អនុប្រធានប្រចាំការ អនុគណៈកម្មការ ស៨.៣ ផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២២ ទិសដៅការងារឆ្នាំ២០២៣ គណៈកម្មការ ក២៦.១៣
ខេត្តព្រះវិហារ៖ លោក សោម ស៊ីម អនុប្រធានប្រចាំការ អនុគណៈកម្មការ ស៨.៣ និងជាប្រធានក្រុមជំនួយការ ស៨.៣ តំណាងឯកឧត្តម ច័ន្ទ សុខុន ប្រធានអនុគណៈកម្មការ ស៨.៣ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលការងារឆ្នាំ២០២២ ទិសដៅការងារឆ្នាំ២០២៣ គណៈកម្មការ ក២៦.១៣ ជូនដល់គណៈសាខា សាខា អនុសាខា និងក្រុម ឲ្យបានជ្រួតជ្រាប និងច្បាស់លាស់ពីការងារដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃ អាទិត្យ ទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមវត្តមានអញ្ជើញចូលរួម ពីប្រធានអនុប្រធាន និងសមាជិក គណៈសាខា ស៨.៣.២ និងប្រធានសាខា អនុសាខា ក្រុម និងសមាជិក ស៨.២ សរុបចំនួន ៦៤នាក់ ។
លោក វ៉ាត សាវ៉េត អនុប្រធានក្រុមជំនួយការ អនុគណៈកម្មការ ស៨.៣ បានផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងខ្លឹមសារសំខាន់ៗមួយចំនួន របស់មហា សន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងផែនការណែនាំឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
ជាមួយនេះផងដែរ លោក សោម ស៊ីម អនុប្រធានប្រចាំការ អនុគណៈកម្មការ ស៨.៣ បានអញ្ជើញសំណេះសំណាលនឹងបានណែនាំអំពីតួនាទីភារកិច្ច ដល់អស់លោកប្រធាន អនុប្រធាន គណៈសាខា ស៨.៣.២ និងប្រធានសាខា អនុសាខា ក្រុម និងសមាជិក ស៨.២ ដែលបានចូលរួមក្នុងពិធីនេះ ដោយត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងសមាជិកបក្ស នឹងត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងជាពិសេសប្រធានក្រុមបក្សនីមួយៗ ត្រូវមានភារកិច្ចដឹកនាំសមាជិករបស់ខ្លួនបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា ដោយអនុវត្តន៍ទិសដៅដោយ សមាជិកម្នាក់ បោះឆ្នោតជូនគណបក្សប្រជាជន មួយសន្លឹក។ ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្ត និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តវេនទៅថ្ងៃអនាគត៕ សួនលីណា