ព្រះមហាក្សត្រកម្ពុជា អំពាវនាវអ្នកមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវអ្នកមានសិទ្ធិបោះឆ្នោតទាំងអស់ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ។ នេះបើយោងតាមព្រះរាជសារផ្ញើជូនជនរួមជាតិ ដែលបានធ្វើនៅព្រះបរមរាជវាំង នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ និងទើបចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងព្រះរាជសារព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវជាឱឡារិក ជូនជនរួមជាតិអ្នក មានសិទ្ធិបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសរើសអ្នកដឹកនាំ ប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។

ការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ ២០២៣ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាម កំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ ។

ព្រះករុណា ព្រះមហាក្សត្រ សូមអោយជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី ។ សូម ជនរួមជាតិទាំងអស់ ប្រកបតែនឹងព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងមេត្តាទទួលនូវសេចក្ដីគោរពស្នេហាដ៏ជ្រាលជ្រៅជាទីបំផុតអំពីខ្ញុំ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner