មេធំរបស់ហ្វេសប៊ុកប្រកាសប្រមូលលុយពីសេវា Meta Verified
អាមេរិក៖ មេធំរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ប្រកាសដាក់លក់សេវាកម្ម Meta Verified។ ការប្រកាសនេះ ធ្វើឡើងតាមរយៈគណនីផ្លូវការរបស់ Mark Zuckerbergកាល ពីយប់ថ្ងៃទី១៩ខែកុម្ភៈ ម៉ោងនៅកម្ពុជា។
លោក Mark Zuckerberg លើកឡើងថា ក្រុមហ៊ុនមេតានឹងដាក់ ឱ្យអ្នក ប្រើប្រាស់អាចទិញសេវាកម្ម Meta Verified ក្នុងតម្លៃចាប់ពី ១១,៩៩ដុល្លារ រហូតដល់ ១៤,៩៩ដុល្លារ។លោកបញ្ជាក់ថាអ្នកប្រើប្រាស់សេវានេះអាចទទួលបានកិច្ចការពារការក្លែងបន្លំ ព្រមទាំងទទួលបានការចូលប្រើដោយផ្ទាល់ទៅកាន់ផ្នែកជំនួយអតិថិជន។
លោក Mark Zuckerberg៖ «សប្តាហ៍នេះ យើងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ Meta Verified ដែលជាសេវាកម្មជាវដែលអនុញ្ញាតឱ្យអ្នកផ្ទៀងផ្ទាត់ គណនីរបស់អ្នកអត្តសញ្ញាណបណ្ណ ហើយទទួលបានផ្លាកសញ្ញាពណ៌ខៀវ» ។
លោកបន្ថែមថា សេវាកម្មថ្មីដើម្បីប្រមូលលុយពីអ្នកប្រើប្រាស់នេះនឹងចាប់ ផ្ដើមដំបូងនៅប្រទេសអូស្ត្រាលីនិងណូវែលសេឡង់ ហើយនឹងពង្រីក ទៅកាន់ប្រទេសដ៏ទៃទៀត។
លោកMark Zuckerberg៖«មុខងារថ្មីនេះគឺអំពីការបង្កើនភាពត្រឹមត្រូវ និងសុវត្ថិភាពនៅគ្រប់សេវាកម្មរបស់យើង»។ រយៈពេល១១ម៉ោងក្រោយពីមេធំក្រុមហ៊ុនមេតា ប្រកាសពីសេវាកម្មMeta Verified មានមនុស្សរាប់ម៉ឺននាក់បានចូលរួមបញ្ចេញទស្សនៈយល់ ឃើញក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក Mark Zuckerberg។មតិខ្លះរិះគន់ថា ក្រុមហ៊ុនមេតា រៀនតាមធ្វីតទ័រដែលដឹកនាំដោយ អេឡុន ម៉ាស់ (Elon Musk) ។
អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់លើកឡើងថាក្រុមហ៊ុនមេតាមិនគួរណាប្រមូលប្រាក់ពីអ្នកប្រើប្រាស់ឡើយ ព្រោះសេវាកម្មទាំងអស់នេះគួរតែជាសេវាកម្ម ចម្បង ដែលត្រូវផ្ដល់ជូនអ្នកប្រើប្រាស់។ ឆ្លើយនឹងមតិបែបនេះលោក Mark Zuckerberg លើកឡើងថា ក្រុមហ៊ុនមេតាបានផ្ដល់កិច្ចការពារ ជាមូលដ្ឋាន ជូនអ្នកប្រើប្រាស់រួចហើយ ប៉ុន្តែសេវាកម្មថ្មីនេះជាសេវាកម្មបន្ថែម ដើម្បីឱ្យអ្នក ប្រើប្រាស់កាន់តែមានទំនុកចិត្តនិងមានសុវត្ថិភាព។
លោកបញ្ជាក់ថា ៖«យើងផ្តល់ការការពារ និងការគាំទ្រមួយចំនួន សម្រាប់ អ្នករាល់គ្នារួចហើយ។ ប៉ុន្តែការផ្ទៀងផ្ទាត់អត្តសញ្ញាណបណ្ណ និង ការអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលប្រើប្រាស់ដោយផ្ទាល់នៅផ្នែកគាំទ្រអតិថិជនសម្រាប់មនុស្សរាប់លាននាក់ ឬរាប់ពាន់លាននាក់ត្រូវចំណាយ ប្រាក់យ៉ាងច្រើន»៕
ដោយ៖វណ្ណ ស័ក្ដិ