កម្ពុជានិងចិន បន្តធ្វើសមយុទ្ធនាគមាស ក្រោយការអាក់ខាន៣ឆ្នាំ (Video Inside)
សមយុទ្ធនាគមាសរួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន គ្រោងនឹងធ្វើនៅក្នុងខែមិនាខាងមុខនេះ ក្រោយការអាក់ខានប៉ុន្មានឆ្នាំមកនេះ ដោយសារតែវិបត្តិឆ្លងជម្ងឺកូវីដ១៩។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៣។
លំហាត់សមយុទ្ធនាគមាសដែលរួមមានទាំងលំហាត់លើការដោះមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងឆ្នាំ២០២៣ គឺនៅទន្ទឹមនឹងកម្ពុជាបានដាក់ចេញនូវផែនការដោះមីនឱ្យអស់ពីប្រទេសនៅឆ្នាំ២០២៥។
លំហាត់សមយុទ្ធដែលនឹងមកដល់ថ្ងៃទី២០មីនាឆ្នាំ២០២៣ គឺក្នុងដំណាក់កាលដែលកម្ពុជាកំពុងសម្រួចការហ្វឹកហ្វឺនយុទ្ធសាស្ត្រក្នុងសម័យបច្ចេកវិទ្យាថ្មីដើម្បីកាន់តែបង្កើនឡើងថែមទៀត នូវសមត្ថភាពការពារជាតិរបស់ខ្លួន ខណៈដែលពិភពលោកបានវិវត្តន៍រីកចម្រើនយ៉ាងលឿនលើកត្តាបច្ចេកវិទ្យា។
ក្នុងសំណួរមួយរបស់អ្នកសារព័ត៌ដែលចង់ដឹងថាតើសមយុទ្ធនាគមាសរវាងកម្ពុជា និងចិន នឹងផ្តល់ប្រយោជន៍អ្វីខ្លះនោះ? សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់តបមកវិញយ៉ាងនេះ។
សមយុទ្ធនាគមាសចុងក្រោយរបស់កម្ពុជាបានធ្វើកាលពីឆ្នាំ២០១៩ រវាងពីថ្ងៃទី២៨កុម្ភៈដល់ ថ្ងៃទី២៥មីនា។ សមយុទ្ធនាគមាសដែលជិតមកដល់នេះ គឺជាសមយុទ្ធនាគមាសលើកទី៤។