AVIVoice Ep113: ខួបលើកទី៧០ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន៖ សមិទ្ធិផល និងមាគ៌ាអនាគត

ឆ្នាំ២០២៣ គឺជាឆ្នាំនៃការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន។ ទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន គឺជាមិត្តភាពដ៏យូរអង្វែងមួយ ដែលជប៉ុនគឺជាដៃគូយុទ្ធសាស្រ្ត និងដៃគូអភិវឌ្ឍន៍ដ៏សំខាន់សម្រាប់កម្ពុជា។ លើកពីនេះ រដ្ឋាភិបាលជប៉ុនបានបន្តគាំទ្រកម្ពុជាដោយអស់ពីចិត្ត ក្នុងការកសាងស្ពានសម្រាប់កម្ពុជាដើម្បីឆ្ពោះទៅរកសន្តិភាពនិងវិបុលភាព និងការតភ្ជាប់កម្ពុជាទៅកាន់តំបន់ក៏ដូចជាពិភពលោកផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដម Atsushi UENO បានពន្យល់អំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន និងការពង្រឹងបន្ថែមនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៅលើគ្រប់វិស័យសម្រាប់វិបុលភាពនាពេលអនាគត។

សំណួរទី១៖ ក្នុងឆ្នាំ២០២៣ កម្ពុជា និងជប៉ុន​ប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតដែលចំណងមិត្តភាពនេះបានបង្កើតឡើងនៅឆ្នាំ១៩៥២។ ជាដំបូង ទាក់ទងនឹងការរំលឹកខួបនេះ តើរដ្ឋាភិបាលនៃប្រទេសទាំងពីរបានត្រៀមអ្វីខ្លះដើម្បីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូត?

មុន​នឹង​និយាយ​អំពី​ខួប​លើក​ទី៧០ឆ្នាំ​នេះ ខ្ញុំ​សូម​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​ឆ្នាំ​មុន​។ វាជាឆ្នាំពិសេស និងសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីជប៉ុន-កម្ពុជា។

កាលពីឆ្នាំមុន កម្ពុជាគឺជាប្រធានអាស៊ាន។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចំនួនពីរដង ក្នុងអំឡុងពេលមមាញឹករបស់លោក ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុង Kumamoto និងជាថ្មីម្តងទៀត នៅពេលពិធីបុណ្យសពរដ្ឋរបស់អតីតនាយករដ្ឋមន្ត្រី ABE។ នាយករដ្ឋមន្ត្រី Kishida ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន​ពីរ​ដង​ដែរ​ក្នុង​ខែ​មីនា និង​ខែ​វិច្ឆិកា។ កិច្ច​ប្រជុំ​កំពូល​ជប៉ុន-កម្ពុជា​រវាង​មេដឹកនាំ​ទាំង​ពីរ​បាន​ធ្វើ​ឡើង​ចំនួន​បួន​ដង​ក្នុង​មួយ​ឆ្នាំ។

នេះបង្ហាញថាទំនាក់ទំនងទ្វេភាគីរបស់យើងមានភាពល្អប្រសើរ និងជិតស្និទ្ធជាងពេលណាៗទាំងអស់សម្រាប់រយៈពេល៧០ឆ្នាំចុងក្រោយនេះ បើគិតចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក។

នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤ និងចុងក្រោយក្នុងខែវិច្ឆិកា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ជប៉ុន​និង​កម្ពុជា​ចាប់​ផ្តើម​ភាព​ជា​ដៃ​គូ​ថ្មី​ក្នុង​ខួប​លើក​ទី​៧០​ឆ្នាំ​នេះ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍទំនាក់ទំនងដ៏ច្រើនដែលសមនឹងទទួលបានចំណងជើងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ទាក់ទងនឹងព្រឹត្តិការណ៍ដែលយើងបានរៀបចំដើម្បីអបអរសាទរខួបលើកទី ៧០ យើងបានប្រកាសជាផ្លូវការនូវនិមិត្តសញ្ញាកាលពីខែវិច្ឆិកាឆ្នាំមុន។ នៅថ្ងៃទី ៩ ខែមករា ឆ្នាំនេះ ដែលគ្រប់៧០ឆ្នាំពេញលេញ បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរសារអបអរសាទរ។

ចាប់ពីពេលនេះតទៅ ប្រទេសជប៉ុន និងកម្ពុជានឹងរៀបចំព្រឹត្តិការណ៍រំលឹកខួបមួយចំនួនដែលបើកចំហសម្រាប់សាធារណជននៅក្នុងប្រទេសទាំងពីរ។ ភាគីជប៉ុនកំពុងរៀបចំមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាឆ្នាំ២០២៣ ដែលចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈ។ យើង​ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ផ្សេង​ទៀត​ដូចជា​ការ​ប្រលង​និយាយ​ភាសា​ជប៉ុន និង​មហោស្រព​ភាពយន្ត។

ទន្ទឹមនឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍ទាំងនេះជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងជួយប្រជាជននៃប្រទេសទាំងពីរឱ្យស្គាល់គ្នាបន្ថែមទៀត និងធ្វើឱ្យចំណងមិត្តភាពកាន់តែស៊ីជម្រៅ។

សំណួរទី២៖ យើងបានឃើញហើយថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន មានភាពយូរអង្វែងអស់រយៈពេលប្រាំពីរទសវត្សរ៍មកហើយ។ នៅក្រោមចំណងនេះ តើប្រទេសទាំងពីរបានប្រារព្ធព្រឹត្តិការណ៍សំខាន់ៗអ្វីខ្លះក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ? នាពេលអនាគត តើប្រទេសទាំងពីរនឹងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអ្វីខ្លះ?

នៅឆ្នាំ ១៩៥២ គឺមួយឆ្នាំបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតនេះ កម្ពុជាបានបោះបង់ចោលសិទ្ធិរបស់ខ្លួនក្នុងការទាមទារសំណងពីប្រទេសជប៉ុនសម្រាប់សង្គ្រាមលោកលើកទីពីរ។ ប្រជាជនជប៉ុនបានពេញចិត្តយ៉ាងខ្លាំងចំពោះសេចក្តីប្រកាសនេះ។

រដ្ឋាភិបាល​ជប៉ុន​បាន​អញ្ជើញ​សម្ដេចព្រះបរមរតនកោដ្ឋ​ទៅ​ប្រទេស​ជប៉ុន​ជា​ភ្ញៀវ​រដ្ឋ​ក្នុង​ឆ្នាំ ១៩៥៥។ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះអង្គ សភា​ជាន់​ទាប​នៃ​សភា​ជប៉ុន​បាន​អនុម័ត​ការ​បោះឆ្នោត​ថ្លែងអំណរគុណ​ដល់​កម្ពុជា។

ជាងនេះទៅទៀត ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពក្នុងអំឡុងដំណើរទស្សនកិច្ចរបស់សម្ដេចព្រះបរមរតនកោដ្ឋទៅកាន់ប្រទេសជប៉ុន។ នេះជាសន្ធិសញ្ញាលើកដំបូងជាមួយបរទេសសម្រាប់ប្រទេសទាំងពីរ។ សម្រាប់​ប្រទេស​ជប៉ុន​បន្ទាប់​ពី​សន្ធិសញ្ញា​សាន់ហ្វ្រាន់ស៊ីស្កូ​ចូល​ជា​ធរមាន ហើយ​សម្រាប់​ប្រទេស​កម្ពុជា​បន្ទាប់​ពី​បាន​ឯករាជ្យ។

ទំនាក់ទំនង​ទ្វេភាគី​រវាង​ជប៉ុន និង​កម្ពុជា​បាន​រីកចម្រើន​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ក្នុង​វិស័យ​កិច្ចសហប្រតិបត្តិការ​ដ៏​ទូលំទូលាយ​។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ កិច្ចសហប្រតិបត្តិការទ្វេភាគីបានបាត់បង់សន្ទុះរបស់ខ្លួន។

ក្រោយមក ប្រទេសជប៉ុនបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសន្តិភាពរបស់កម្ពុជា ចាប់ពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសន្តិភាពកម្ពុជានៅទីក្រុងតូក្យូក្នុងឆ្នាំ ១៩៩០។ បន្ទាប់ពី«កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»ត្រូវបានចុះហត្ថលេខានៅឆ្នាំ ១៩៩១ ប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសកម្មសម្រាប់សន្តិភាព និងដំណើរការកសាងឡើងវិញរបស់កម្ពុជា។

ប្រទេសជប៉ុនបានយកឈ្នះលើការលំបាកផ្នែកនយោបាយរបស់ខ្លួន ហើយបានបញ្ជូនបុគ្គលិកទៅ UN PKO ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ទន្ទឹម​នឹង​នោះ ជប៉ុន​បាន​សហការ​ជាមួយ​កម្ពុជា​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​កសាង​ឡើងវិញ។

ខ្ញុំ​ជឿជាក់​ថា​ប្រជាជន​កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​របស់​ជប៉ុន។ ហើយក៏​ហាក់​ដូច​ជា​បង្ហាញ​ឱ្យ​ឃើញដោយជាក់ ដោយក្នុងក្រដាសប្រាក់តម្លៃ ៥០០ រៀល​មាន​គំនូរ​ស្ពាន​ដែល​សាងសង់​ដោយ​ប្រទេស​ជប៉ុន។

កិច្ចសហប្រតិបត្តិការរបស់ប្រទេសជប៉ុនមិនត្រូវបានកំណត់ត្រឹមតែការកែលម្អហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែថែមទាំងបានពង្រីកទៅការគាំទ្រដ៏ធំទូលាយនៃសុខភាពសាធារណៈ ការផ្គត់ផ្គង់ទឹក ការអប់រំ ការបោសសម្អាតមីន និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។

ម៉្យាងវិញទៀត កម្ពុជាបានផ្តល់ការគាំទ្រដល់ជំហររបស់ប្រទេសជប៉ុនក្នុងបញ្ហានានា រួមមានកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បញ្ហាការចាប់ជំរិតពីកូរ៉េខាងជើង និងចក្ខុវិស័យរបស់ជប៉ុនស្តីពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

ទំនាក់​ទំនង​ទ្វេភាគី​បាន​អភិវឌ្ឍ​ជា​លំដាប់​តាម​របៀប​នេះ។ ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកយើងនៅក្នុងឆ្នាំ ២០១៣។ វាត្រូវបានលើកទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំនេះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ខែ​មីនា​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី Kishida បាន​កំណត់​យក​វិស័យ​អាទិភាព​ចំនួន​ប្រាំ​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​រួម​មាន៖

១៖ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងកំពង់ផែក្រុងព្រះសីហនុ

២៖ កិច្ចសហប្រតិបត្តិការសន្តិសុខ

៣៖ ទំនាក់ទំនងសេដ្ឋកិច្ច

៤៖លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស

៥៖ វិស័យថ្មីនៃកិច្ចសហប្រតិបត្តិការដូចជា ឌីជីថល អ៊ីនធឺណិត និងសន្តិសុខសេដ្ឋកិច្ច

យើងប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីដោយសង្កត់ធ្ងន់ជាពិសេសលើវិស័យអាទិភាពទាំងប្រាំនេះ។

សំណួរទី៣៖ កាលពីឆ្នាំមុន ទន្ទឹមនឹងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងទីក្រុងភ្នំពេញ មេដឹកនាំនៃប្រទេសទាំងពីរបានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ជាមួយគ្នាដែរ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជា និងលោកនាយករដ្ឋមន្ត្រី Fumio Kishida នៃប្រទេសជប៉ុន បានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។ ក្នុងន័យនេះ តើភាពជាដៃគូថ្មីមានន័យយ៉ាងណាសម្រាប់ជាតិទាំងពីរ?

តាមទស្សនៈរបស់ខ្ញុំ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងទ្វេភាគីប្រហែលជាមិនមែនជាការពឹងផ្អែករបស់ភាគីម្ខាងទៅម្ខាងទៀតនោះទេ។ ក្រោមភាពជាដៃគូថ្មីនេះ ប្រទេសទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាប្រឈមរួមគ្នានៅក្នុងឆាកតំបន់ និងអន្តរជាតិ។

ម្យ៉ាងវិញទៀត ក្នុងបរិបទទ្វេភាគី ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗទៀត។

