កម្លាំងជំនាញ បើកប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ
ភ្នំពេញ៖ក្រុមការងារអន្តរក្រសួង ដែលមានអង្គភាពស៊ីម៉ាក់ (CMAC) និងបញ្ជាការដ្ឋានទ័ពពិសេស នៅថ្ងៃទី១៧ខែកុម្ភៈ បានបើកកិច្ច ប្រតិបត្តិ ការ បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងទន្លេ នៅការដ្ឋានទី១ កោះពាមរាំង នៅស្រុកលើកដែក នៅខេត្តកណ្តាល។

ក្នុងពីធីជួបសំណេះសំណាល និងប្រកាសបើកកិច្ចប្រតិបត្តិការបោស សម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងស្រង់នាវាលិចក្នុងទន្លេ រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ឯកឧត្តម នាង ផាត បានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ កម្លាំង ប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់ និងកម្លាំងរបស់បញ្ជាការដ្ឋានទ័ព ពិសេស ដែលចូលរួមកិច្ចការបោសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ជាមួយគ្នានោះ ឯកឧត្តមក៏បានផ្តាំផ្ញើកម្លាំងជំនាញត្រូវគោរពម៉ឺងម៉ាត់ នូវបទបញ្ជា មានវិន័យ សាមគ្គីភាពល្អ និងខិតខំ យកចិត្ដទុកដាក់ បំពេញ ការងារនេះប្រកបដោយឆន្ទៈមោះមុត តាមជំនាញ ឱ្យបានត្រឹមត្រូវ និងសម្រេចជោគជ័យជូនជាតិមាតុភូមិ ។
សូមជម្រាបថា ចំពោះកិច្ចប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិន ទាន់ផ្ទុះនិងស្រង់នាវាលិចក្នុងទន្លេនេះ ក្រុមការងារអន្តរក្រសួង ដែលមានអង្គភាពស៊ីម៉ាក់ និងបញ្ជាការដ្ឋានទ័ពពិសេសជាអ្នកអនុវត្ត មានផែនការបោសសម្អាតផ្ទៃដីដែលបានកំណត់នូវទំហំប្រមាណជាង៣០០ហិកតា ។ ក្នុងទំហំប្រមាណជាង ៣០០ហិកតានេះ បានបែងចែកជាបី(៣)ផ្នែកគឺ ផ្នែកទី១ ជាតំបន់ដីគោក ផ្នែកទី២ ជាតំបន់ដែលមានហានិភ័យទៀប ផ្នែកទី៣ ជាតំបន់ដែលមាន ហានិភ័យ ខ្ពស់ ដែលនិងប្រើរយះពេល១៨ខែ ក្នុងកិច្ចប្រតិបត្តិការនេះ។

សូមបញ្ជាក់ថា កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ នៅការដ្ឋានកោះពាមរាំង កន្លងមកនេះ ក្រុមការងារអន្ដរក្រសួងមានអង្គភាពស៊ីម៉ាក់ និងមាន ការចូលរួម កម្លាំងរបស់អង្គភាពទ័ពពិសេស បានចាប់ផ្តើមកិច្ច ប្រតិបត្តិការចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយមានតែ ម៉ាស៊ីនបូមខ្សាច់អ៊ូតូច ហើយបានរកឃើញនូវគ្រាប់យុទ្ធភណ្ឌមិន ទាន់ផ្ទុះ និងមីន សរុប មានទំងន់ ៣៨,៥៦៧ គីឡូក្រាម។ ក្នុងនោះរួម មាន មីន ចំនួន ៣៦គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២,៦៧១គ្រាប់ និងកាំភ្លើងធុនស្រាល ចំនួន ០២ដើម បំណែកដែកទំងន់ ៦,៦១៣គីឡូក្រាម៕
ដោយ៖ឡាយ សាមាន
