លោក ស្តូលថែនប៊ឺគ ៖ ណាតូត្រូវតែត្រៀមខ្លួនរយៈពេលយូរ ក្នុងការប្រឈមមុខនឹងរុស្ស៊ី
ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលថែនប៊ឺគ បានប្រាប់សារព័ត៌មាន AFP ថា ណាតូត្រូវតែត្រៀមខ្លួនសម្រាប់ការប្រឈមមុខគ្នាក្នុងរយៈពេលយូរជាមួយរុស្ស៊ី លើសពីវិបត្តិភ្លាមៗដែលបង្កឡើងដោយការលុកលុយរយៈពេលមួយឆ្នាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន លើអ៊ុយក្រែន។
លោក ស្តូលថែនប៊ឺគ វ័យ៦៣ឆ្នាំ បាននិយាយនៅក្នុងបទសម្ភាសន៍ មួយសប្តាហ៍មុនខួបមួយឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថា លោកប្រធានាធិបតី ពូទីន ចង់បានទ្វីបអឺរ៉ុបខុសគ្នា… ចង់បានទ្វីបអឺរ៉ុបដែលគាត់អាចគ្រប់គ្រងប្រទេសជិតខាងបាន ជាទីដែលគាត់អាចសម្រេចចិត្តថាតើប្រទេសណាអាចធ្វើអ្វីបាន។
ដូច្នេះយើងត្រូវតែត្រៀមខ្លួនសម្រាប់រយៈពេលវែង… ព្រោះវាអាចមានរយៈពេលច្រើនឆ្នាំតទៅមុខទៀត។ សង្គ្រាមរបស់ទីក្រុងមូស្គូលើប្រទេសជិតខាងដែលគាំទ្រលោកខាងលិច បានធ្លាក់ចូលទៅក្នុងវិបត្តិដ៏គ្រោះថ្នាក់បំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយបានរុញច្រានអង្គការណាតូចូលទៅក្នុងការកែប្រែការការពារដ៏ធំបំផុត ចាប់តាំងពីសហភាពសូវៀតដួលរលំ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា