ធនាគារហត្ថា បានចាត់ទុកឆ្នាំ២០២៣ គឺជា”ការពង្រីកនូវអាជីវកម្មប្រកបដោយគុណភាព” របស់ខ្លួន

ភ្នំពេញ ៖ ថ្លែងនៅក្នុងកម្មវិធី នៃមហាសន្និបាត លើកទី២៥ របស់ធនាគារហត្ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ”ការពង្រីកអាជីវកម្មប្រកបដោយគុណភាព”ដែលបានប្រព្រឹត្តទៅ នៅសាលមហោស្រពស្ទឹងសង្កែ លោក ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារហត្ថា មានប្រសាសន៍ថា៖ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលមហាគ្រួសារធនាគារហត្ថា សម្រេចបាន ក្នុងឆ្នាំ២០២២ កន្លងទៅ ក្នុងការដាក់ចេញនូវផលិតផលថ្មីៗ ដើម្បីបម្រើនិងបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជន ។

ឧកញ៉ា ហួត អៀងតុង បន្តថា ការបង្កើននូវគុណភាពផលិតផល ដែលមានស្រាប់ ព្រមទាំងការពង្រីកវិសាលភាពនៃបណ្ដាញដៃគូពាណិជ្ជករ KHQR ទូទាំងប្រទេស ក្នុងការបន្តសហការជាមួយដៃគូអាជីវកម្ម និងពិសេសបំផុតគឺការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាថ្មីៗដូចជាកម្មវិធី Hattha Mobile ជំនាន់ទី៣ ជាដើម ដែលជាការបោះជំហានផ្នែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍ ក្នុងការជំរុញឱ្យសេវាកម្មធនាគាររបស់យើងកាន់តែមានភាពរស់រវើក ទំនើបនិងរហ័ស ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ របស់ អតិថិជន ប្រកបដោយប្រសិទ្ធភាព និងជាទីគាប់ចិត្តបំផុត។

លោក ឧកញ៉ា ហួត អៀងតុង បន្តថា៖ តាមរយៈសមិទ្ធផលដែលធនាគារហត្ថាសម្រេចបាននៅឆ្នាំ២០២២និងដៅផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣ និង «ឆ្នាំ២០២២កន្លងមកនេះ ចាត់ទុកថា៖គឺជាឆ្នាំដែលប្រកបដោយភាពតានតឹងមួយក្នុងដំណើរការអាជីវកម្មរបស់ធនាគារហត្ថា ហើយក៏ជាឆ្នាំ ដែលទទួលបានបទពិសោធល្អៗជាច្រើន ដែលផ្ដល់នូវមេរៀននិងនវានុវត្តន៍ថ្មីៗ ដើម្បីបន្តពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនដើម្បីឆ្ពោះទៅរកភាពថ្កុំថ្កើងនិងចីរភាពប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរនិងកិត្យានុភាព»៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner