លោក ពូទីន និងប្រធានាធិបតីបេឡារូសពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ កិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបេឡារូស លោក អាឡិចសាន់ឌឺ លូកាសិនកូ បានធ្វើកិច្ចពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា រួមទាំងបញ្ហាសន្តិសុខ នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ ក្នុងពេលថ្មីៗនេះ។
លោក ពូទីន បាននិយាយនៅពេលគាត់ចាប់ផ្តើមកិច្ចប្រជុំជាមួយលោក លូកាសិនកូ ថា ដូចដែលយើងបានព្រមព្រៀងគ្នា… យើងនឹងលះបង់ពេលវេលាភាគច្រើន ដើម្បីរៀបចំសម្រាប់កិច្ចប្រជុំទូលំទូលាយជាមួយសហសេវិករដ្ឋាភិបាលរបស់យើង។ ហើយជាធម្មតា ពិភាក្សាអំពីទំនាក់ទំនងរបស់យើង ដែលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ រួមទាំងកិច្ចសហប្រតិបត្តិការយោធា ជាពិសេសគឺផ្នែកសេដ្ឋកិច្ច។
លោក ពូទីន បានលើកឡើងពីការបង្កើនពាណិជ្ជកម្មរវាងប្រជាជាតិនានា ដែលវាបានឈានដល់កំណត់ត្រាជាង៤៣ពាន់លានដុល្លារចាប់តាំងពីឆ្នាំមុន។ ហើយរឿងសំខាន់ដែលធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំង គឺថា យើងកំពុងពង្រឹងសមត្ថភាពនៅក្នុងផ្នែកនៃកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ដែលនេះជាអាទិភាពដំបូងបង្អស់។
ជាមួយគ្នានេះ លោក ពូទីន បានអរគុណចំពោះការខិតខំប្រឹងប្រែងដែលធ្វើឡើងដោយលោក លូកាសិនកូ ជាច្រើន សម្រាប់បេតិកភណ្ឌសូវៀតនៅក្នុងតំបន់ដែលត្រូវបានថែរក្សា ហើយបន្ទាប់មកត្រូវបានអភិវឌ្ឍជាវិជ្ជមាន។
អំឡុងជំនួបកាលពីថ្ងៃសុក្រ សប្តាហ៍នេះ នាឱកាសនោះដែរ មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ទៀតថា សក្តានុពលរបស់បេឡារូសកំពុងអភិវឌ្ឍយ៉ាងមានប្រសិទ្ធភាពនៅក្នុងវិស័យឧស្សាហកម្មមួយចំនួន ហើយយើងសង្ឃឹមថា វានឹងផ្តល់លទ្ធផលល្អសម្រាប់ទាំងបេឡារូស និងរុស្ស៊ី។ ចំណែក ការងារពង្រឹងរដ្ឋសហភាពក៏ជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបន្ថែមទៀតផងដែរ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ទីណា

