សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីថ្ងៃនេះទៅ មិនមានការលើកលែងដល់ជនណា ដែលប្រមាថដល់ក្រុមគ្រួសារសម្តេច និងរាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃនេះតទៅ មិនមានការលើកលែងដល់ជនណាក៏ដោយ ដែលបានប្រមាថដល់ក្រុមគ្រួសារសម្តេច និងរាជរដ្ឋាភិបាល។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែង វណ្ណៈ ត្រូវបានអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនស៊ីលុយបរទេស ទាមទារឲ្យថ្កោលទោស ដោយសារបាននិយាយអាក្រក់ពីស្ត្រីដែលនិយាយព័ត៌មានរហូតដល់វិទ្យុ VOD ស្លាប់ ដែលគ្មានពេលចាប់ជាតិ ។
សម្តេចបញ្ជាក់ថា ខ្ញុំមិនកាន់ជើង ផែង វណ្ណៈ ទេ តែអ្វីដែលខ្ញុំមិនអស់ចិត្ត គឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដង ប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់ VOD ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «តើអង្គការទាំង ៤០នេះក្តាប់បានរឿងនេះឬទេ? បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។ សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាលតទៅទៀត»។ សម្តេច ថា «ការបិទ VOD ជាការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានកម្ពុជា»។ សម្តេចប្រកាសថា «សូមកុំគិតថា VOD អាចរស់ឡើងវិញឱ្យសោះ»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់ជនបរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដោយមិនបានដឹងរឿងពិតជាក់ស្តែង។ សម្តេចបញ្ជាក់ថា «បើបរទេសជួយបានមែន ម្លេះអាគណបក្សដែលងាប់ទៅយូរហើយ វារស់ឡើងវិញបាត់ទៅហើយ កុំថាឡើយអាវិទ្យុតូចតាចនេះ»។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដែរថា ចាប់ពីថ្ងៃនេះតទៅ មិនមានការលើកលែងដល់ជនណាក៏ដោយ ដែលបានប្រមាថមើលងាយដល់ក្រុមគ្រួសារសម្តេច និងរាជរដ្ឋាភិបាល ។ សម្តេចបញ្ជាក់ថា បើជ្រុលតែអ្នកឯងហៅខ្ញុំជាមនុស្សអាងអំណាច ខ្ញុំនឹងប្រើអំណាចដើម្បីរកភាពត្រឹមត្រូវ ស្អាតស្អំ សម្រាប់ខ្លួនឯង។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេ តែគេថែមទាំងប្រមាថភរិយាខ្ញុំ ក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះ កំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះប្អូនស្រីម្តាយ ជីដូនម្តាយមីង ដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