ការ​ឆ្លើយ​តប​រួម​ចំពោះ​ស្ថានការណ៍​ក្នុង​ប្រទេស​អ៊ុយក្រែន​ផ្តល់​នូវ​ឧទាហរណ៍​សំខាន់​មួយ​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​បញ្ហា​អន្តរជាតិ។ ដោយការដឹកនាំដ៏រឹងមាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដីពីប្រទេសដ៏ទៃដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានចូលរួមសហការឧបត្ថម្ភសម្រាប់ដំណោះស្រាយមហាសន្និបាតអង្គការសហប្រជាជាតិ។ ជប៉ុន​មាន​ជំហរ​ដូចគ្នា​ជាមួយ​កម្ពុជា​ដោយ​អនុលោម​តាម​បទបញ្ជា​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ផ្លាស់ប្តូរ​ស្ថានភាព​ជា​ឯកតោភាគី​ដោយ​កម្លាំង។

ជប៉ុន និងកម្ពុជាមិនត្រឹមតែចែករំលែកតួនាទីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហការគ្នាក្នុងការអនុវត្តផងដែរ។ ថ្មីៗនេះ ប្រទេសទាំងពីរបានសហការគ្នាក្នុងការបណ្តុះបណ្តាលបុគ្គលិកដោះមីនរបស់អ៊ុយក្រែនអំពីរបៀបប្រើប្រាស់ឧបករណ៍រាវរកមីនរបស់ជប៉ុន។ ទំនាក់ទំនងរយៈពេលវែងរបស់ប្រទេសជប៉ុន និងកម្ពុជានៃការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីនបាននាំមកនូវកិច្ចសហប្រតិបត្តិការនេះ។

កម្ពុជាសម្រេចបានជោគជ័យដ៏កម្របំផុតក្នុងការប្រែក្លាយសង្រ្គាមស៊ីវិលរបស់ខ្លួនទៅជាសន្តិភាព។ ខ្ញុំគោរពជំហរសកម្មរបស់កម្ពុជាក្នុងការរួមចំណែកដល់សន្តិភាពនៃសហគមន៍ពិភពលោកតាមរយៈការចែករំលែកបទពិសោធន៍នៃការកសាងសន្តិភាព។

ប្រទេសទាំងពីរមានជំហរដូចគ្នាក្នុងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត។ ជប៉ុន​មាន​ឆន្ទៈ​បន្ត​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​សហការ​ជាមួយ​កម្ពុជា​ក្នុង​បញ្ហា​រួម​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ប្រឈម។

ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី ប្រទេសទាំងពីរបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការរួចហើយលើវិស័យថ្មីនៃសន្តិសុខអ៊ីនធឺណិត និងបច្ចេកវិទ្យាឌីជីថល ក្នុងចំណោមវិស័យអាទិភាពទាំងប្រាំនៃកិច្ចសហប្រតិបត្តិការ។

ខ្ញុំផ្តល់ឱ្យអ្នកនូវឧទាហរណ៍មួយចំនួន។ សម្រាប់ប្រព័ន្ធអ៊ីនធឺណិត យើងបានចាប់ផ្ដើមគម្រោងដើម្បីបង្កើនសមត្ថភាពរបស់ CamCERT (ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ) ដើម្បីដោះស្រាយឧប្បត្តិហេតុសន្តិសុខតាមអ៊ីនធឺណិត តាមរយៈការផ្តល់ឧបករណ៍ពាក់ព័ន្ធ។

សម្រាប់ឌីជីថល ជប៉ុនសហការក្នុងការអភិវឌ្ឍន៍ធនធានមនុស្សឧស្សាហកម្មដែលមានជំនាញខ្ពស់នៅមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជប៉ុនចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីទាំងនេះ។

សំណួរទី៤៖ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តើឱកាសអ្វីខ្លះដែលអាចមើលឃើញសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងពីរ?

ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជប៉ុនចង់បន្តនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការបណ្តុះបណ្តាលក្នុងការបោសសម្អាតមីនសម្រាប់ប្រទេសទីបីរួមទាំងអ៊ុយក្រែនផងដែរ។

ជាងនេះទៅទៀត ជប៉ុនចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជាមួយកម្ពុជា ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក YOSHIDA Yoshihide នាយសេនាធិការនៃកងកម្លាំងស្វ័យការពារជើងគោកជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍នេះ។ យើងក៏កំណត់ពេលការហៅតាមកំពង់ផែដោយកប៉ាល់របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនមកកម្ពុជាក្នុងរយៈពេលប៉ុន្មានខែទៅមុខ។

ប្រទេសជប៉ុននៅតែបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់នេះ ដែលយើងប្រហែលជាហៅថាជាមជ្ឈមណ្ឌលកំណើននៃពិភពលោក តាមរយៈការធ្វើអោយប្រសើរឡើងនូវការតភ្ជាប់ក្នុងតំបន់។

ជាឧទាហរណ៍ ប្រទេសជប៉ុនបាននិងកំពុងសហការក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់របស់កម្ពុជាជាមួយនឹងទីផ្សារ និងកំពង់ផែក្នុងប្រទេសថៃ និងវៀតណាម តាមរយៈការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ និងការធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥ និងលេខ៦។

ប្រទេសជប៉ុន និងកម្ពុជានឹងអាចធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងយន្តការឥណទានកាបូនរួមគ្នា (JCM) ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងការរិចរិលនៃបរិស្ថាន។ ជប៉ុន​ក៏​បាន​និង​កំពុង​សហការ​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ចោល​សំរាម​នៅ​កម្ពុជា។

សំណួរទី៥៖ ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាស្មុគស្មាញរាប់ចាប់ពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ រហូតដល់ការប្រែប្រួលអាកាសធាតុ។ តាមទស្សនៈរបស់ឯកឧត្ដម តាមរយៈការធ្វើឱ្យប្រសើរឡើងដល់កម្រិតថ្មីនៃភាពជាដៃគូ តើកម្ពុជា និងជប៉ុនអាចយកឈ្នះ និងរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះដោយរបៀបណា?

ដូចដែលខ្ញុំបានលើកឡើងរួចមកហើយថា ប្រទេសជប៉ុន និងកម្ពុជាបាននឹងកំពុងសហការ និងរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលប្រឈមមុខនឹងសហគមន៍អន្តរជាតិ។

បន្ថែមពីលើកិច្ចសហប្រតិបត្តិការសម្រាប់អ៊ុយក្រែន កម្ពុជា និងជប៉ុនបាននិងកំពុងសហការផ្តល់ការគាំទ្រដល់ប្រទេសដែលនៅមានរីកសាយមីនផ្សេងទៀតដូចជា កូឡុំប៊ី ឡាវ អ៊ីរ៉ាក់ និងអង់ហ្គោឡា។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ PKO កម្ពុជាគឺជាប្រទេសទីមួយដែលជប៉ុនដាក់ពង្រាយកងកម្លាំងស្វ័យការពាររបស់ខ្លួនក្នុងនាមជាអ្នករក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ បន្ទាប់​មក កម្ពុជា​បាន​ក្លាយ​ជា​អ្នក​ចែក​ចាយ មិន​មែន​ជា​អ្នក​ទទួល PKO ទេ។ មកទល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសម្រាប់ប្រទេសចំនួន៩ ដូចជាស៊ូដង់ខាងត្បូង លីបង់ សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងម៉ាលី។

ប្រទេសជប៉ុន និងកម្ពុជាបានរួមដៃគ្នាក្នុងការដោះស្រាយបញ្ហាសកល ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាន។

ប្រទេសទាំងពីរប្រើប្រាស់យន្តការឥណទានកាបូនរួមគ្នា​ (JCM) ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរទៅកាន់សង្គមដែលមានកាបូនទាប តាមរយៈមធ្យោបាយរួមមានរោងចក្រថាមពលពន្លឺព្រះអាទិត្យ និងភ្លើងបំភ្លឺផ្លូវ LED ដែលមានប្រសិទ្ធភាពខ្ពស់។

ប្រទេសជប៉ុនក៏បានផ្តល់ជំនួយតាមរយៈ UNDP ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយការបំពុលផ្លាស្ទិកក្នុងសមុទ្រ និងលើកកម្ពស់ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់ប្លាស្ទិក។ យើងសង្ឃឹមថាគំនិតផ្តួចផ្តើមទាំងនេះមិនត្រឹមតែទប់ស្កាត់ការបំពុលប្លាស្ទីកសមុទ្របន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកម្ពុជាក្នុងការកសាងសង្គមប្រកបដោយចីរភាពផងដែរ។

*****

វាគ្មិនកិត្តិយស៖ ឯឧត្ដម Atsushi UENO ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner