សម្តេចតេជោ ហ៊ុន សែន ដឹកនាំថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនជួបប្រជុំការងារជាមួយថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម

ភ្នំពេញ៖ ថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលនៃគណបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយ ឯកឧត្តម ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស បានជួបប្រជុំការងារនៅរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបសគណបក្សប្រជាជនកម្ពុជា បានបន្តថា កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនង នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំ ស្ថិរភាព យូរអង្វែងរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរបានធ្វើរបាយការណ៍ជូនគ្នាទៅវិញទៅមកអំពីស្ថានការណ៍របស់គណបក្ស និងប្រទេសនីមួយៗ ក៏ដូចជាធ្វើការផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងពិភពលោក ជាពិសេស លទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងគណបក្ស និងរដ្ឋនៃប្រទេសទាំងពីរនាពេលកន្លងមក និងបានដាក់ចេញទិសដៅកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត។

ភាគីទាំងពីបន្តបញ្ជាក់អំពីទំនាក់ទំនងជាប្រពៃណី មិត្តភាពយ៉ាងជិតស្និទ្ធ ការជួយគ្ន ទៅវិញទៅមករវាងកម្ពុជា-វៀតណាម ក៏ដូចជារវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុតស៊ូដើម្បីរំដោះជាតិ និងប្រជាជន ការពារ ឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ដែលមានការរីកចម្រើនស៊ីជម្រៅឥតឈប់ឈរ លើគ្រប់វិស័យ ព្រមទាំងបានជូនពរគ្នាទៅវិញទៅមកចំពោះសមិទ្ធផលដ៏មានសារៈសំខាន់គ្រប់វិស័យដែលប្រជាជននៃប្រទេសទាំងពីរសម្រេចបានក្នុងបេសកកម្មកសាង និងអភិវឌ្ឍន៍ជាតិ។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងកម្ពុជា- វៀតណាម ចំពោះសន្តិសុខ និងការអភិវឌ្ឍជាតិនៃប្រទេសនីមួយៗ ដើម្បីសន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រយោបល់គ្នាទៅវិញទៅមក និងឯកភាពបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងនយោបាយ រួមទាំងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើឱ្យបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនីមួយៗ។

ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាអាទិភាព ហើយក៏បានលើកឡើងនូវសំណូមពរ ដែលជាទិសដៅសម្រាប់គាំទ្រកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ប្រទេសទាំងពីរ។

ក្នុងបរិបទនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការបង្កើនថែមទៀតនូវស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើទំនាក់ទំនងនយោបាយ គឺជាសសរស្តម្ភដ៏មានសារៈសំខាន់បំផុត ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្ដិសុខ ការទូត វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និង បច្ចេកទេស ដោយផ្អែកលើសក្តានុពល ធនធាន និងចំណុចខ្លាំងរបស់ប្រទេសនីមួយៗ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពក្នុងការជំរុញថែមទៀត នូវទំនាក់ទំនងរវាងគណបក្ស រដ្ឋ សភា ក្រសួងស្ថាប័ន អង្គការមហាជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្តល់សារៈសំខាន់ចំពោះការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បី រៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងរួមចំណែកដល់ការពង្រឹងនិងពង្រីក ចំណងមិត្តភាពនៃប្រទេសទាំងពីរជាយូរអង្វែងតទៅ៕

ads banner