អភិបាលខេត្តណែនាំពលរដ្ឋថែរក្សាសុខភាព ជាពិសេសស្រ្តីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់

អត្ថបទដោយ៖
CPA

ព្រះសីហនុ: ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាលខេត្តនេះឯកឧត្តម
គួច ចំរើន បានណែនាំឱ្យពលរដ្ឋថែទាំសុខភាព ជាពិសេសស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាព ឱ្យបានទៀងទាត់ ដើម្បីសុវត្ថិភាពមាតា និងទារក និងចូលរួមកាត់បន្ថយអត្រាមរណមាតានិងទារក។

ការណែនាំនេះត្រូវបានធ្វើឡើងនាឱកាសឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមកម្មវិធី ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ» ។ កម្មវិធីនេះរៀបចំឡើង នៅថ្ងៃទី ១៨ ខែកុម្ភៈ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូច និងកុមារកំព្រា ចាស់ជរា និងអ្នកផ្ទុកមេរោគអេដស៍មកពី ៤ឃុំ ចំនួន ២៤០នាក់។

នាពិធីនេះឯកឧត្តម គួច ចំរើន បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខរបស់ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍នៅក្នុងស្រុកស្ទឹងហាវ ព្រមទាំងបានអានសារលិខិតទាក់ទងទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ឆ្នាំ២០២៣ ផងដែរ។

សារលិខិតរបស់កាកបាទក្រហមកម្ពុជា ផ្តោតសំខាន់ការរៀបចំផែនការសកម្មភាព ស្តីពីការថែទាំសុខភាពមាតា និងទារក ហើយចំពោះបងប្អូនមានឯកសារក្នុងដៃមានសារៈប្រយោជន៍ មានការយល់ដឹងពីរបៀបរបបថែទាំសុខភាពមាតា និងទារក អ្វីដែលយើងចង់បាន គឺសុខភាពមាតា និងទារកឱ្យមានសុខភាពល្អ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា កន្លងមកថ្នាក់ជាតិ និងថ្នាក់ក្រោមបានធ្វើការផ្សព្វផ្សាយស្តីពីសុខភាពមាតា និងទារក ធ្វើឱ្យអត្រាមរណមានការថយចុះ ដូច្នេះស្ថាប័នពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយបញ្ហានានាជាមួយដៃគូ ខណៈលោកថាពលរដ្ឋខ្លួនឯងក៏ត្រូវចេះថែទាំសុខភាពផងដែរ។ លោកថា៖«ដូច្នេះប្រជាពលរដ្ឋត្រូវតែម្ចាស់ការថែទាំសុខភាពតម្រូវធ្វើផែនការជាក់លាក់ មានដូចជា ការពន្យាកំណើតជាដើម ទន្ទឹមនោះត្រូវទៅពិនិត្យផ្ទៃពោះឱ្យបាន ៤ដងមុនពេលឆ្លងទន្លេ ត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីសុវត្ថិភាពមាតា និងទារក ហើយក្រុមគ្រូពេទ្យរបស់យើងនៅចាំជួយបងប្អូនទៅពិនិត្យសុខភាពឱ្យបានទៀងទាត់»។
ក្នុងឱកាសនោះ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនស្រ្តីមានផ្ទៃពោះ ស្ត្រីមានកូន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍មកពី ៤ឃុំ ក្នុងស្រុកស្ទឹងហាវចំនួន ២៤០នាក់ ។ ក្នុងម្នាក់ៗទទួលបានអង្គរ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ឃីត១កញ្ចប់ (សារ៉ុង១ ក្រមា១ មុង១ ភួយ១) និងឃីតទារក១កញ្ចប់មានដូចជា (កន្សែងពោះគោធំ១ ខោទារក២សម្រាប់ ស្រោមដៃស្រោមជើង២គូរ ប្រេងខ្យល់១ដប ម្ស៉ៅ១កំប៉ុង សាប៊ូដុសខ្លួន១ដប សាប៊ូបោកគក់១កញ្ចប់ ខោទឹកនោម១កញ្ចប់ សម្រាប់ស្តី្កសម្រាលកូន និងមានផ្ទៃពោះ) និងនិងថវិកា ៥ម៉ឺនរៀល និងយុវជនកាកបាទក្រហម ២៦នាក់ ក្នុងម្នាក់១០ម៉ឺនរៀល។

សូមជម្រាបថា រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយលើកកម្ពស់ធនធានមនុស្សឱ្យមានចំណេះដឹង មានសុខភាពល្អ ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ទន្ទឹមនោះរាជរដ្ឋាភិបាលបានផ្តល់ប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ សម្រាប់បងប្អូនទៅពិនិត្យសុខភាពដោយមិនយកលុយ ហើយពេលបងប្អូនទៅពិនិត្យផ្ទៃពោះ ៤ ដងមុនពេលសម្រាល គ្រុមគ្រូពេទ្យពនឹងផ្តល់លុយដល់ម្តាយផងដែរ៕

ដោយ: ឡាយ សាមាន

ads banner