ចិនសម្ដែងការគាំទ្រដល់ប្រទេសស្រីលង្កា មុនកិច្ចប្រជុំស្ដីពីបំណុល

ប៉េកាំង៖ចិនបានសម្តែងការគាំទ្រចំពោះប្រទេសស្រីលង្កានៅមុនកិច្ចប្រជុំ រវាងប្រទេសអ្នកផ្ដល់ប្រាក់កម្ចីដល់បណ្ដាប្រទេសក្រីក្រ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃសុក្រទី១៧ ខែកុម្ភៈនេះ ប៉ុន្តែមិនបរិយាយថាតើក្រុងប៉េកាំងនឹង ជួយកាត់បន្ថយបំណុលរាប់ពាន់លានដុល្លារ ដែលបានធ្វើឱ្យកោះក្នុង មហាសមុទ្រឥណ្ឌាមួយនេះធ្លាក់ចូលទៅក្នុងភាពចលាចលផ្នែកហិរញ្ញវត្ថុ និងនយោបាយនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉េនប៊ីន (Wang Wenbin) បានថ្លែងនៅពេលសួរអំពីការសម្រេចចិត្តយ៉ាងណារបស់ក្រុងប៉េកាំងស្ដីពីការកាត់បន្ថយបំណុល ក្នុងសន្និសីតកាសែតមួយកាលពីថ្ងៃពុធថា៖ «[ប្រទេស ចិន] មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសពាក់ព័ន្ធ និងស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិ ដើម្បីបន្តដើរតួនាទីជាវិជ្ជមាន ក្នុងការជួយស្រីលង្កាឱ្យរួចផុតពី ការលំបាកនាពេលបច្ចុប្បន្ន»។
លោក វ៉ាង បាននិយាយម្ដងទៀតពីលើសេចក្ដីថ្លែងការណ៍ផ្លូវការដែល ចេញផ្សាយមុននោះថា ចិនគាំទ្រការស្នើសុំប្រាក់កម្ចីពីមូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) របស់ស្រីលង្កា ហើយនឹងជួយរដ្ឋាភិបាលរបស់ ប្រទេស នេះក្នុងការសុំជំនួយពីពាណិជ្ជករ និងម្ចាស់បំណុលផ្សេងទៀត។
គួរបញ្ជាក់ថា ចិនគឺជាម្ចាស់បំណុលដ៏ធំបំផុតមួយរបស់ស្រីលង្កា បន្ទាប់ពី ប្រទេសនេះបានពង្រីកប្រាក់កម្ចីរបស់ខ្លួនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រធានាធិបតី ស៊ី ជិនពីង ដែលពង្រីកពាណិជ្ជកម្មតាមការ កសាងកំពង់ផែ និងហេដ្ឋារចនាធំៗផ្សេងទៀតនៅទូទាំងទ្វីបអាស៊ី និងអាហ្វ្រិក។
តាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកាលពីចុងខែមុន ធនាគារនាំចេញ-នាំចូលចិន (EXIM Bank) របស់រដ្ឋាភិបាលចិន បានផ្តល់ជូនប្រទេសស្រីលង្កានូវការផ្អាកការសងបំណុលរយៈពេល២ឆ្នាំ ហើយនិយាយថា ខ្លួននឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេះ ដើម្បីទទួលបានប្រាក់កម្ចីចំនួន ២,៩ ប៊ីលានដុល្លារពី IMF ។
ចិនក៏បានច្រានចោលចំពោះការកាត់បន្ថយចំនួនបំណុលដែលជំពាក់ ដែលនោះគឺជាឧបសគ្គក្នុងការទទួលបានប្រាក់កម្ចីបន្ទាន់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលចង់ឱ្យម្ចាស់បំណុលយល់ព្រមលើការកាត់បន្ថយបំណុល។ ក្រុមមន្ត្រីស្រីលង្កាបានឱ្យដឹងថា ការផ្តល់ជូនរបស់ចិនមិនដូចគ្នានឹងការ ធានាជា លាយលក្ខណ៍អក្សរដល់ IMF នោះទេ ហើយវាប្រហែលជា មិនគ្រប់គ្រាន់សម្រាប់ក្រុមប្រឹក្សាភិបាល IMF ក្នុងការអនុម័តកញ្ចប់ប្រាក់ កម្ចីរាប់ពាន់លានដុល្លារសម្រាប់ស្រីលង្កានោះទេ។

នៅថ្ងៃសុក្រនេះ មន្ត្រីចិនគ្រោងនឹងចូលរួមកិច្ចប្រជុំអ្នកផ្តល់ប្រាក់ កម្ចីដែលរៀបចំដោយ IMF និងក្លឹបប៉ារីស ដែលជាអង្គការនៃក្រុម រដ្ឋាភិបាលម្ចាស់បំណុលផ្សេងទៀត។ នាយិកាគ្រប់គ្រង IMF លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បានថ្លែងកាលពីខែមុនថា ទីភ្នាក់ងារកំពុងពិភាក្សាជាមួយទីក្រុងប៉េកាំង អំពីមធ្យោបាយនៃ «ការកាត់ បន្ថយបន្ទុកបំណុល»។
អង្គការក្លឹបប៉ារីស បាននិយាយក្រោយប្រកាសធ្វើការជាមួយប្រទេស ស្រីលង្កាកាលពីសប្ដាហ៍មុនថា៖ «សមាជិកក្លឹបប៉ារីស ក៏ដូចជាប្រទេស ហុងគ្រី និងអារ៉ាប៊ីសាអូឌីត បានជំរុញឱ្យម្ចាស់បំណុលទ្វេភាគីផ្លូវការផ្សេង ទៀតរួមទាំងចិន ឱ្យធ្វើស្របគ្នាទៅនឹងក្របខណ្ឌរបស់ IMF ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»។

ប្រទេសស្រីលង្កា ដែលមានប្រជាជនប្រហែល ២២ លាននាក់ អស់ រូបិយប័ណ្ណ បរទេសកាលពីឆ្នាំមុន និងប្រកាសពីការគ្មានលទ្ធភាពសង បំណុលនៅខែមេសា។ វិបត្តិសេដ្ឋកិច្ចក៏កើតមានឡើង ដែលបង្ក ឡើងពីកង្វះថាមពលប្រើប្រាស់ កង្វះស្បៀងអាហារ និងថ្នាំពេទ្យជាដើម ដែលធ្វើឱ្យផ្ទុះការតវ៉ាទ្រង់ទ្រាយធំ រហូតបង្ខំឱ្យប្រធានាធិបតី និង នាយករដ្ឋមន្ត្រីចុះចេញពីតំណែង។ គិតត្រឹមចុងឆ្នាំមុន ប្រទេសនេះបានជំពាក់បំណុលបរទេសរហូតដល់ ៥១ ប៊ីលានដុល្លារ ដែលក្នុងនោះការជំពាក់ចិនមានប្រហែល ២០ ភាគរយ។
កាលពីថ្ងៃពុធ ប្រធានាធិបតីស្រីលង្កា លោក រ៉ានីល វីក្រេម៉េស៊ីងហេ (Ranil Wickremasinghe) បាននិយាយថា លោកមានក្តីសង្ឃឹមថា ប្រទេសនឹងទទួលបានការយល់ព្រមពីក្រុមប្រឹក្សាភិបាល IMF ដើម្បីទទួលបានកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន ២,៩ ប៊ីលានដុល្លារនៅខែមីនា។ លោកបន្តថា សេដ្ឋកិច្ចស្រីលង្កាឥឡូវនេះ កំពុងមានស្ថិរភាព ហើយនឹងអាចចាប់ផ្តើមដំណើរការរៀបចំរចនាសម្ព័ន្ធ បំណុលឡើងវិញក្នុងពេលឆាប់ៗនេះ ប៉ុន្តែប្រទេសក៏ចាំបាច់ត្រូវមានស្ថិរភាព នយោបាយ ដើម្បីអនុវត្តដំណើរការនេះ។
កាលពីខែមុន ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា ដែលជាម្ចាស់បំណុលដ៏ធំមួយ របស់ស្រីលង្កា បានចេញលិខិតមួយទៅ IMF ដើម្បីបញ្ជាក់ពីការគាំទ្ររបស់ ខ្លួនចំពោះប្រទេសនេះលើបញ្ហាការរៀបចំរចនាសម្ព័ន្ធបំណុល។ ក្រោយមករដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បានប្រកាស ក្នុងអំឡុងទស្សនកិច្ចទៅទីក្រុងកូឡ៊ុបូ ថា ឥណ្ឌាបានផ្តល់ការធានាចាំបាច់ ដល់ស្រីលង្កាសម្រាប់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់។
