បង្កើនការវិនិយោគលើសុខភាពមាតា ទារក និងកុមារ ជួយពន្លឿនកម្ពុជា ទៅ សម្រេច គោលដៅឆ្នាំ២០៣០
ភ្នំពេញ៖ស្ថាប័នពាក់ព័ន្ធសំខាន់ៗទាំងជាតិ និងអន្តរជាតិ ដែលធ្វើការផ្តោត លើវិស័យសុខាភិបាលនៅកម្ពុជា បានចាត់ទុកថា ការលើកកម្ពស់សុខភាព បន្តពូជ សុខភាពមាតា ទារក និងកុមារ គឺជារឿងចាំបាច់ដែលត្រូវតែយក ចិត្តទុកដាក់ ខណៈអ្នកជំនាញក៏បានជំរុញឱ្យបង្កើនការវិនិយោគលើ សុខភាព មាតា ទារក និងកុមារឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីជួយកម្ពុជាឈានទៅ សម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០។
នេះ បើ តាមការបង្ហាញឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលឯកឧត្តម ម៉ម ប៊ុនហេង នៅក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ «រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពនៅឆ្នាំ២០៣០» កាលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម ម៉ម ប៊ុនហេង បានថ្លែងថា ការថែទាំសុខភាពមាតាបានត្រឹម ត្រូវ អំឡុងពេលមានផ្ទៃពោះ និងពេលសម្រាល មានសារៈសំខាន់ សម្រាប់ សុខភាពម្តាយ និងទារក និងកាត់បន្ថយ ការមានជំងឺ និងហានិភ័យ មរណភាពមាតា និងកុមារអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និង ក្រោយពេលសម្រាល។កត្តាគន្លឹះដ៏សំខាន់មួយទៀត ដែលនឹងជំរុញឱ្យកម្ពុជា សម្រេចបានគោលដៅអភិឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០នោះ គឺការ ចូល រួមពីគ្រប់បណ្តាអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការទៅទទួលយកសេវាសុខា ភិបាលដែលមានវិជ្ជាជីវៈត្រឹមត្រូវ ធានាបានគុណភាព និងសុវត្ថិភាព។
ហេតុនេះ ឯកឧត្តម ម៉ម ប៊ុនហេង បានអះអាងថា ៖ «ការរួមគ្នាបន្តវិនិ យោគ លើការពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ តាមរយៈការ ផ្តោតបន្ថែមលើការថែទាំកុមារអាយុក្រោម៥ឆ្នាំ ខ្វះអាហារូបត្ថម្ភ (ស្គមស្គាំង) និងទារកអាយុ ក្រោម៦ខែ ដែលបំបៅដោយទឹកដោះម្តាយតែមួយមុខ និងពង្រឹងការផ្តល់សេវាដល់ស្រ្តីរងអំពើហិង្សាទាក់ទងនឹងយេនឌ័រជាដើម គឺជាចំណុចដែលត្រូវការពង្រឹងបន្ថែម»។
ជាមួយគ្នានេះដែរ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំ នៅកម្ពុជា លោកស្រីវេជ្ជបណ្ឌិត លី អៃឡែន បានលើកឡើងដោយ លោកស្រីចាត់ទុកសុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ គឺជាផ្នែកដ៏សំខាន់ ដែលហៅថាការវិនយោគធនធានសម្រាប់ពិភពលោក រួមទាំងកម្ពុជាផងដែរ។
