រជាជនខេត្តកំពង់ចាមទាំងមូល បាន ទទួលនូវសេរីភាពរួចចាកផុតពីគម្រាមកំហែងដោយសារមីន។ នេះ ហើយជាគុណតម្លៃនៃសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលយើងទាំងអស់គ្នាត្រូវចងចាំ ជាប់ជានិច្ច ក្នុងក្រអៅបេះដូង»។
យោងតាមអាជ្ញាធរមីនបានឱ្យដឹងថា ខេត្តកំពង់ចាម គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបប្រមាណ ជាង ៤៦,២ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៤៩ ចម្ការមីន/គ្រាប់ ត្រូវបាន បោសសម្អាតរួច ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំង មនុស្សចំនួន ១ ៤០៦ គ្រាប់, មីនប្រឆាំងរថក្រោះ ១៤២ គ្រាប់ និងយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះដទៃ ទៀ ត ៦៣ ៥៧៤ គ្រាប់ ដោយ ប្រតិបត្តិករជាតិចំនួនពីរ រួមមានអង្គភាពស៊ីម៉ាក់ និងមជ្ឈមណ្ឌល ជាតិរក្សាសន្តិភាព។

ប្រភពដដែលបានបន្តថា ក្នុងនោះ សម្រាប់ការអនុវត្តគម្រោងសម្តេច តេជោ នៅខេត្តកំពង់ចាម និងឈានដល់ប្រកាសជាខេត្តអស់មីន នេះ អង្គភាព ស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីនចុងក្រោយ ក្នុងទំហំផ្ទៃដីសរុបចំនួន ០,៩៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ១១ ចម្ការមីន ដោយចំណាយថវិកា សរុបចំនួន ១១៧.៥៥០ ដុល្លារអាមេរិក។

ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «ភូមិអស់មីន ឬខេត្តអស់មីន មិនមែនជាភូមិ ឬជាខេត្ត អស់ការគម្រាមពីយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដទៃ ទៀតនោះទេ។ បន្ទាប់ពីបញ្ចប់វត្តមានគ្រាប់មីនចុង ក្រោយនៅ ខេត្តកំពង់ចាម ដែលយើងបានដឹង និងត្រូវបានប្រកាសអស់មីន នាថ្ងៃនេះ ខេត្តកំពង់ចាម នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ ផ្ទុះ ដទៃទៀត ប្រមាណជាង ៦៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៩០ ចម្ការគ្រាប់ ទៀត ស្ថិតនៅពាសពេញខេត្ត»។

ជាការពិត ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា បានចាប់ផ្តើមតាំងក្រោយថ្ងៃរំដោះ ១៩៧៩។ ទើបតែឆ្នាំ ១៩៩២ ទេ ការ បោស សម្អាតមីនមនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ត្រូវបានចាប់ផ្តើមជា ផ្លូវការ ដោយមានកម្មវិធីសកម្មភាពមីនពេញលេញ។ នេះបើតាមការលើក ឡើងបន្ថែមរបស់ឯកឧត្តម លី ធុជ។
គិតត្រឹមឆ្នាំ២០២២ រយៈពេល ៣០ឆ្នាំ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាម ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២.៥៥៤ គីឡូម៉ែត្រ ក្រឡា រកឃើញ និងកម្ទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់លានគ្រាប់ និងមានអ្នកទទួលផលប្រមាណជាងប្រាំបួនលាននាក់។
ឯកឧត្តម លី ធុជ បញ្ជាក់ថា ៖ «កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ក្នុង ពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីសនរួចធំជាងគេ»។
ទោះបីមានកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកពីរាជរដ្ឋាភិបាលកម្ពុជា និង មានការចូលរួមពីដៃគូអភិវឌ្ឍន៍ កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និង យុទ្ធភណ្ឌ មិនទាន់ផ្ទុះប្រមាណជា ១៩៧៦ គីឡូម៉ែត្រក្រឡា និងមាន ប្រជាពលរដ្ឋ ជាង ១,១ លាន់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនេះ។ ក្នុងនោះ ផ្ទៃដីមានមីន ៦៤៨ គីឡូម៉ែត្រក្រឡា ដែលកម្ពុជា មានមហិច្ឆតា ត្រូវបោសសម្អាតឲ្យអស់ត្រឹមឆ្នាំ២០២៥។
ជាមួយគ្នានេះដែរ បើតាមការលើកឡើងរបស់ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) តាមរយៈ បណ្តាញសង្គមហ្វេសប៊ុករបស់លោកថា អង្គភាពស៊ីម៉ាក់បានអនុវត្ត គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» នេះ ដែលបានចាប់ផ្ដើម ពង្រាយកម្លាំងប្រតិបត្តិការចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ ជាស្ថាពរនៅចុងខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។
ឯកឧត្តមបន្តថា ៖ «លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ ជាសមិទ្ធផលចុងក្រោយ ក្នុង កិច្ចប្រតិបត្តិការ ដែលត្រូវបានបិទបញ្ចប់តំបន់មានបញ្ហាគំរាមកំហែង ដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅខេត្តកំពង់ចាមទាំងស្រុង»។
ឯកឧត្តម ហេង រតនា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ បន្តរួមគ្នាប្រុងប្រយត្ន័ជាមួយសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីបញ្ចៀសឱ្យបាននូវហានិភ័យ និងគ្រោះថ្នាក់ដែលអាចបង្កឱ្យរបួស ស្លាប់ និងខូចខាតទ្រព្យសម្បតិ្ត។
បើតាមអាជ្ញាធរមីន ខេត្តកំពង់ឆ្នាំងនឹងរៀបចំពិធីអបអរសារទរការប្រកាស «ខេត្តកំពង់ឆ្នាំង អស់មីន» ដែលគ្រោងរៀបចំនៅថ្ងៃទី ០១ ខែមីនា នាពេល ខាងមុខ៕
ដោយ៖នាង សុគន្ធា