ក្រុមយុវជនសង្គមស៊ីវិលគាំទ្រចំណាត់ការរបស់ក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD

ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិលចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន ក្នុងការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (VOD) ដើម្បីផ្តល់ជាមេរៀន ដល់បណ្តាសារព័ត៌មានផ្សេងៗទៀត។ នេះប;យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់បណ្តាអង្គការសង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិ មេត្តារួមគ្នាបណ្តុះស្មារតីរួបរួមជាតិជាចម្បង ជាមួយនឹងមនសិការក្នុងការផ្សព្វផ្សាយ និងការសម្ដែងទស្សនៈជាតិនិយម ដោយមើលប្រទេសក្នុងគំនិត វិជ្ជមានដើម្បីយើងទាំងអស់គ្នាមានឱកាសរួមចំណែកជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនជឿនលឿន ជាជាងខិតខំប្រឹងប្រែង រិះរកវិធីនិយាយផ្សព្វផ្សាយបង្អាប់ប្រទេសខ្លួនឯង ក្នុងគោលបំណងប្រឆាំងការអភិវឌ្ឍប្រទេសជាតិ ដោយមិនគិតអំពីប្រយោជន៍ជាតិ មិនតែប៉ុណ្ណោះ អាចបង្កភាពអាម៉ាស់ដល់ប្រជាជាតិខ្លួនឯងទៅវិញ ថែមទាំងអាចផ្ដល់ឱកាសដល់ជនជ្រុលនិយមសម្រាប់ការប្រើប្រាស់រូបភាពធ្វើសកម្មភាពផ្សេងៗ ដើម្បីយកផលចំណេញនយោបាយប្រឆាំង។

ជាមួយគ្នានេះ ក្រុមយុវជនសង្គមស៊ីវិល បានគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន ក្នុងការសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី (VOD) ដើម្បីផ្តល់ជាមេរៀនដល់បណ្តាសារព័ត៌មានផ្សេងៗទៀត។ ករណីការផ្សព្វផ្សាយព័ត៌មានដោយគ្មានមូលដ្ឋាន និងឯកសារច្បាស់លាស់គឺ ជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់បណ្ដាសាធារណជន និងអ្នកវិនិយោគ ទាំងជាតិ និងអន្តរជាតិ (សារព័ត៌មានជាអំណាចទី៤)។

ក្រុមយុវជនសង្គមស៊ីវិលសង្ឃឹមថា បណ្តាសារព័ត៌មានសង្គមស៊ីវិលទាំងអស់ ត្រូវហ៊ានទទួលស្គាល់ការពិត និងមានទំនួលខុសត្រូវខ្ពស់ ក្នុងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងចៀសវាងការបំប៉ោងសមត្ថភាពខ្លួន បំភ្លៃការពិត ជ្រៀតជ្រែកការងារ បំផ្លាញគោល នយោបាយជាតិ ហើយបែរមកចូលរួមចំណែកក្នុងការបង្កើតអនុស្សាវរីយ៍ល្អៗ ដើម្បីបុព្វហេតុជាតិពិតប្រាកដសម្រាប់កូនចៅយើងជំនាន់ក្រោយ៕
ដោយ៖ពលជ័យ

ads banner