គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រហុងកុង-ព្រះសីហនុ គ្រោងបញ្ចប់នៅឆ្នាំ២០២៤
ភ្នំពេញ៖ គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុង ហុងកុង-ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខ។គម្រោងនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ និងខ្សែកាបបន្តពីក្រុងព្រះសីហនុ មករាជធានីភ្នំពេញ នៅទីស្តីការក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែង ក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍កន្លងទៅនេះថា គម្រោងតបណ្តាញ ខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុងហុងកុង-ក្រុងព្រះសីហនុ មាន ប្រវែង២ ៧១៥គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៤ ខណៈ បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស កំពុងខិតខំពន្លឿនការងារដើម្បីឈាន ទៅបញ្ចប់តាមផែនការកំណត់។
តាមរយៈគម្រោងនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍រូបនេះអះអាងដូច្នេះថា ៖ «បណ្តាញនេះ នឹងបង្កើនសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់អ៊ីនធឺណិត ល្បឿន លឿន និងកាន់តែទូលំទូលាយនៅទូទាំងប្រទេស ហើយយើងសង្ឃឹម ថា ឆ្នាំ២០២៤នឹងចប់ មកដល់ស្រុកខ្មែរ! នៅពេលនោះ សមត្ថភាពអ៊ីនធឺណិត របស់យើងគឺធំ ដែលយើងលែងព្រួយពីសមត្ថភាពអ៊ីនធឺណិតចូល ហើយ យើងក៏នឹងទទួលបានសេវាអ៊ីនធឺណិតថោកជាងបច្ចុប្បន្នផងដែរ»។
ពាក់ព័ន្ធនឹងគម្រោងនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ដ្រីចិន ធ្លាប់បានឯកភាពគ្នា ពន្លឿន ការកសាងសហគមន៍វាសនារួម «កម្ពុជា-ចិន» ស្របតាមផលប្រយោជន៍ ជាមូលដ្ឋាន របស់ប្រជាជនទាំងពីរ ដោយភាគីទាំងពីរ បានប្តេជ្ញាពន្លឿន គម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីក្រុងព្រះសីហនុ ទៅកាន់ ក្រុងហុងកុងឱ្យចប់តាមផែនការកំណត់។នេះបើតាម សេចក្ដី ប្រកាសរួមបង្ហាញអំពីលទ្ធផល នៃជំនួបពិភាក្សាការងាររបស់ អំឡុងកិច្ច ប្រជុំកំពូលអាស៊ាន កាលពីពេលថ្មីៗនេះ។
តាមរយៈការជំរុញគម្រោងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រពីក្រុងព្រះសីហនុ ទៅកាន់ក្រុងហុងកុងនេះដែរ ថ្នាក់ដឹកនាំកម្ពុជា-ចិន រំពឹងថា នឹងជួយឈានទៅសម្រេចគោលដៅរួមគ្នាដែលបានកំណត់ថា កសាង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងធ្វើឱ្យខេត្តមួយនេះ ក្លាយជា តំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដោយពង្រឹងខ្សែច្រវាក់ឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ផលប្រយោជន៍ទៅវិញទៅមក។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ថា តាមរយៈគម្រោងនេះ ខេត្តព្រះសីហនុ គ្រាន់តែជាច្រកនៃការ តភ្ទាប់បណ្តាញខ្សែកាបអុបទិកពីក្រុងហុងកុង មកកាន់ប្រទេសកម្ពុជា ដើម្បីរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។ លោកយល់ថា គម្រោងនេះ បានរួមចំណែកបង្ហាញសក្តានុពលរបស់ទីតាំង ភូមិសាស្រ្តរបស់ខេត្តព្រះសីហនុ ខណៈគម្រោងនេះក៏ជួយតម្រង់ទិស ខេត្តព្រះសីហនុឱ្យឈានទៅខ្ពស់ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ពិសេសទីក្រុងឆ្លាត់វៃថែមទៀត។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់បន្តថា ៖ «ខេត្តព្រះសីហនុ យើងកំពុង តម្រង់ ទៅជាសេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ មជ្ឈមណ្ឌលឧស្សាហកម្ម ហើយដើម្បីសម្រេចបានគឺយើងត្រូវការបច្ចេក វិទ្យា ខ្ពស់ណាស់ ចឹងខ្ញុំជឿថាគម្រោងនេះ នឹងអាចផ្គត់ផ្គង់អ៊ីនធឺណិតល្បឿន លឿន តម្លៃទាប កាន់តែមានគុណភាពល្អ សម្រាប់ជួយជំរុញសេដ្ឋកិច្ច ខេត្តព្រះសីហនុ ក៏ដូចកម្ពុជាកាន់តែស្ទុះខ្លាំងឡើង ហើយស្របទៅនឹង បរិបទនៃឧស្សាហកម្មឌីជីថលផងដែរ»។
បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតចល័តជាង ១៧ លានស៊ីម និងសេវាអ៊ីនធឺណិតអចល័តជាង ៣១ម៉ឺន ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ចំនួន៣៨ ប្រតិបត្តិករ ហេដ្ឋារចនាសម្ព័ន្ធ ខ្សែកាបអុបទិកលើគោក និងខ្សែកាបអុបទិក ក្រោមបាតសមុទ្រចំនួន ៥ និងបណ្តាញខ្សែកាប អុបទិកក្រោម បាតសមុទ្រក្នុងដែនសមុទ្រកម្ពុជាមានប្រវែង ៦៤០គីឡូ ម៉ែត្រ។
ក្រសួងបានឱ្យដឹងបន្ថែមថា គម្រោងបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពីក្រុងព្រះសីហនុ ទៅកាន់ទីក្រុងហុងកុងនេះ មានប្រវែងជាង២ពាន់ គីឡូម៉ែត្រ បានចាប់ផ្តើមអនុវត្តន៍គម្រោង នៅខែតុលាឆ្នាំ ២០២២ និងអាចបញ្ចប់ នៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ។ ក្រោយបញ្ចប់ ការតភ្ជាប់បណ្តាញនេះ ក្រសួងរំពឹងថា នៅឆ្នាំ២០២៤ សមត្ថភាពអ៊ីនធឺណិត នៅកម្ពុជា និងកាន់តែទូលំទូលាយជាងមុន ដែលលែងព្រួយបារម្ភ ពីអ៊ីនធឺណិតខ្សោយ ព្រមទាំងទទួលបាននូវ សេវាអ៊ីនធឺណិត ដែលមានតម្លៃទាប ជាងបច្ចុប្បន្ននេះទៀតផង៕
ដោយ៖សែម ពិសី