សម្តេចតេជោ ហ៊ុន សែន ទទួលជួបមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន (Video Inside)
សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដោយលើកទឹកចិត្តឱ្យកងទ័ពកម្ពុជា និងកងទ័ពជប៉ុន ធ្វើកិច្ចសហការគ្នាក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបម្រើសេចក្ដីសុខសន្តិភាព ដើម្បីប្រយោជន៍នៃប្រជាជននិងប្រទេសទាំង២ និងដើម្បីតំបន់និងពិភពលោកផងដែរ។
ការទទួលជួបនាយឧត្តមសេនីយ៍យ៉ូស៊្ហីដា យ៉ូស្ហ៊ីហ៊ីដេ បានធ្វើនៅព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៣ នាវិមានសន្តិភាព។ នាយឧត្តមសេនីយ៍យ៉ូស៊ីដា យ៉ូស៊ីហ៊ីដេ បានដឹកនាំគណៈប្រតិភូបំពេញ ទស្សនកិច្ចនៅកម្ពុជា ស្របពេលនឹងការប្រារព្ធខួបអនុស្សារីយ៍លើកទី៧០ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន នៅក្នុងឆ្នាំ២០២៣។
មន្ត្រីជំនួយការសម្ដេចតេជោ បានថ្លែងដកស្រង់សម្តីរបស់នាយឧត្តមសេនីយ៍ជប៉ុន ដែលបានបញ្ជាក់នាពេលនោះថា «បើសិនគ្មានសម្ដេចតេជោទេ កម្ពុជាក៏គ្មានសន្តិភាពដែរ»។
លោកយ៉ូស៊្ហីដា យ៉ូស្ហ៊ីហ៊ីដេ បានថ្លែងប្តេជ្ញាជំរុញពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកងទ័ពកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយស្មើភាព ដើម្បីបម្រើឱ្យការងារមនុស្សធម៌ និងការថែរក្សាសុខសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍តបបានថ្លែងរៀបរាប់ជុំវិញដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ដែលជាប្រទេសធ្លាប់បានរងនឹងសង្គ្រាមអស់ពេលជាច្រើនសិបឆ្នាំកន្លងមក។ សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងនាមជាយុវជនមួយរូបសម្ដេចពេលនោះ គ្មានជម្រើសផ្សេងទេ គឺមានតែការកសាងទ័ព, តស៊ូ ចចារ និងយកជីវិតទៅប្ដូដើម្បីសន្តិភាព។
សម្តេចបានថ្លែងថា មានសន្តិភាព ទើបមានអ្វីៗទាំងអស់…ហើយបើគ្មានសន្តិភាពទេ គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ…គ្មានទេសិទ្ធិមនុស្ស ព្រោះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនជ្រកក្រោមសង្គ្រាមទេ។
សម្តេចបានលើកឧទាហរណ៍សង្គ្រាមដែលកំពុងកើតមានក្នុងប្រទេសអ៊ុយក្រែន ដែលជាឧទាហរណ៍ស្រាប់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយដល់កម្ពុជា ក្នុងដំណើរការចរចា និងប្រតិបត្តិការស្វែងរកសន្តិភាព និងតែងតែជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។