ចៃកា គាំទ្រក្រសួងសាធារណការជួយបណ្តុះបណ្តាល និង ផ្សព្វផ្សាយ ពី ការងារដឹកជញ្ជូនទំនិញគ្រោះថ្នាក់នៅកម្ពុជា
ភ្នំពេញ៖ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនឬ ចៃកា (JICA) បានសហការនិងឧបត្ថម្ភគាំទ្រដល់ក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលស្តីពីការដឹកជញ្ជូនទំនិញគ្រោះថ្នាក់តាមផ្លូវគោក ដល់មន្រ្តីមនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកចំនួន១៦ ក្នុងគោលដៅ បញ្ជ្រាបការយល់ដឹងឱ្យកាន់តែច្បាស់បន្ថែម ចំពោះការដឹកជញ្ជូន ទំនិញ គ្រោះថ្នាក់នានា នៅក្នុងប្រទេសកម្ពុជា។ការបណ្តុះបណ្តាល នេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី១៣ ដល់១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងថា ក្រសួងពិតជាអរគុណចំពោះ វត្តមានរបស់ លោក បណ្ឌិត PONGNARIN PETCHU អ្នកជំនាញ និងផ្តល់ប្រឹក្សា យោបល់អន្តរជាតិស្តីពីការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ ដែលជាគ្រូ បង្គោល មានកម្រិតទទួលស្គាល់ជាអន្តរជាតិ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃក្នុងការបណ្តុះបណ្តាលមន្រ្តីក្រោមឱវាទក្រសួង ឱ្យក្លាយជាជនបង្គោលសម្រាប់ការបណ្តុះបណ្តាលបន្ត។ ចំណេះដឹង និងបច្ចេកទេស ដែលមន្រ្តី បានសិក្សាពីគ្រូបង្គោលនាពេល អាចទៅ បំពេញការងារប្រកបដោយប្រសិទ្ធភាព។ម្យ៉ាងវិញទៀត មន្រ្តីដែល បានទទួលការបណ្តុះបណ្តាល ក៏ត្រូវខិតខំស្វែងយល់បន្ថែម ដើម្បីចែក រំលែកចំណេះដឹងបន្តដល់មន្រ្តីក្នុងអង្គភាព និងស្ថាប័នឯកជនពាក់ព័ន្ធ ផងដែរ។
ឯកឧត្តមបញ្ជាក់ដូច្នេះថា៖« យើងពិតជាអរគុណណាស់ ចំពោះចៃកា ដែលតំណាងដោយលោក Kobayashi ប្រធានក្រុមអ្នកជំនាញ ការ ជប៉ុន នៃគម្រោងភស្តុភារកម្មកម្ពុជាជំហានទី២ (CLIP2) ដែលបាន ផ្តល់ ថវិកាទ្រទ្រង់ និងសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោក ក្នុងការរៀបចំសិក្ខាសាលាបណ្តាល និងផ្សព្វផ្សាយ ការងារ ដឹកជញ្ជូនទំនិញគ្រោះថ្នាក់នេះឡើង»។
ឯកឧត្តម វ៉ាស៊ឹម សុរិយា និងតំណាងចៃកា បានស្នើឱ្យសិក្ខាកាម ទាំង អស់បន្តចូលរួមពិភាក្សា និងជំរុញបញ្ចប់ការរៀបចំ ប្រកាស ក្រសួងស្តីពីការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ ការជំរុញអនុវត្ត ប្រកាស ស្តីពីការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ដើម្បីចូលរួមចុះបញ្ជី គ្រប់គ្រងយាន យន្ត ដឹកជញ្ជូនទំនិញគ្រោះថ្នាក់ និងអភិវឌ្ឍវិស័យដឹកជញ្ជូនជាទូទៅ និងត្រៀមចូលរួមពិភាក្សាផ្តល់យោបល់ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីទំនិញគ្រោះថ្នាក់ដែលដឹកនាំដោយក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្ត នាពេលខាងមុខ។
សូមជម្រាបថា បណ្តុះបណ្តាលស្តីពីការដឹកជញ្ជូនទំនិញគ្រោះថ្នាក់ បានចែករំលែកពីការស្វែងយល់អំពីកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនទំនិញគ្រោះ ថ្នាក់អន្តរជាតិតាមផ្លូវគោក ដែលក្នុងនោះរួមមាន៖ ទី១ និយមន័យការបែងចែកក្រុមទំនិញគ្រោះថ្នាក់ និង ការប្រើប្រាស់តារាង ទំនិញគ្រោះថ្នាក់ ,ទី២ ប្រព័ន្ធនៃការវេចខ្ចប់( កញ្ចប់ស៊ីទែន) ប្រភេទ រថយន្តសម្រាប់ដឹក និងបរិក្ខារ ,ទី៣ ការដាក់ស្លាកសញ្ញាសម្គាល់ ទំនិញ គ្រោះថ្នាក់, ទី៤ ឯកសារចាំបាច់ផ្សេងៗសម្រាប់ការដឹក ទំនិញគ្រោះថ្នាក់ និងទី៥ប្រតិបត្តិការ/វិធានពិសេសៗទាក់ទង នឹង ការដឹកជញ្ជូននិងការលើកលែងលើការដឹកជញ្ជូនទំនិញគ្រោះថ្នាក់។វគ្គបណ្តុះបណ្តាលនេះ បានតម្រូវឱ្យសិក្ខាកាមទាំងអស់ចុះធ្វើ កម្មសិក្សា នៅក្រុមហ៊ុនដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញ គ្រោះថ្នាក់ផងដែរ៕
ដោយ៖វណ្ណ សុជាតា