អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បើកសិក្ខាសាលាវគ្គបំប៉នគ្រូឧទ្ទេស ដល់ គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
ភ្នំពេញ៖ សិក្ខាកាមដែលជាគ្រូឧទ្ទេសនៃវិទ្យាសា្ថនជាតិអប់រំកាយ និងកីឡាត្រូវបានអង្គការបេះដូងមាសបើកសិក្ខាសាលាស្តីអំពីវគ្គបំប៉នគ្រូឧទ្ទេស ដើម្បីអភិវឌ្ឍសមត្ថភាពក្លាយជាគ្រូឧទ្ទេសសម្រាប់គ្រឹះស្ថានឧត្ដមសិក្សាពេលលេញ ស្របតាមចក្ខុវិស័យប្រែក្លាយពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបច្ចុប្បន្ន ទៅជាគ្រឹះស្ថានឧត្តមសិក្សានៅពេលខាងមុខ។
សិក្ខាសាលានេះធ្វើពិធីបើក ក្រោមវត្តមានលោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា និង លោក KAMEGAI EINOSUKE លេខាទី២នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក Tezuka Koji ប្រធានគម្រោងអភិវឌ្ឍន៍វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាឲ្យក្លាយជាគ្រឹះស្ថានឧត្ដមសិក្សានៃអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស បានបញ្ជាក់ថា សិក្ខាសាលាវគ្គបំប៉នគ្រូឧទ្ទេស ដែលអង្គការរៀបចំឡើងក្នុងរយៈពេល៣ថ្ងៃនេះ គឺជាសិក្ខាសាលាការបណ្តុះបណ្តាលចុងក្រោយនៃគម្រោងជំហានទី១ដែលមានរយៈ៣ឆ្នាំដំបូងក្នុងការជួយជ្រោមជ្រែងជំរុញឲ្យវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាក្លាយជាគ្រឹះស្ថានឧត្តមសិក្សាពេញលេញ ដើម្បីឲ្យថ្នាក់បរិញ្ញាបត្រអប់រំកាយ និងកីឡាមានស្តង់ដាមួយច្បាស់លាស់នៅកម្ពុជា។
ប្រធានគ្រប់គ្រងគម្រោងរូបនេះបានបញ្ជាក់ទៀតថា បន្ទាប់ពីគម្រោងជំហានទី១បញ្ចប់ទៅ គម្រោងបណ្តុះបណ្តាលជំហានទី២នឹងចាប់ផ្តើមអនុវត្តនាដើមខែ មិនា ឆ្នាំ២០២៣ខាងមុខនេះហើយ ខណៈដែលគម្រោងជំហានទី២ ទទួលបានការគាំទ្រពីស្ថានទូតជប៉ុនប្រចាំកម្ពុជាយ៉ាងពេញទំហឹង។ លោក សង្ឈឹមថា សិក្ខាកាមដែលជាគ្រូឧទ្ទេសបំរើការងារក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលនឹងវិវឌ្ឍន៍ខ្លួនទៅជាគ្រឹះស្ថានឧត្តមសិក្សានៅពេលខាងមុខ នឹងនាំយកនូវចំណេះជំនាញទទួលបានពីវគ្គបំប៉នដែលបណ្តុះបណ្តាលពីអង្គការបេះដូងមាសរយៈពេល៣ថ្ងៃយកទៅអនុវត្តក្នុងការបង្រៀនគរុសិស្ស-គរុនិស្សិត និងកិច្ចការងាររដ្ឋបាលផ្សេងៗប្រកបដោយប្រសិទ្ធិភាព។
លោក KAMEGAI EINOSUKE លេខាទូតទី២នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជប៉ុនរីករាយចូលរួមគាំទ្រក្នុងគម្រោងបណ្តុះបណ្តាលបន្តទៀត ដើម្បីបំពាក់បំប៉នជំនាញដែលអនុវត្តនៅក្នុងកម្មវិធីសិក្សាប្រទេសជប៉ុនផ្ទេរមកជូនគ្រូឧទ្ទេសក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីប្រែក្លាយវិទ្យាស្ថានទៅជាគ្រឹះស្ថានឧត្តមសិក្សាអប់រំកាយ និងកីឡា។
ឯកឧត្តម អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃ អគ្គនាយកដ្ឋានកីឡា បានជំរុញលើកទឹកចិត្តឲ្យសិក្ខាកាមដែលជាគ្រូឧទ្ទេសក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលបានចូលរួមការបណ្តុះបណ្តាលនេះ សូមយកចំណេះដឹងទៅអនុវត្តក្នុងកិច្ចការរដ្ឋបាល និងការបង្រៀនឲ្យបានប្រកបដោយប្រសិទ្ធិភាព ព្រោះគ្រូបង្រៀនមានភារៈកិច្ចចែករំលែកនូវចំណេះដឹងទាំងអស់នេះទៅដល់គរុនិស្សិត ហើយ គរុនិស្សិតយើងនឹងក្លាយជាគ្រូអប់រំកាយនៅតាមសាលារៀនដែលនឹងចែករំលែកដល់សិស្សានុសិស្សបន្តទៀត។
លោក ស្រី ហ៊ូ សិទ្ធិ សោភាល័យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាដែលបានចូលរួមសិក្ខាសាលាក្នុងគម្រោងជំហានទី១រយៈពេល ៣ឆ្នាំ បានលើកឡើថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបើតាមឈ្មោះវាជាគ្រឹះស្ថានឧត្តមសិក្សា ប៉ុន្តែផ្ទៃក្នុងនៃអង្គភាពមិនទាន់មានកម្រិតឧត្តមសិក្សាពេញលេញនៅឡើយទេ។ ដូច្នោះហើយ គុណភាពនៃការបង្រៀនរបស់គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា(វអក) នៅតែប្រើវិធីសាស្រ្តបង្រៀនពីមុន គឺការបង្រៀនបែបគ្រូបមជ្ឈមណ្ឌល(មានសកម្មភាពច្រើនជាងសិស្ស) ហើយមកដល់ពេលនេះយើងបានផ្លាស់ប្តូរនៃវិធីសាស្រ្តបង្រៀនតាមរយៈគម្រោងបណ្តុះបណ្តាលរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសដែលមានលំនាំស្តង់ដា និងវិធីសាស្រ្តបង្រៀននៅសាកលវិទ្យាកីឡានៃប្រទេសជប៉ុន។
សូមបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបានបញ្ចប់គ្រោងជំហានទី១របស់ខ្លួនក្នុងរយៈពេល៣ឆ្នាំលើគម្រោងបណ្តុះបណ្តាលគ្រូឧទ្ទេស ដើម្បីប្រែក្លាយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សានៅពេលខាងមុខ ហើយ គម្រោងជំហានទី២ នឹងចាប់ផ្តើមអនុវត្តនាដើម ខែមិនា ឆ្នាំ២០២៣ខាងមុខនេះ ៕ អត្ថបទ+រូប ៖ ជាវ ចន្ធូ