កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម
ភ្នំពេញ ៖ នៅអគ្គនាយកដ្ឋានកសិកម្ម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានគូសបញ្ជាក់ថា តាមរយៈការអនុវត្តកម្មវិធីការងាររយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយមានការណែនាំតម្រង់ទិសពីសំណាក់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ មន្ទីរកសិកម្ម រាជធានី-ខេត្ត ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន អាជ្ញាធរមូលដ្ឋាន និងសហគមន៍កសិកម្ម អគ្គនាយកដ្ឋានកសិកម្ម បានអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដែលសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្ដម តូច ប៊ុនហួរ បញ្ជាក់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រោមការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំ និងតម្រង់ទិសរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករទូទាំងប្រទេស គួបផ្សំនឹងការរួមចំណែកពីដៃគូអភិវឌ្ឍន៍ បានធ្វើឱ្យផលិតកម្មដំណាំកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ទោះបីជាប្រជាកសិករបានជួបប្រទះគ្រោះធម្មជាតិ ដែលធ្វើឱ្យដំណាំកសិកម្មមួយចំនួនរងផលប៉ះពាល់ និងខូចខាត ដោយជួបវិបត្តិសាកលដែលបណ្តាលឱ្យពួកគាត់បន្ថយការប្រើប្រាស់ធាតុចូល ក៏ស្ថានភាពផលិតកម្មដំណាំកសិកម្មជារួម នៅរក្សាស្ថិរភាពបានល្អប្រសើរនៅទូទាំងប្រទេស។ ជាក់ស្តែង ក្នុង ផលិតកម្មដំណាំឆ្នាំ២០២២ ទទួលបានសរុបចំនួន ៣៤,៧១លានតោន ថយចុះចំនួន ១,០២លានតោនស្មើនឹង ២,៨៥% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះដំណាំស្រូវមានចំនួន ១១,៦២លានតោន ដំណាំសាកវប្បកម្មមានចំនួន ៤,៤២លានតោន និងដំណាំឧស្សាហកម្មមានចំនួន ១៨,៦៧លានតោន។ ដោយឡែក ការនាំចេញកសិផលមានវិញ្ញាបនបត្រ សម្រេចបានចំនួន ៨ ៦១៣ ១៤៤តោន កើនឡើង ៧,៨៨% ធៀបនឹងឆ្នាំ២០២១ ៕ សេឌី