លោកស្រី បានបន្តថា ទោះបីជាអត្រាមរណភាពមាតានៅកម្ពុជាបានថយ ចុះពី ១៧៤ មកនៅ ១៥៤ ក្នុងចំណោម មួយ សែន កំណើតរស់អត្រា មរណភាព ទារកទើបកើតបានថយចុះពី ១៨ មកនៅ ៨ ក្នុងចំណោម ១ ពាន់កំណើតក្តី ប៉ុន្តែចំនួននេះនៅមិនទាន់ស្ថិតក្នុងកម្រិតខ្ពស់ប៉ុន្មាននោះទេ។
លោកស្រី លី អៃឡែន បានបញ្ជាក់ថា ៖ «ហេតុនេះ ដើម្បីឈានទៅសម្រេច គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ដែលសំដៅលើការ កាត់ បន្ថយអត្រាមរណភាពមាតា ទារក និងកុមារក្រោម៥ឆ្នាំនៅកម្ពុជានោះ គឺទាមទារឱ្យរួមគ្នាដោះស្រាយបញ្ហានិងពង្រឹងសកម្មភាពលើកិច្ចការទាំងនេះបន្ថែមទៀត»។
បើតាមអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានឱ្យដឹងថា អត្រាមរណ ភាព កុមារអាយុក្រោម៥ឆ្នាំ នៅជុំវិញពិភពលោក បានធ្លាក់ចុះ ៥៤ភាគរយ នៅឆ្នាំ២០១៤ និងឆ្នាំ២០២១-២០២២ បានធ្លាក់ចុះចន្លោះពី៣៥ ទៅដល់៣៦% ក្នុងកំណើតរស់១០០០ នាក់ ធៀបនឹងការធ្លាក់ចុះត្រឹម ១៤ ភាគរយ នៅទូទាំងពិភពលោក ចន្លោះឆ្នាំ២០១៥ និង ២០២០។ ជាមួយ គ្នានេះ អត្រាមរណភាពទារកទើបនឹងកើត ក៏បានធ្លាក់ចុះពី៥៦ ភាគរយ។
សម្រាប់កម្ពុជាវិញ បើតាមការវិភាគរបស់វិទ្យាស្ថានជាតិស្ថិតិឆ្នាំ ២០២១-២០២២ រប្រៀបធៀបរវាងឆ្នាំ ២០១៤ និង ២០២២ បានបង្ហាញ ថាអត្រាមរណភាពមាតាបានធ្លាក់ចុះពី ៥ នាក់ក្នុងចំណោម ១ ០០០ នាក់មក ៤ នាក់ក្នុងចំណោម ១ ០០០នាក់។ អត្រាមរណភាពរបស់ទារកទើបកើត គឺការស្លាប់ចំនួន ៨ នាក់ក្នុង១ ០០០ នាក់ក្នុងឆ្នាំ ២០២២ ដែលធ្លាក់ចុះពីការស្លាប់ចំនួន ១៨ នាក់ក្នុងចំណោម ១ ០០០ នាក់។
ប្រភពដដែលថា អត្រាមរណៈរបស់ទារកក៏បានធ្លាក់ចុះផងដែរ ពីការស្លាប់ ២៨ នាក់ក្នុង ១ ០០០ កំណើតមក ១២ នាក់ក្នុង១ ០០០ កំណើត។ ជាងនេះទៀត ការស្លាប់របស់កុមារអាយុក្រោម ៥ ឆ្នាំបានធ្លាក់ចុះយ៉ាងខ្លាំងពី ៣៥ នាក់ក្នុងឆ្នាំ ២០១៤ មក ១៦នាក់ក្នុងឆ្នាំ ២០២២។
របាយការណ៍ដដែល បានបង្ហាញទៀតថា មានការថយចុះអត្រាក្រិស ក្រិន របស់កុមារអាយុក្រោម៥ឆ្នាំ ពី៣២ភាគរយ នៅឆ្នាំ២០១៤ មកនៅត្រឹម ២២ភាគរយ នៅឆ្នាំ២០២១។ ក៏ប៉ុន្តែអត្រាកុមារស្គមស្គាំងស្ថិតនៅមិនប្រែប្រួល ទាល់តែសោះ គឺនៅ មានកម្រិត១០ ភាគរយដដែល សម្រាប់រយៈពេលជាច្រើន ឆ្នាំកន្លងមកនេះ ខណៈខេត្តមួយចំនួនមានអត្រាកុមារក្រិសក្រិនជុំវិញ ៣០ភាគរយ ដែលបញ្ជាក់ថា លើសពីកម្រិតចាំបាច់ និងបន្ទាន់។
យ៉ាងណាមិញ តាមរយៈទិវាជាតិសុខភាពមាតា ទារក និងកុមារខាងលើនេះ ភាគីពាក់ព័ន្ធ ក៏បានប្តេជ្ញារួមគ្នា ពង្រឹងការអនុវត្តផែនការសកម្មភាពសកល ដើម្បីឈានទៅកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចគោលអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០ ឱ្យខាងតែបាន៕
ដោយ៖សែម ពិសី