ត្រីបាឡែនងាប់ ជិត៥ម៉ែត្រ មួយក្បាលទៀតត្រូវបានបោកបក់មកឆ្នេរក្រុងញូវយ៉ក
ញូវយ៉ក៖ ត្រីបាឡែន ប្រវែងជិត៥ម៉ែត្រមួយក្បាល ត្រូវបានបោកបក់មកដល់ច្រាំង នៅឆ្នេរក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយគេដឹងថា ជាត្រីបាឡែនងាប់ទី១២ នៅតំបន់នោះ ចាប់តាំងចុងឆ្នាំ២០២២។
ត្រីបាឡែនងាប់ ប្រវែង ១៦ ហ្វីត ឬជិត៥ម៉ែត្រ មួយក្បាល បានបោកបក់មកច្រាំង នៅឆ្នេរ រ៉កអឹវ៉េ (Rockaway) ក្នុងសង្កាត់ ហ្វា រ៉ុកអឹវ៉េ (Far Rockaway) នៃសង្កាត់ ឃ្វីនស៍ (Queens) នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ។
បច្ចុប្បន្ន ត្រីបាឡែនកំពុងត្រូវបានពិនិត្យ ដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) និង ការិយាល័យជលផលតំបន់មហាសមុទ្រអាត្លង់ទិក ដើម្បីកំណត់ប្រភេទរបស់វា។ ត្រីបាឡែន ប្រភេទមិនទាន់ពេញវ័យ មួយក្បាលចុងក្រោយនេះ គឺជាត្រីបាឡែន ងាប់ទី១២ ដែលត្រូវបានបោកបក់មកលើឆ្នេរនៃទីក្រុង New York និង ញ៉ូវ ជេស៊ី (New Jersey) ចាប់តាំងពីថ្ងៃទី ១ ខែធ្នូ នេះបើយោងតាម NOAA ។
ប្រធានជាប់ឆ្នោតនៃជនជាតិ អ៊ុនគេឆ័ក (Unkechaug) លោក ហារី វ៉ាឡេស (Harry Wallace)បានធ្វើពិធីរំលឹកខួបត្រីបាឡែនជនជាតិដើមអាមេរិក នាពេលនោះ។
លោកបានថ្លែងថា៖ «យើងមានទំនាក់ទំនងកតិកាសញ្ញាពិសេស ជាមួយនឹងសាច់ញាតិទាំងនេះ។ “នៅពេលយើងមកទីនេះ យើងព្យាយាមផ្តល់ការបញ្ចុះសពដ៏ពិសិដ្ឋ ក្នុងរបៀបមួយដែលផ្តល់កិត្តិយសដល់ជីវិតរបស់ពួកគេ និងផ្តល់កិត្តិយសដល់ទំនាក់ទំនងដែលយើងមាន ក្នុងនាមជាមនុស្សដើម ជាមួយសាច់ញាតិរបស់យើងនៅទីនេះ”៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត