អាជ្ញាធរខេត្តបាត់ដំបង និងខេត្តចន្ទបូរីប្រទេសថៃ សន្យារួមគ្នា បង្រ្កាប បទល្មើសគ្រឿងញៀននៅតាមព្រំដែន
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង និងអាជ្ញាធរខេត្តចន្ទបុរីនៃព្រះរាជា ណាចក្រថៃ បានសន្យារួមគ្នានឹងធ្វើកិច្ចប្រតិបត្តិការក្នុងការបង្រ្កាប បទល្មើស ផ្សេងៗ ពិសេសបទល្មើសបង្រ្កាបបញ្ហាគ្រឿងញៀននៅតាមព្រំដែនកម្ពុជា-ថៃឱ្យកាន់ខ្លាំងបន្ថែមទៀត ដើម្បីរក្សាសន្តិសុខនៅតាមព្រំដែន និងជំរុញ ដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។
ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សា ការងាររវាងរដ្ឋបាលខេត្តបាត់ដំបង និងគណៈប្រតិភូខេត្តចន្ទបុរី នៅក្នុង ទឹកដីកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោក មន្ដសិទ្ធិ៍ ផៃសានធនវ័ត្ន អភិបាលខេត្តចន្ទបុរី នៃព្រះរាជាណាចក្រថៃ បានឱ្យដឹងថា គោលដៅនៃជំនួបនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការរវាង ខេត្ដ ទាំងពីរ (បាត់ដំបង-ចន្ទបុរី) ឱ្យកាន់តែតែជិតស្និទ្ធិបន្ថែមទៀត។ លោកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្តចន្ទបូរី នៅតែបន្តរក្សា គោល ជំហរកិច្ចសហការបែបនេះតទៅមុខទៀត ខណៈលោកក៏អះអាងថា អាជ្ញាធរ ខេត្តចន្ទបូរី នឹងបន្តជួយអន្តរាគមន៍ដល់ពលករកម្ពុជា ដែលបាននឹងកំពុង ធ្វើការងារនៅថៃ ពេលជួបនឹងបញ្ហាអ្វីផ្សេងៗ។
លោកថា៖«ហើយអាជ្ញាធរខេត្តចន្ទបូរី សន្យានឹងធ្វើកិច្ចប្រតិបត្តិការក្នុងការបង្រ្កាបបទល្មើស ផ្សេងៗនៅតាមព្រំដែន ក៏ ដូចជាបង្រ្កាបបញ្ហាគ្រឿងញៀនឆ្លងដែនផងដែរ»។
បន្ថែមពីនេះ លោកបានកោតសរសើរចំពោះកិច្ចការងារសំខាន់ៗទាំងអស់ របស់កម្ពុជា ដែលកំពុងមានការវិវឌ្ឍន៍រីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
ជុំវិញការលើកឡើងនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បាន ចាត់ទុកថា កិច្ចខិតខំប្រឹងប្រែងការងាររួមគ្នា ដើម្បីបង្កើនការយោគ យល់គ្នា និងមិត្តភាពរវាងខេត្តបាត់ដំបង និងខេត្តចន្ទបុរីនាពេលកន្លងមក បានជួយ ដល់កំណើនសេដ្ឋកិច្ចរបស ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនឱ្យមាន ការរីកចម្រើនជាបន្តបន្ទាប់ ហើយចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនថៃ។ ឯកឧត្តមបញ្ជាក់ថា តាមរយៈនេះ ខេត្តបាត់ដំបង និងបណ្តាខេត្ត ដែលជាប់ពំ្រដែនជាមួយគ្នា បានជំរុញកិច្ចសហប្រតិបត្តិការគ្នាលើគ្រប់វិស័យ ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
ឯកឧត្តមក៏បានចាត់ទុកថា កិច្ចជំនួបរវាងរដ្ឋបាលខេត្តបាត់ដំបង និងខេត្តច័ន្ទបុរី នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ នឹងបង្កើនកិច្ចសហប្រតិបត្តិការទំនាក់ទំនងការងារកាន់តែល្អជិតស្និទ្ធជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើន ដោយឈរលើមូលដ្ឋានស្មើភាពគ្នា និងអត្ថប្រយោជន៍រួមគ្នា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងតាមលក្ខខណ្ឌច្បាប់ លិខិតបទដ្ឋានរបស់ប្រទេសនៃភាគីទាំងពីរ។
បើតាមរបាយការណ៍លើការងារសន្តិសុខ សុត្ថិភាពសាធារណៈក្នុងរយៈពេល៥ឆ្នាំ (២០១៨-២០២២) របស់រដ្ឋបាលខេត្តបាត់ដំបងបានបង្ហាញថា បទល្មើសទូទៅកើតមានសរុប ៧៧៨ លើក ក្នុងនោះបទល្មើសឧក្រិដ្ឋ ១៧៣ លើក និងបទល្មើសមជ្ឈិម ៦០៥ លើម ដែលក្នុងនោះបង្ក្រាបបាន ៧២៧ ករណី (ស្មើនឹង៩៤,៧៣ភាគរយ) ឃាត់ខ្លួន ១០២១ នាក់។ អាជ្ញាធរ ក៏បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣ ៦៩៨ ករណី ឃាត់ខ្លួន ៦ ០២០ នាក់។
ពាក់ព័ន្ធបញ្ហានេះដែររដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង កន្លងមកបានដាក់ចេញនូវផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែន ដោយផ្ដោតសំខាន់លើដោះស្រាយ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន ឱ្យស្ថិតក្នុងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមតំបន់ព្រំដែនឱ្យកាន់តែល្អប្រសើរឡើង ដោយរួមសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ បញ្ចៀសឱ្យបាននូវឥទ្ធិពលអវិជ្ជមាននានា បណ្ដាលមកពីគ្រឿងញៀនផងដែរ៕
ដោយ៖សែម ពិសី
