ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការថែរក្សាការពារសុខសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងតទៅអនាគត
ភ្នំពេញ៖ «គណបក្សប្រជាជនកម្ពុជាជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការថែរក្សាការពារសុខសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។ តួនាទីដ៏សំខាន់នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋបានផ្តល់ជូនគណបក្ស និងថ្នាក់ដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ត្រឹមត្រូវនិងយុត្តិធម៌»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការតៀមលក្ខណៈសម្រាប់ ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាខាងមុខ។ ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ដែលឯកឧត្តមអនុប្រធានក្រុមការងារបានគូសបញ្ជាក់ថាពិតជាមានសារៈសំខាន់បំផុត និងបានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាការគាំទ្ររបស់ប្រជាពលរដ្ឋ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅរាល់ការបោះឆ្នោតគឺកើតចេញពីអំពើល្អរបស់មន្ត្រីបក្សដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋគ្រប់ពេលវេលាដោយមិនខ្លាចនឿយហត់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានលះបង់អស់នូវកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ហា និងបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនកម្ពុជាចេញពី ភ្នក់ភ្លើងសង្គ្រាម និងឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងនៃរបបខ្មែរក្រហម បញ្ចប់សង្គ្រាមនិងនាំយកសុខសន្តិភាពពេញលេញតាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលធ្វើឱ្យកម្ពុជាមានឱកាសពេញលេញក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ។
ថ្នាក់ដឹកនាំ សមាជិកសមាជិកានៃក្រុមការងារចុះមូលដ្ឋានក្រុងបូកគោបានប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារដើម្បីឆ្ពោះទៅរកភាពជ័យជម្នះក្នុងការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ លោកឧកញ៉ា មាស ធំ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ បានជំរុញនិងលើកទឹកចិត្តដល់សមាជិកសមាជិកាក្រុមការងារបំពេញការងារឱ្យកាន់តែខ្លាំងដោយលោកបានលើកឡើងថា កត្តាសុខ សន្តិភាពបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសអភិវឌ្ឍប្រទេស និងទាក់ទាញវិនិយោគទុន បង្កើតការងារ និងផ្តល់ចំណូលជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានសម្តែងនូវការកោតសរសើរនិងថ្លែងអំណរគុណដល់សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោទាំងអស់ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋ និងបានអនុវត្តតាមសេចក្តីសម្រេចនានារបស់គណបក្សរហូតបានសម្រេច ជោគជ័យលើការបោះឆ្នោតដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារនិងសប្បុរសជនដែលបានចូលរួមចំណែកជាមួយគណបក្សប្រជាជនកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ៕