លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា វត្តមានមន្ទីរពេទ្យឯកជន គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីលើកកម្ពស់ប្រព័ន្ធសុខាភិបាលនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង

ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា វត្តមានមន្ទីរពេទ្យឯកជន គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីលើកកម្ពស់ប្រព័ន្ធសុខាភិបាលនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ក៏ដូចជាឆ្លើយតបនឹងតម្រូវការបស់ប្រជាជន ចំពោះសេវាថែទាំសុខភាព ។ នេះជាការលើកឡើងក្នុងឱកាសអញ្ជើញសម្ពោធឲ្យដំណើរការមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានទីតាំងនៅអាគារលេខ៤៩ ផ្លូវ ៣៦៨ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដែលបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់ស្ថាបនិក ៣រូប រួមមានលោកវេជ្ជបណ្ឌិត វ៉ាន សុខជា, លោកវេជ្ជបណ្ឌិត អ៊ុន យូ និងលោក Tommy Sim ។

លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិនៃមន្ទីរពេទ្យខាងលើ បានបញ្ជាក់ថា ម៉ាក់ស៊ីឃែរបានចុះបញ្ជីរការ និងទទួលលិខិតអនុញ្ញាតិឲ្យបើកដំណើរការក្នុងនាមជាមន្ទីរសម្រាកព្យបាលរោគកុមារ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ រយៈពេល ២ឆ្នាំដំបូង ម៉ាក់ស៊ីឃែរ បានដំណើរការផ្ដល់សេវាកម្មនៅអាគារកម្ពស់ ៧ជាន់ប៉ុណ្ណោះ តែដោយមានការគាំទ្រដ៏ច្រើន រហូតខ្វះបន្ទប់ និងគ្រែផង គណៈគ្រប់គ្រងក៏សម្រេចសាងសង់អាគារថ្មីភ្ជាប់ជាមួយអាគារចាស់កម្ពស់ ១០ជាន់ លើផ្ទៃដី ១,៩៧៩ម៉ែត្រការ៉េ ជាមួយទុនវិនិយោគចំនួន ៥,៦៩លានដុល្លារ និងបានពង្រីកខ្លួនទៅជាមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ។

មន្ទីរពេទ្យនេះ បានបំពាក់នូវសម្ភារបរិក្ខាទំនើបៗ ដែលភាគច្រើននាំចូលមកពីប្រទេសជប៉ុន ដើម្បីធ្វើឲ្យការពិនិត្យ ធ្វើរោគវិន័ច្ឆ័យ និងព្យាបាលមានភាពជាក់លាក់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីផ្ដល់នូវសេវាថែទាំសុខភាពដល់កុមារទូទៅ ២៤ម៉ោង លើ ២៤ម៉ោង ។ លោកបន្ដថា «យើងខ្ញុំមានទស្សនៈវិស័យចង់ក្លាយជាមន្ទីរពេទ្យកុមារឯកទេសរោគកុមារមួយឈានមុខគេនៅកម្ពុជា ដែលទទួលបានការជឿទុកចិត្តពីប្រជាជនទូទៅលើសេវាកម្មព្យាបាលរោគកុមារ ប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ប្រសិទ្ធភាព និងប្រសិទ្ធផល» ។

ស្ថានិកមន្ទីរពេទ្យដដែលបន្ដថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ នឹងចូលរួមរួមចំណែកធ្វើឲ្យវិស័យសុខាភិបាលនៅកម្ពុជាកាន់តែរីកចម្រើន ដែលជាទំនុកចិត្តដល់ប្រជាជន ក្នុងការប្រើប្រាស់សេវាកម្មសុខភាពនៅក្នុងស្រុក និងអាចកាត់បន្ថយការចាកចេញទៅប្រើប្រាស់សេវាកម្មសុខភាពនៅក្រៅប្រទេស ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកំពុងធ្វើឲ្យការអភិវឌ្ឍន៍លើគ្រប់វិស័យ និងជាទំនុកចិត្តសម្រាប់ប្រជាជាតិកម្ពុជា» ។

បន្ថែមលើនេះ លោក Tommy Sim ក្នុងនាមស្ថាបនិកមួយរូប លោកបានក្រើនរំលឹក និងជំរុញឲ្យបុគ្គលិកទាំងអស់ នៅក្នុងមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ត្រូវយកចិត្តទុកដាក់ និងអភិវឌ្ឍន៍ជំនាញរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងទស្សនៈវិស័យវែងឆ្ងាយរបស់មន្ទីរពេទ្យ ដើម្បីពង្រីកសាខាជាបន្ដបន្ទាប់នាថ្ងៃអនាគត សម្រាប់ចូលរួមបម្រើ និងផ្ដល់នូវសេវាកម្មសុខភាពប្រកបដោយគុណភាពខ្ពស់ ដល់កុមារទូទៅ មិនថាតែកុមារកម្ពុជាឡើយ ។

លោកជំទាវ ឱ វណ្ណឌីន បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ដែលបានខិតខំប្រែងផ្ដល់សេវាកម្មសុខភាពដល់កុមារកម្ពុជា ហើយបានអភិវឌ្ឍន៍ខ្លួនពីគ្លីនិកឯកជន ទៅជាមន្ទីរពេទ្យកុមារឯកជនមួយ ក្នុងរយៈពេល ៤ឆ្នាំ ។

លោកជំទាវរដ្ឋលេខាធិការក្រសួងក្រសុខាភិបាល មានសុទិដ្ឋិនិយមថា «វត្តមានរបស់មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ នឹងជួយសង្គ្រោះ ព្យាបាលថែទាំសុខភាពកុមារកម្ពុជាពោរពេញទៅដោយប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងទទួលបានការជឿទុកចិត្តពីប្រជាជន ហើយក៏នឹងអាចជួយជំរុញឲ្យវិស័យសុខាភិបាលនៅកម្ពុជាកាន់តែរីកចម្រើនទៅមុខ ដើម្បីជាប្រយោជន៍រួមដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា» ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner