Cambodia2050 Ep54: បញ្ហាសុខភាពផ្លូវចិត្ត និងយុវជនក្នុងសង្គមកម្ពុជា

វាគ្ម័ន៖ លោកបណ្ឌិត កៅ សុវណ្ណតារា សាស្រ្តាចារ្យចិត្តវិទ្យាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

យុវវ័យ សំដៅទៅដល់ភាពពេញវ័យ ភាពពេញកំលោះ ភាពពេញក្រមុំ។ វាគឺជាដំណាក់កាលមួយដែលមានការលូតលាស់ខ្លាំងទៅដល់រូបរាងកាយ ក៏ដូចជាអារម្មណ៍ ផ្លូវចិត្ត និងចិត្តគំនិតរបស់គាត់។  កត្តា ៣ ធំៗ មានដូចជា កត្តាជីវសាស្ត្រ ចិត្តសាស្ត្រ និងកត្តាសង្គម​ជាមូលហេតុដែលនាំឲ្យយុវជនមានបញ្ហាផ្លូវចិត្ត។ ប្រសិនបើយើងងាកមកបញ្ហាផ្លូវចិត្តនៅក្នុងបរិបទកម្ពុជាយើងនេះដែលកើតឡើងច្រើនចំពោះយុវវ័យឬក៏យុវជននេះឯងគឺតាមការសិក្សាស្រាវជ្រាវកន្លងមក យើងរកឃើញថាបញ្ហាពីរចម្បងគឺ បញ្ហាថប់អារម្មណ៍និងបញ្ហាធ្លាក់ទឹកចិត្ត។ 

កត្តាទាំង ២ នេះជាកត្តាចម្បងដែលនាំឲ្យឈានទៅដល់ការធ្វើ អត្តឃាតខ្លួនឯង។ លើសពីនោះ ទោះបីបញ្ហាផ្លូវចិត្ត វាកើតឡើងទៅលើមនុស្សគ្រប់វ័យ គ្រប់វណ្ណៈ គ្រប់ជាតិសាសន៍គ្រប់ភេទ គ្រប់ពណ៌សម្បុរទាំងអស់ មិនប្រកាន់ទេ។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវកន្លងមក គេបានបង្ហាញថា មនុស្សស្រីឬភេទស្រីមានបញ្ហាផ្លូវចិត្តតួលេខខ្ពស់ជាងប្រុស។ ដោយយុវជនជាទំពាំងដែលត្រូវស្នងឫស្សីរបស់ប្រទេសកម្ពុជាហើយជំងឺផ្លូវចិត្តជាបញ្ហាមិនងាយក្នុងការដោះស្រាយ ក្រសួងអប់រំ ក្រសួងសុខាភិបាល និងក្រសួងព័ត៌មានត្រូវដើរតួយ៉ាងសំខាន់។ ក៏ដូចគ្នាដែរ ក្នុងនាមជាយុវជន ដើម្បីកុំឲ្យមានផ្លូវចិត្តល្អប្រសើរនិងដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត យើងអាចធ្វើឡើងដោយវិធីសាស្ត្រ ៣៖ ទី ១ គឺការជួយដោយខ្លួនឯង ទី ២ ការព្យាបាលបែបចិត្តសាស្រ្ត ទី ៣ ការព្យាបាលតាមបែបវិជ្ជសាស្រ្ត។  ដូចនេះ យុវជនមិនត្រូវខ្មាសអៀនក្នុងការទៅរកសេវាព្យាបាលផ្លូវចិត្ត ទៅរកសេវាពិគ្រោះផ្លូវចិត្តនោះឡើយដោយមិនត្រូវលាកទុក មិនត្រូវបិទបាំងនោះទេ។

សំណួរទី ១៖ យោងតាមអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃទី ១៧ ខែវិច្ឋកា ឆ្នាំ ២០២១​, ១ ក្នុងចំណោម ៧ នាក់នៃក្មេងនិងយុវវ័យដែលមានអាយុចាប់ពី 10 ទៅ 19 ឆ្នាំបានជួបប្រទះបញ្ហានឹងវិបត្តិជំងឺ ។ តើមូលហេតុអ្វីដែលបណ្តាលឱ្យយុវជនជុំវិញពិភពលោកជួបនឹងបញ្ហាបែបនេះ?

មុននឹងឆ្លើយតបទៅនឹងសំណួរនេះ ខ្ញុំសូមរំលេចថា តើអ្វីទៅជា សុខភាពផ្លូវចិត្ត? តើអ្វីទៅវិញជាយុវវ័យ? សុខភាពផ្លូវចិត្តគឺសំដៅទៅលើសុខុមាលភាពពេញលេញនៃការគិត អារម្មណ៍ និងអាកប្បកិរិយារបស់បុគ្គលម្នាក់់ៗ ដោយឡែកបើយើងក្រឡេកទៅលើពាក្យថាយុវវ័យ។ ពាក្យ ​“យុវវ័យ” គឺមកពីពាក្យ“យុវ” និង “វ័យ”។ “វ័យ” សំដៅទៅដល់ដំណាក់កាលនៃការលូតលាស់ ដំណាក់កាលនៃការប្រែប្រួលនៃ រូបរាងកាយក៏ដូចជាចិត្ត គំនិត។  “យុវ” សំដៅទៅដល់ភាពពេញវ័យ ភាពពេញកំលោះ ភាពក្រមុំរបស់បុគ្គលម្នាក់ៗ។ ជារួមមក យុវវ័យ សំដៅទៅដល់ភាពពេញវ័យ ភាពពេញកំលោះ ភាពពេញក្រមុំរបស់ របស់ពួកគាត់។ ហើយបើយោងទៅតាមទ្រឹស្ដីចិត្តសាស្ត្រផងដែរ គេបានលើកឡើងថា “ការវិវត្តន៍របស់មនុស្សយើងម្នាក់ៗគឺមាន ៨ ដំណាក់កាល” ដោយឡែកបើយើងនិយាយពីដំណាក់កាលយុវវ័យគឺជា ដំណាក់កាលទី ៥។ ដំណាក់កាលនេះគឺជាដំណាក់កាលមួយដែលមានការលូតលាស់ ខ្លាំងទៅដល់រូបរាងកាយ ក៏ដូចជាអារម្មណ៍ ផ្លូវចិត្ត និងចិត្តគំនិតរបស់គាត់។ វាគឺជាវ័យមួយដែលស្ថិតក្នុងចន្លោះកុមារភាពនិង មនុស្សវ័យកណ្ដាល។

ដូចនេះ យើងសួរថា តើហេតុអី្វបានជាយុវវ័យប្រឈមទៅនឹងបញ្ហាផ្លូវចិត្តច្រើន?

យើងដឹងហើយថា បញ្ហាផ្លូវចិត្តបណ្ដាលមកពីមូលហេតុជាច្រើនដែលយើងអាចនិយាយជារួមគ្នា មាន ៣ ផ្នែកធំៗដែលយើងអាចកត់សម្គាល់៖ 

  • ទី ១៖ មូលហេតុដែលនាំឲ្យមានបញ្ហាផ្លូវចិត្តគឺបណ្តាលមកពី កត្តាជីវសាស្ដ្រ។ កត្តាជីវសាស្ត្រ គឺសំដៅទៅដល់អ្វីដែលគាត់ទទួលបានតាំងពីកំណើតរបស់គាត់។ វាពាក់ព័ន្ធជាមួយនឹងកត្តាសែនដែលបានមកពីឪពុក ម្តាយរបស់គាត់។ ជាមួយគ្នានោះ តាមការសិក្សាបានបង្ហាញថា ប្រសិនបើឪពុកឬម្តាយនៅក្នុងគ្រួសារធ្លាប់មានបញ្ហាផ្លូវចិត្ត កូនដែលកើតនៅក្នុងគ្រួសារនោះប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត ៣០% ដោយឡែកប្រសិនបើទាំងឪពុកម្ដាយមានបញ្ហាផ្លូវចិត្ត កូនដែលកើតក្នុងគ្រួសារនោះឯងគឺប្រឈមទៅនឹងបញ្ហាផ្លូវចិត្តប្រមាណ ៥០%-៧០%។ លើសពីនេះទៅទៀត យើងឃើញថា យុវវ័យគឺជាវ័យមួយដែលចាប់ផ្ដើមពេញវ័យ។ កាលណាពេញវ័យនោះនឹងមានការប្រែប្រួលអ័រម៉ូន វានឹងធ្វើឲ្យមានអតុល្យភាពសារធាតុគីមីនៅក្នុងខួរក្បាលដែលយើងឲ្យឈ្មោះថា សេរ៉ូតូនីន។ កាលណាសេរ៉ូតូនីនមានការថយចុះ ធ្វើឲ្យបុគ្គលនោះប្រឈមទៅនឹងបញ្ហាផ្លូវចិត្តជាពិសេសគឺជំងឺធ្លាក់ទឹកចិត្ត។
  • ទី ២៖ ដោយឡែក យើងមើលមកកត្តាចិត្តសាស្រ្ត។ កត្តាចិត្តសាស្រ្ត ពាក់ព័ន្ធជាមួយនឹងការគិត
    និងការឲ្យតម្លៃ។ បុគ្គលខ្លះចាប់ផ្តើមគិតខ្លួនឯងមិនល្អ ប្រៀបធៀបជាមួយអ្នកដទៃនៅពេលដែលអ្នកដទៃឃើញល្អជាងគាត់។ ជាទូទៅ នៅពេលដែលគិតអវិជ្ជមាន បុគ្គលនោះនឹងមានអារម្មណ៍អវិជ្ជមាន នៅពេលនោះគាត់នឹងមានអាកប្បកិរិយាឬការសម្តែងចេញនូវសកម្មភាពអវិជ្ជមានដែលប៉ះពាល់ទៅដល់ខ្លួនគាត់ផ្ទាល់។
  • ទី ៣៖  កត្តាសង្គមពាក់ព័ន្ធជាមួយនឹងបរិបទសង្គមដែលបុគ្គលម្នាក់ៗរស់នៅ។ ជាក់ស្ដែង ដូចនៅក្នុងបរិបទកូវីដ ១៩ នេះ បើតាមរបាយការណ៍សង្ខេបរបស់អង្គការសហប្រជាជាតិដែលចេញផ្សាយនៅចុងឆ្នាំ២០២០ លោកបានបង្ហាញច្បាស់ណាស់ថា កូវីដ ១៩ ធ្វើឲ្យប្រជាជនទូទៅរួមទាំងកុមារ យុវវ័យ និងមនុស្សចាស់ប្រឈមទៅនឹងបញ្ហាផ្លូវចិត្ត។ ជំងឺថប់អារម្មណ៍និងជំងឺធ្លាក់ទឹកចិត្ត មានការកើនឡើង ៣ ដងបើធៀបជាមួយនឹងពេលវេលាមុនកូវីដ ១៩ ហើយវាអាចកើនឡើងចន្លោះពី ៣០% ទៅ ៦០​% នៃជំងឺផ្លូវចិត្ត។ កាលដែលបណ្កាលឲ្យមានការប៉ះពាល់បែបនេះ គឺដោយសារតែបុគ្គលត្រូវបានរាំងស្ទះនៅក្នុងការទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួន ដោយសារតែមានការកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួន។
  • មួយវិញទៀត វាក៏ពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមបីបាច់ទៅក្នុងរង្វង់គ្រួសារដែរ។ ហើយយើងឃើញថា កាលណាចូលមកដល់យុវវ័យ វាគឺជាដំណាក់កាលមួយដែលគាត់ចង់បានភាពឯករាជ្យ ម្ចាស់ការដោយខ្លួនឯងដូចជាមានទំនាក់ទំនងដៃគូស្នេហាផ្សេងៗ។ ពេលខ្លះឪពុកម្ដាយចិញ្ចឹមបីបាច់សត្វ បំបិទសិទ្ធសេរីខ្លាំង វានាំឲ្យប៉ះទៅដល់ផ្លូវចិត្តពួកគាត់។ កាលណាយើងចង់បានសេរីភាព ចង់ធ្វើអី្វដោយខ្លួនឯង ប៉ុន្តែអត់អាចធ្វើបាននឹងនាំឲ្យមានបញ្ហាផ្លូវចិត្ត។ ហើយជាពិសេសមួយទៀតនោះគឺ យុវវ័យជាវ័យមួយដែលពេញកម្លាំងធ្វើការងារ។ ពេលខ្លះដោយសារតែពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ពាក់ព័ន្ធជាមួយនឹងឱកាសការងារធ្វើ
    ឲ្យមានការព្រួយបារម្ភ ការភ័យខ្លាចនៅក្នុងការងាររបស់គាត់ដូចជា ការអត់មានការងារធ្វើ និងអនាគតការងាររបស់គាត់។

ជារួមមកវិញមូលហេតុដែលនាំឲ្យមានបញ្ហាផ្លូវចិត្តគឺយើងមានកត្តា ៣ ធំៗគឺកត្តាជីវសាស្ត្រ ចិត្តសាស្ត្រនិងកត្តាសង្គម។

សំណួរទី ២៖ ងាកមកប្រទេសកម្ពុជាវិញ តើជំងឺផ្លូវចិត្តប្រភេទណាខ្លះ ដែលយុវជនកម្ពុជាតែងជួបប្រទះជាប្រចាំ?

ប្រសិនបើយើងងាកមកបញ្ហាផ្លូវចិត្តនៅក្នុងបរិបទកម្ពុជាយើងនេះដែលកើតឡើងច្រើនចំពោះយុវវ័យឬក៏យុវជននេះឯងគឺតាមការសិក្សាស្រាវជ្រាវកន្លងមក យើងរកឃើញថាបញ្ហាពីរចម្បងគឺ បញ្ហាថប់អារម្មណ៍និងបញ្ហាធ្លាក់ទឹកចិត្ត។  កត្តាទាំង ២ នេះជាកត្តាចម្បងដែលនាំឲ្យឈានទៅដល់ការធ្វើ អត្តឃាតខ្លួនឯង។ បើតាមការសិក្សាស្រាវជ្រាវកន្លងមក យើងរកឃើញថាបញ្ហាផ្លូវចិត្តដែលកើតឡើងក្នុងបរិបទកម្ពុជា នៅឆ្នាំ ២០១៦ កន្លងទៅ តាមការសិក្សាជាមួយនឹងសិស្សនិស្សិត ២៥០ នាក់នៅក្នុងសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ យើងរកឃើញថានិស្សិតដែលមានបញ្ហាថប់អារម្មណ៍ប្រមាណ ៥៤.៧% ហើយធ្លាក់ទឹកចិត្តគឺមានប្រមាណ ៦៣.៧%។

ដោយឡែកនៅឆ្នាំ ២០១៨ ការសិក្សាស្រាវជ្រាវមួយជាមួយនឹងសិស្សវិទ្យាល័យដែលមានអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំ យើងរកឃើញថាពួកគាត់ក៏មានបញ្ហាផ្លូវចិត្តដែរ បញ្ហាថប់អារម្មណ៍គឺប្រមាណ ២២.៣% ហើយជំងឺធ្លាក់ទឹកចិត្តគឺ ២៦.៩%  ហើយនៅឆ្នាំ ២០១៩ យើងធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតជាមួយនឹងសិស្សសកលវិទ្យាល័យប្រមាណ ២០០ នាក់ យើងរកឃើញថាភាគរយអ្នកដែលមានរោគសញ្ញាប្រឈមនឹងបញ្ហាជំងឺថប់អារម្មណ៍មានរហូតទៅដល់ ៦២​% ហើយបញ្ហាធ្លាក់ទឹកចិត្តមានរហូតដល់ ៦៩%។ រីឯនៅឆ្នាំ ២០២១​-២០២២ យើងធ្វើការសិក្សាលើប្រមាណ ៥០០ នាក់នៅក្នុងសាកលវិទ្យាល័យមួយនេះ។

ជាក់ស្តែង យើងចង់ដឹងការរៀនអនឡាញប៉ះពាល់ផ្លូវចិត្តដែរឬទេក្នុងបរិបទកូវីដ ១៩យើងរកឃើញថានិស្សិតមានបញ្ហាថប់អារម្មណ៍មានប្រមាណ ៦៥​%​ ជាង ហើយជំងឺធ្លាក់ទឹកចិត្តគឺ ៦១% ដោយឡែកចំពោះស្ថិតិថ្មីៗនះទៀតជាមួយនឹងនិស្សិតនៅក្នុងសាកលវិទ្យាល័យដូចគ្នាដែរប៉ុន្តែត្រឹមតែ ១០០ នាក់ យើងចង់ដឹងថា តើមុនពេលកូវីដ អំឡុងពេល នឹងក្រោយកូវីដមានការប្រែប្រួលដែរឬទេ? យើងរកឃើញថា ក្រោយពេលកូវីដនៅឆ្នាំ ២០២៣ និស្សិតជាយុវវ័យមានបញ្ហាថប់អារម្មណ៍ប្រមាណ ៥៨% ហើយបញ្ហាធ្លាក់ទឹកចិត្តប្រមាណ ៤២​% ។

ដូចនេះ បញ្ហាដែលប្រឈមច្រើនជាងគេគឺ បញ្ហាថប់អារម្មណ៍និងបញ្ហាធ្លាក់ទឹកចិត្ត។ គួរបញ្ជាក់ថា បញ្ហាតានតឹងចិត្តឬ Stress មិនមែនជាបញ្ហាជំងឺផ្លូវចិត្តទេ វាគ្រាន់តែជាប្រតិកម្មធម្មតាទៅនឹងព្រឹត្តិការណ៍មិនធម្មតា។ នៅពេលដែលយើងជួបហេតុការណ៍មួយដែលមិនធម្មតា យើងនឹងមានការតានតឹងចិត្ត។ ជារួមមក បញ្ហាតានតឹងចិត្តឬ Stress ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ សូមបញ្ជាក់ផងដែរថា តួលេខដែលបង្ហាញខាងលើ គ្រាន់តែជាការសិក្សាតូចមួយតែប៉ុនណ្ណោះ មិនអាចយកមកតំណាងឱ្យយុវជនទាំងអស់នៅទូទាំងប្រទេសបានទេ។

សំណួរទី៣៖ រវាងយុវជននិងយុវនារី តើក្រុមយុវវ័យមួយណាដែលអាចទទួលរងឥទ្ធិពលនៃជំងឺសុខចិត្តច្រើនជាង?

បើយើងនិយាយពីបញ្ហាផ្លូវចិត្ត វាកើតឡើងទៅលើមនុស្សគ្រប់វ័យ គ្រប់វណ្ណៈ គ្រប់ជាតិសាសន៍គ្រប់ភេទ គ្រប់ពណ៌សម្បុរទាំងអស់ មិនប្រកាន់ទេ។ ប៉ុន្តែតាមការសិក្សាស្រាវជ្រាវកន្លងមក គេបានបង្ហាញថា មនុស្សស្រីឬភេទស្រីមានបញ្ហាផ្លូវចិត្តតួលេខខ្ពស់ជាងប្រុស។ ប្រសិនបើយើងមើលទៅលើយុវវ័យយុវនារីប្រឈមច្រើនជាងយុវជនដែលជាបុរសធម្មតា។ មូលហេតុនោះគឺដោយសារតែការកំណត់តួនាទីការឲ្យតម្លៃរបស់សង្គមទៅលើស្ត្រី។ ជាក់ស្តែងបើយើងមើលទៅលើការងារ ភាគច្រើនគឺបុរសជាអ្នកកាន់កាប់តំណែងតួនាទីខ្ពស់ៗផ្សេងៗ ​ស្រ្តីមានដែរតែចំនួនតិចជាងគេ។

លើសពីនោះ មនុស្សស្រីមានអរម៉ូនធ្វើឲ្យខួរក្បាលមានអារម្មណ៍ឆាប់រំជើបរំជួល ឆាប់រំជួលចិត្តជាងមនុស្សប្រុស។ នៅពេលដែលគាត់ពេញវ័យ គាត់មានលក្ខណៈប្រែប្រួល សម្រស់រាងខុសប្លែកធម្មតាដូចជាមានការប្រែប្រួលខុសពីធម្មតា។ ដោយឡែកនៅពេលគាត់ចាប់ផ្ដើមមានគ្រួសារ គាត់មានផ្ទៃពោះបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍ផ្លូវចត្ត ហើយនៅពេលដែលឆ្លងទន្លេក៏អាចនឹងប្រឈមនឹងបញ្ហាផ្លូវចិត្តផងដែរ។ ហើយក្រោយឆ្លងទន្លេ ក៏នូវតែមានការព្រួយបារម្ភពីការមើលថែកូនបន្ថែមទៀត។ នេះហើយបានជា ស្រ្តីមានការប្រែ​ប្រួលផ្លូវចិត្តច្រើនជាងបុរស។

សំណួរទី ៤៖ ដោយយុវជនជាទំពាំងដែលត្រូវស្នងឫស្សីរបស់ប្រទេសកម្ពុជាហើយជំងឺផ្លូវចិត្តជាបញ្ហាមិនងាយក្នុងការដោះស្រាយបាន តើលោកបណ្ឌិតមានយោបល់យ៉ាងណាដែរជូនរដ្ឋាភិបាលក្នុងការចាត់វិធានការដោះស្រាយបញ្ហានេះ?

កាលណាយើងនិយាយអំពីវិធីសាស្ត្រនៅក្នុងការការពារឬទប់ស្កាត់ឬក៏ចូលរួមចំណែកដល់ការកាត់បន្ថយបញ្ហាផ្លូវចិត្ត ពាក់ព័ន្ធជាមួយបញ្ហានេះគឺមើលទៅលើក្រសួងអប់រំ ក្រសួងសុខាភិបាល និងក្រសួងព័ត៌មាន។

  • ចំពោះក្រសួងអប់រំ៖ ក្រសួងអប់រំអាចលើកស្ទួយដល់ការស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រទៅលើបញ្ហាផ្លូវចិត្តហើយជាពិសេសគឺដាក់ចំណេះដឹងសុខភាពផ្លូវចិត្តទៅដល់គ្រប់និស្សិតនៅតាមសាលារៀន។ មួយរយៈចុងក្រោយនេះ យើងឃើញថាក្រសួងចាប់ផ្តើមបញ្ចូលឲ្យមានកម្មវិធីសិក្សាមុខជំនាញសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថានសិក្សាពីកម្រិតបឋមសិក្សារហូតដល់វិទ្យាល័យ។ នេះជាចំណុចមួយដ៏ល្អ។ កាលណាមនុស្សយល់ពីបញ្ហានេះកាន់តែច្រើន គាត់នឹងចាប់ផ្ដើមរកដំណោះស្រាយទៅបញ្ហានោះ។ ជារួមមក ក្រសួងអប់រំគឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយតាមរយៈប្រព័ន្ធអប់រំនៅតាមសាលារៀន។ ជាពិសេសប្រសិនបើអាច នៅតាមសាលារៀនមួយ គួរតែមានអ្នកជំនាញចិត្តសាស្ត្រមួយ ដែលត្រូវដើរតួក្នុងការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងសាលា ពិសេសពាក់ព័ន្ធនឹងបញ្ហាការរៀនសូត្រ បញ្ហាទំនាក់ទំនង និងបញ្ហាអាកប្បកិរិយា។ ពួកគាត់ត្រូវបានគេហៅថា អ្នកប្រឹក្សាតាមសាលារៀន។  
  • ចំពោះក្រសួងព័ត៌មាន៖ ក្រសួងព័ត៌មានអាចព្យាយាមផ្សព្វផ្សាយអំពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ដ។ នៅពេលសុខភាពចិត្តល្អ តើវាជួយអីខ្លះដល់គាត់? វាមានសារៈសំខាន់យ៉ាងម៉េច? ពីព្រោះនៅពេលបុគ្គលម្នាក់មានសុខភាពផ្លូវចិត្តល្អ គាត់នឹងបំពេញការងារបានល្អនៅក្នុងការងារប្រចាំថ្ងៃ ដែលចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។  ជាពិសេសនោះទៀតគឺក្រសួងអាចចូលរួមក្នុងការលើកកម្ពស់ការយល់ដឹងតាមរយៈការបង្រៀន ការផ្សព្វផ្សាយផ្សេងៗអាចមានជាវីដេអូជាដើម។ 
  • ចំពោះក្រសួងសុខាភិបាល៖ ក្រសួងសុខាភិបាលបានបញ្ចូលកម្មវិធីសុខផភាពចិត្តនៅតាមមន្ទីរពេទ្យរាជធានី ខេត្ត មន្ទីរពេទ្យស្រុកប្រតិបត្តិ។ ទោះបីនៅតាមមណ្ឌលសុខភាពមួយចំនួនមានសេវាសុខភាពផ្លូវចិត្តក៏ដោយ ប៉ុន្ដែវាមិនទាន់បានទូលំទូលាយទូទាំងប្រទេស។ ប្រសិនបើអាច យើងត្រូវបញ្ចូលសេវាសុខភាពផ្លូវចិត្ត នៅគ្រប់មណ្ឌលសុខភាពនៅទូទាំងប្រទេសដោយសារមណ្ឌលសុខភាពនៅជិតប្រជាពលរដ្ឋជាងគេ។

សំណួរទី ៥៖ យើងបាននិយាយពីវិធានការដែលអាចចេញពីរដ្ឋាភិបាល តើយុវជនខ្លួនឯងផ្ទាល់អាចមានវិធីសាស្រ្តអ្វីខ្លះក្នុងការថែទាំសុខភាពផ្លូវចិត្តរបស់ខ្លួន?

ដើម្បីឲ្យផ្លូ​វចិត្តល្អប្រសើរ ក្នុងនាមយើងម្នាក់ៗគឺយើងត្រូវជួយខ្លួនយើងតាមរយៈវិធីសាស្ត្រ ៣ សំខាន់ដែលខ្ញុំតែងតែដាក់ចេញ៖

  • ការជួយដោយខ្លួនឯង៖ ដំបូង យើងត្រូវរៀនចេះកត់សម្គាល់អំពីរោគសញ្ញានៃជំងឺផ្លូវចិត្ត ហើយយើងចាប់ផ្តើមស្វែងរកឲ្យឃើញពីមូលហេតុនៃបញ្ហានោះថា តើហេតុអី្វបានជាមានអារម្មណ៍ក្រៀមក្រំបែបនេះ? វាកើតឡើងពីពេលណាហើយមានកើតឡើងដោយសារអី្វ។ កាលណារកឃើញ យើងអាចដោះស្រាយបាន។ ហើយវិធីសាមញ្ញមួយ គឺការហាត់ប្រាណ។ ការហាត់ប្រាណជួយឲ្យរាងកាយមានចលនា ជួយឲ្យប្រព័ន្ធទ្រទ្រង់រាងកាយល្អ ប្រព័ន្ធប្រសាទរបស់យើងបានល្អប្រសើរ។ ពេលខ្លះ អ្នកមានបញ្ហាផ្លូវចិត្ត គាត់នៅសំងំ។ កាលណាហាត់ប្រាណ យើងអាចជួបជាមួយមិត្តភក្តិដែលអាចធ្វើឲ្យគាត់អាចបង្ហាញអ្វីចេញពីក្នុងខ្លួនបាន។ ដោយឡែកការគេងក៏មានសារៈសំខាន់ដែរ។ ការគេងអាចជួយបង្កើនថាមពលដល់រាងកាយនិងខួរក្បាលរបស់យើង។ ដូចនេះ ការគេង ការហូបអាហារដែលមានជីវជាតិទ្រទ្រង់រាងកាយយើងគឺជារឿងដ៏សំខាន់។ ហើយអ្វីដែលសំខាន់គឺត្រូវព្យាយាមបង្កើតទំនាក់ទំនងជាមួយនឹងមិត្តភក្តិនិងចូលរួមក្នុងសកម្មភាពសង្គម។ លើសពីនេះទៅទៀត យើងក៏ប្រើបច្ចេកទេសសំរាកចិត្តកាយ ដោយវាជាបច្ចេកទេសសំរាកទាំងចិត្ត ទាំងកាយមានដូចជា លំហាត់ដកដង្ហើម លំហាត់សំរាកសាច់ដុំ លំហាត់ពនេចអារម្មណ៍ និងការធ្វើសមាធិជាដើម។
  • ការព្យាបាលតាមបែបចិត្តសាស្ត្រ៖ ការព្យាបាលតាមបែបចិត្តសាស្ត្រគឺយើងអាចយករឿងរ៉ាវរបស់យើងនិយាយចេញជាមួយនរណាម្នាក់ដែលយើងទុកចិត្តឬក៏អ្នកដែលមានជំនាញដើម្បីស្ដាប់រឿងរ៉ាវរបស់យើង ជាពិសេសគឺការពិគ្រោះជាមួយនឹងអ្នកចិត្តសាស្ត្រ។ អ្នកចិត្តសាស្ត្រព្យាយាមឲ្យអ្នកជំងឺប្រឈមជាមួយនឹងបញ្ហា រកឃើញអំពីឫសគល់នៃបញ្ហាហើយដាក់ដំណោះស្រាយចូល។ ហើយការព្យាបាលនេះ គឺមានវិធីសាស្ត្រច្រើនណាស់ដូចជា ការប្រឹក្សាលក្ខណៈបុគ្គល ប្រសិនបើគាត់មានដៃគូ យើងប្រើការព្រឹក្សាលក្ខណៈដៃគូ និងការព្យាបាលតាមបែបគ្រួសារដែលមានការចូលរួមពីសមាជិកគ្រួសារដើម្បីដោះស្រាយបញ្ហានានា។
  • ការព្យាបាលតាមបែបវិជ្ជសាស្រ្ត៖ ប្រសិនបើបញ្ហាមានកម្រិតធ្ងន់ យើងត្រូវព្យាបាលតាមការប្រើប្រាស់ឱសថដើម្បីសម្រួលអារម្មណ៍ ដើម្បីកាត់បន្ថយរោគសញ្ញា ក៏ប៉ុន្ដែត្រូវយល់ថា បញ្ហានៅតែមាន។ គាត់នៅតែត្រូវជួបជាមួយនឹងអ្នកជំនាញចិត្តសាស្ត្រក្នុងការរកឲ្យឃើញពីមូលហេតុដើម្បីដាក់ដំណោះស្រាយចូលទៅវិបត្តិ។

ជារួមមកក្នុងនាមជាយុវជន ដើម្បីកុំឲ្យមានផ្លូវចិត្តល្អប្រសើរនិងដើម្បីដោះស្រាយបញ្ហាផ្លូវចិត្ត យើងអាចធ្វើឡើងដោយវិធីសាស្ត្រ ៣៖ ទី ១ គឺការជួយខ្លួនឯង ទី ២ ការព្យាបាលតាមបែបចិត្តសាស្ត្រ និងទី ៣ ការព្យាបាលតាមបែបវិជ្ជសាស្រ្ត។ ដូចនេះ យុវជនមិនត្រូវខ្មាសអៀនក្នុងការទៅរកសេវាព្យាបាលផ្លូវចិត្ត ទៅរកសេវាពិគ្រោះផ្លូវចិត្តនោះឡើយដោយមិនត្រូវលាកទុក មិនត្រូវបិទបាំងនោះទេ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner