ផ្ទុះបាតុកម្មសម្រុកចូលដល់សភា ប្រឆាំងរដ្ឋាភិបាល នៅប្រទេសស៊ូរីណាម
ប៉ារ៉ាម៉ារីបូ៖ បាតុករប៉ះទង្គិចជាមួយប៉ូលិស នៅប្រទេស ស៊ូរីណាម បន្ទាប់ពីមានការសម្រុកចូលទៅក្នុងរដ្ឋសភា នារដ្ឋធានីប៉ារ៉ាម៉ារីបូ។
ក្រុមបាតុកររាប់សិបនាក់បានបង្ខំចិត្តសម្រុកចូលទៅក្នុងសភា នៅប្រទេស ស៊ូរីណាម (Suriname) ខណៈដែលរាប់រយនាក់ទៀត បានធ្វើសកម្មភាពតវ៉ាឆ្លងកាត់រដ្ឋធានី ប៉ារ៉ាម៉ារីបូ (Paramaribo) កាលពីថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ដោយប៉ះទង្គិចជាមួយប៉ូលិស ខណៈដែលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបានធ្លាក់ចូលទៅក្នុងភាពវឹកវរ។
មនុស្សរាប់ពាន់នាក់បានដើរតាមដងផ្លូវនៃរដ្ឋធានី ប៉ារ៉ាម៉ារីបូ នៃប្រទេសស្ថិតភាគខាងជើង ស្ថិតក្នុងទ្វីបអាមេរិកខាត្បូងមួយនេះ ដោយក្នុងនោះ ជាទម្រង់បាតុកម្មសន្តិវិធី ក្នុងគោលបំនងប្រឆាំងនឹងវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាល រួមទាំងការលុបបំបាត់ការឧបត្ថម្ភធន ប្រឆាំងនឹងផ្ទៃខាងក្រោយនៃអតិផរណាខ្ពស់។
សាក្សី មកពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ (Reuters) ម្នាក់បាននិយាយថា ដំបូងឡើយ សន្តិវិធីទេ ប៉ុន្តែការតវ៉ាបានប្រែទៅជាអាក្រក់នៅពេលដែលក្រុមបាតុករគប់ដុំថ្ម និងដបដាក់ប៉ូលីសបានសម្រុកចូលបរិវេណសភា ដោយអ្នកខ្លះបានចូលទៅក្នុងអគារ មុនពេលត្រូវបានបង្ខំឱ្យត្រឡប់មកវិញ ហើយប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាថ្នូរ។
ខ្សែវីដេអូដែលទទួលបានដោយ រ៉យទ័រ បង្ហាញពីពេលដែលក្រុមបាតុកររត់ចេញពីការបាញ់ប្រហារ និងឧស្ម័នបង្ហូរទឹកភ្នែក នៅពេលនោះហើយ ដែលការប្រមូលផ្តុំបានរលត់ទៅវិញ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

