ដើម្បីកាត់បន្ថយការខ្ជះខ្ជាយធនធាន សិប្បកម្មមួយបានស្រាវជ្រាវផលិតចានបរិស្ថានចេញពីសសៃ ដើមចេក ដែលកសិករកាប់ចោល
ភ្នំពេញ:ដំណាំចេក ជាទូទៅនឹងត្រូវកសិករកាប់ចោលបន្ទាប់ពីផ្លែបានម្ដង ដោយសារតែមុននិងក្រោយ ចេកដែលបញ្ចេញផ្លែរួចហើយ នឹងត្រូវងាប់។ ម្លោះហើយ ចេកដែលត្រូវបានគេកាប់ចោលទាំងនោះ បានក្លាយទៅជាគំនរ ដោយមិនអាចយកទៅធ្វើអ្វីទៀតបាន។
ដោយមើលឃើញពីបញ្ហានេះ បុគ្គលិករបស់សហគ្រាសមួយ ដែលជាអតីតនិស្សិតផ្នែក វិស្វករជីវ សាស្ត្រ (Bio-engineer) បានសាកល្បងក្នុងការស្រាវជ្រាវមើលពីលទ្ធភាពដែលអាចកែច្នៃដើមចេក ទាំងនោះ ទៅជាផលិតផលណាមួយ។

ចាប់ផ្ដើមគម្រោងស្រាវជ្រាវក្នុងឆ្នាំ ២០២១ រហូតដល់ខែមិថុនា ឆ្នាំ ២០២២ ទើបគម្រោងនេះបាន លេចចេញជារូបរាង និងមានសិប្បកម្មក្នុងការផលិតសាកល្បង។ រីឯផលិតផលដែលសិប្បកម្មផលិត បាននោះគឺ ចានបរិស្ថាន។
បើតាមកញ្ញា សឿង ស្រីនិច ដែលជាអ្នកស្រាវជ្រាវនៅក្នុងគម្រោងនេះ និងជាបុគ្គលិកនៃក្រុមហ៊ុន Villageworks Cambodia បានឱ្យដឹងថា៖ «ដោយសារតែ ដើមចេកមានសារជាតិ Fiber ច្រើន អីចឹងហើយបើយើងយកទៅផលិតជាចានគឺវាស្វិតល្អ ហើយងាយ រលាយទៅក្នុងបរិស្ថានវិញ។»
សឿង ស្រីនិច បានឱ្យដឹងទៀតថា ក្រៅពីសសៃចេកទៅ យើងស្រាវជ្រាវឃើញ ប្រភេទវត្ថុធាតុដើម ផ្សេង ទៀត ប៉ុន្តែដោយមើលឃើញថាដើមចេកមានច្រើន ជាងគេ ទើបក្រុមរបស់កញ្ញា សម្រេចជ្រើសរើស យក ដើមចេកជាវត្ថុធាតុដើមតែម្ដង។

ដោយឡែក នៅក្នុងការផលិតចានបរិស្ថាននេះ ក្រុមហ៊ុនរបស់កញ្ញាបានបង្កើតបណ្ដាញទំនាក់ទំនង ជាមួយកសិករ និងសហគមន៍ដែលមានដាំចេកច្រើន ក្នុងការទិញយកដើមចេកពីពួកគេផងដែរ។ ក្នុងការទិញយកទៀតសោត ក្រុមហ៊ុនបានឱ្យតម្លៃចន្លោះពី ១ពាន់ ទៅ២ពាន់រៀលក្នុងមួយដើម ដែលវាបានផ្ដល់ប្រាក់ចំណេញខ្លះទៅដល់កសិករដែលជាអ្នកដាំផងដែរ។
តម្លៃប៉ុណ្ណេះ បើតាមកញ្ញា សឿង ស្រីនិច គឺមិនថ្លៃពេកទេ ពោលគឺកញ្ញាចាត់ទុកថាថ្លៃដើមទាប ដែលអាចឱ្យការលក់ផលិតផលចានបរិស្ថានចូលក្នុងទីផ្សារវិញ ក៏ស្ថិតក្នុងរង្វង់នៃតម្លៃសមរម្យមួយ ដែលប្រជាជនអាចទិញប្រើប្រាស់បាន។
នៅពេលប្រមូលបានដើមចេកពីកសិករហើយ កញ្ញា និងក្រុមការងារប្រមាណជា ១០នាក់ទៀត ចាប់ផ្ដើមបន្តការងារនៅក្នុងសិប្បកម្មដែលកញ្ញា សឿង ស្រីនិច បានរៀបរាប់យ៉ាងដូច្នេះថា៖ «ជំហានដំបូងយើងយកដើមចេក ដែលយើងកាប់ផ្លែវាហើយ ទៅដាក់ក្នុងម៉ាស៊ីនដើម្បី ដកយក សសៃចេក បន្ទាប់មកយើងកិនបំបែក ហើយសង្កត់យករូបរាងដែលយើងចង់បាន ជារូបរាងមូល ឬសំប៉ែតគឺស្រេចតែយើង ឬក៏យើងអាច ធ្វើជាក្រដាស់ក៏បានដែរ។»
កញ្ញាបានបញ្ជាក់ផងដែរថា ក្នុងមួយថ្ងៃ សិប្បកម្មរបស់ខ្លួនអាចមានលទ្ធភាពផលិតបានចានបរិស្ថាន ចន្លោះពី ២៥ ទៅ ៤០ចាន ដែលចំនួននេះនៅតិចតួច ព្រោះសិប្បកម្មកំពុងស្ថិតក្នុងទំហំតូចនៅ ឡើយ។ ប៉ុន្តែយ៉ាងណា បើតាមគម្រោងរបស់ក្រុមហ៊ុន Villageworks សិប្បកម្មមួយនេះនឹងត្រូវ ពង្រីកខ្លួនឆាប់ៗនាពេលខាងមុខ ដើម្បីឈានទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុកតែម្ដង។
បច្ចុប្បន្ន ផលិតផលដែលសិប្បកម្មផលិតបាន មិនទាន់សិក្សាកំណត់តម្លៃសម្រាប់លក់ចូលទីផ្សារ នៅឡើយទេ ដោយកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងគុណភាពរបស់ចានជាមុនសិន។
បើទោះជាផលិតផលសម្រេចមិនទាន់បានចាក់ចូលទៅក្នុងទីផ្សារក្ដី ប៉ុន្តែ គម្រោងមួយនេះ ត្រូវបាន ក្រសួងបរិស្ថាន ក៏ដូចជាអង្គការ UNDP គាំទ្រពេញទំហឹង ព្រោះវាជាចំណែកមួយក្នុងការកាត់បន្ថយ ការ ខ្ជះ ខ្ជាយធនធានរបស់កម្ពុជា។
សម្រាប់ជំហានបន្ទាប់ទៅទៀត សិប្បកម្មរបស់ក្រុមហ៊ុន Villageworks នឹងអាចមានលទ្ធភាពប្រមូល ទិញយកដើមចេកដែលប្រជាកសិករកាប់ចោល មកកែច្នៃបានចេញជាផលិតផលផ្សេងៗ ដើម្បីបម្រើ ការឱ្យការរស់នៅប្រចាំថ្ងៃ ជំនួសឱ្យផ្លាស្ទីក។ ម្យ៉ាងទៀត សិប្បកម្មក៏កំពុងពិនិត្យលើវត្ថុធាតុដើមពីរប្រ ភេទផ្សេងទៀតគឺ ក្រចៅ និងចំប៉ើង សម្រាប់យកមកផលិតចាន ដើម្បីទទួលបានភាពចម្រុះនៃផលិត ផល ទៅថ្ងៃអនាគត៕
ដោយ:កែវ បុស្បា