ត្រឹមតែដើមត្នោតមួយមុខ អាចបង្កើតមុខរបរជាច្រើនដល់អ្នកភូមិព្រះដាក់
សៀមរាប៖ត្នោត ជារុក្ខជាតិដែលមានដុះច្រើននៅលើផ្ទៃដីរបស់ប្រទេស កម្ពុជា និងដែលគេស្គាល់ថាជារុក្ខជាតិ ដែលផ្ដល់អត្ថប្រយោជន៍ ជាច្រើន ដូចជា ស្លឹកអាចយកទៅចាក់ ឬក្រងចេញជាផលិតផលផ្សេងៗ គ្រាប់ត្នោត ខ្ចីគេអាចបរិភោគបាន។ចំណែកឯគ្រាប់ទុំក៏គេអាចពុះយកកំពីងបរិភោគ។ ចំណែកទឹកត្នោតឯណោះធ្វើជាស្ករត្នោត ឬពិសាទឹកត្នោតស្រស់ៗដែល គាបបានថ្មីៗតែម្ដង។

នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបឯណោះវិញ អ្នកភូមិបាននាំគ្នាទាញ ប្រយោជន៍ពីដើមត្នោតនេះដើម្បីបម្រើឱ្យសេដ្ឋកិច្ចក្នុង ភូមិទាំងមូល។ ត្រូវនឹងអំណោយផលពីធម្មជាតិ ដែលតំបន់នេះមានដើម ត្នោតដុះច្រើនផង វាកាន់តែបង្កភាពងាយស្រួលដល់អ្នកភូមិព្រះដាក់ មួយ កម្រិតទៀត។
ម្យ៉ាងក៏ដោយសារភូមិព្រះដាក់បានក្លាយទៅជាភូមិគំរូ ដែលអ្នកទេសចរ និយមទៅទស្សនាផង ហេតុនេះហើយផលិតផលដែលអ្នកភូមិបានផលិត គឺមានទីផ្សារសម្រាប់លក់ស្រាប់ៗ។

បើគេធ្វើដំណើរតាមដងផ្លូវក្នុងភូមិព្រះដាក់ គេនឹងអាចឃើញផលិតផល ជាច្រើនដាក់តាំងត្រៀបត្រា នៅសឹងតែគ្រប់ផ្ទះអ្នកភូមិតែម្ដង។ ផលិតផល ទាំងនោះរួមមាន អាកោរត្នោត ស្មុគ កន្ទេលធ្វើពីស្លឹកត្នោត គ្រាប់ត្នោតខ្ចី ស្ករត្នោត ស្ករផែនជាដើម ដែលផលិតផលទាំងនេះ សុទ្ធតែចេញ ពីដើម ត្នោតដែលដុះជុំវិញភូមិតែម្ដង។
អ្នកស្រី ថ្លុង ថាន ដែលជាអាជីវករមួយរូបនៅភូមិព្រះដាក់បានឱ្យដឹងថា ក្នុងតំបន់អ្នកស្រីមានដើមត្នោតដុះច្រើនណាស់ ម៉្លោះហើយអាជីវករនៅទីនេះ ព្យាយាមបង្កើតផលិតផលថ្មីៗ ចេញពីដើមត្នោត ហើយរហូតមកដល់ពេល បច្ចុប្បន្ន អ្នកភូមិពឹងផ្អែកខ្លាំងលើដើមត្នោត។

អ្នកស្រីបន្តថា ៖ «ទោះបីយើងទាញផលច្រើនពីដើមត្នោត តែយើងកម្រជួប បញ្ហាខ្វះត្នោតណាស់ ព្រោះត្នោតងាយដុះ ហើយក្នុងមួយដើមៗ យើងអាច ប្រើប្រាស់វាបានយូរ»។
ប៉ុន្តែយ៉ាងណា ដោយសារតែអាជីវករមានការកើនឡើង ដូច្នេះសម្រាប់ ប្រជាជនមួយចំនួនដែលសល់ដីទំនេរ ពួកគេចាប់ផ្ដើមដាំដើមត្នោត សម្រាប់យកផលទៅថ្ងៃមុខទៀត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកស្រី ថ្លុង ថាន។
អ្នកស្រី ថ្លុង ថាន ថា ៖ «បើអ្នកណាគេមានដីទំនេរ គេក៏ចេះតែឆ្លៀតដាំថែម មួយឬពីដើមទៅ ព្រោះយើងក៏មើលមិនឃើញដែរ ក្រែងទៅមុខទៅយើង ខ្វះត្នោត»។
បើតាមអាជីវកររូបនេះ ត្រឹមតែចំណូលពីអាកោត្នោតតែមួយមុខ អ្នកស្រីអាច រកបានជាមធ្យមមួយលានរៀលក្នុងមួយថ្ងៃ ហើយអ្នកស្រីនៅមានផលិតផល ផ្សេងៗទៀត ដូចជាស្ករត្នោត ស្មុគ ស្ករផែន គ្រាប់ត្នោតខ្ចី ជាដើម។
សម្រាប់ស្មុគដែលធ្វើពីស្លឹកត្នោតវិញ អ្នកស្រីបានឱ្យដឹងថា ក្នុងមួយថ្ងៃអាច លក់បានជាមធ្យម ១៥០ស្មុគ ហើយដែលស្មុគមួយអ្នកស្រីលក់ក្នុងតម្លៃមួយ ពាន់រៀល។ ស្មុគនេះទៀតសោត ជាស្នាដៃរបស់ អ្នកភូមិដូចគ្នា ដែលពួកគេ អង្គុយចាក់ សម្រាប់លក់ទៅឱ្យអាជីវករឱ្យស្របទៅនឹងគោលការណ៍កាត់ បន្ថយការវេចខ្ចប់ទំនិញដោយប្លាស្ទីក។
យ៉ាងណាមិញ ក្រៅពីអ្នកស្រីទៅ ក៏មានអាជីវករផ្សេងៗទៀតដែលប្រកប អាជីវកម្មដូចអ្នកស្រី ដូច្នេះហើយ សេដ្ឋកិច្ចជារួមរបស់អ្នកភូមិព្រះដាក់គឺមាន ភាពល្អប្រសើរ ដោយគ្រាន់តែប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់ពី លទ្ធភាព៕
ដោយ៖កែវ បុស្បា