លោក វីក្រេម៉េស៊ីងហេ ថ្លែងថា៖ «ឥណ្ឌាបានយល់ព្រមលើការរៀប ចំរ ចនាសម្ព័ន្ធបំណុល និងបានពង្រីកការធានាហិរញ្ញវត្ថុ។ ម៉្យាងវិញ ទៀតក្លឹបប៉ារីស និងឥណ្ឌា កំពុងបន្តពិភាក្សាគ្នា។ យើងកំពុងពិភាក្សា ដោយផ្ទាល់ ជាមួយប្រទេសចិន»។ លោកបន្តថា៖ «ឥឡូវនេះ យើងកំពុង ធ្វើការឆ្ពោះទៅរកការបង្រួបបង្រួមវិធីសាស្រ្តរបស់ប្រទេសផ្សេងៗ រួមទាំងចិន។ ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសទាំងអស់ ដែលគាំទ្រយើងក្នុងការខិតខំនេះ»។
គួរកត់សម្គាល់ថា ស្ថានភាពរបស់ប្រទេសស្រីលង្កាបច្ចុប្បន្ន ឆ្លុះបញ្ចាំង ពីស្ថានភាពនៅទូទាំងប្រទេសរាប់សិបពីកោះប៉ាស៊ីហ្វិកខាងត្បូង រហូត ដល់ប្រទេសក្រីក្របំផុតមួយចំនួននៅអាស៊ី និងអាហ្រ្វិក ដែលបានខ្ចីលុយ ចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ បំណុលបរទេសសរុបរបស់ប្រទេសក្រីក្រកំពុងកើនឡើង ដែលបង្កើន ហានិភ័យ ហើយធ្វើឱ្យប្រទេសខ្លះអាចនឹងមានបញ្ហា។
កន្លងមក ចិនបានកាត់ការប្រាក់ដែលជំពាក់ដល់ប្រទេសខ្លះ ប៉ុន្តែមិនបាន កាត់បន្ថយទឹកប្រាក់ដែលខ្លួនឱ្យខ្ចីនោះទេ។ សេដ្ឋវិទូនិយាយថា ទីក្រុងប៉េកាំងប្រហែលជាកំពុងទប់ទល់នឹងការកាត់បន្ថយបំណុលរបស់ស្រីលង្កា ដោយសារតែភ័យខ្លាចថា ប្រទេសអ្នកខ្ចីផ្សេងទៀតនឹងចង់បាន ការធូរស្រាលស្រដៀងគ្នានេះដែរ។ កាលពីខែមេសាកន្លងទៅ លោក វីក្រេម៉េស៊ីងហេ ដែលកាលនោះនៅជាមេដឹកនាំបក្សប្រឆាំងនៅឡើយ បានប្រាប់ទូរទស្សន៍ Republic TV ថា ចិនបានផ្តល់ប្រាក់កម្ចីបន្ថែមចំនួន ១ ប៊ីលានដុល្លារ ជំនួសឱ្យកាត់បន្ថយបំណុលដែលស្រីលង្កាជំពាក់។ ការណ៍នោះ នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលធ្វើការបង់ប្រាក់ ប៉ុន្តែចំនួន សរុបដែលជំពាក់នឹងកើនឡើង។
ជុំវិញបញ្ហាបំណុលនេះផងដែរ លោកស្រី ចចជីវ៉ា បានឱ្យដឹងថា ក្រុមមន្រ្តី IMF ដែលបានធ្វើទស្សនកិច្ចទៅទីក្រុងប៉េកាំង បានពិភាក្សាជាមួយមន្ត្រី ចិនអំពីមធ្យោបាយកាត់បន្ថយបំណុល សម្រាប់ប្រទេសមួយចំនួនដូចជាឆាដ ហ្សំប៊ី ស្រីលង្កា និងប្រទេសកូនបំណុលដែលកំពុងជួបការលំបាក ផ្សេងទៀត។ លោកស្រីនិយាយថា គំនិតជារួមនៅចិនគឺថា ប្រទេសនេះចង់ជួយ ប៉ុន្តែ «ពួកគេរំពឹងថានឹងទទួលបានសំណង» ដូចគ្នា ។
លោកស្រីនាយិកាដដែលបន្តថា បញ្ហានេះធ្វើឱ្យការកាត់បន្ថយចំនួនទឹក ប្រាក់ដែលបានខ្ចី «ជារឿងពិបាកណាស់» ប៉ុន្តែវាអាចជាមធ្យោបាយមួយ ដើម្បីឈានដល់គោលដៅដូចគ្នា ដោយការផ្លាស់ប្តូរអត្រាការប្រាក់ ឬលក្ខខណ្ឌសងប្រាក់វិញ៕
ដោយ៖ហួន ឌីណា

ads banner