មន្រ្តីជាន់ខ្ពស់ ក្រសួងអប់រំ បច្ចុប្បន្ននេះ ជាសម័យឌីជីថល កាលណាមនុស្សមិនចេះអក្សរ គឺមិនអាចដើរទាន់សម័យកាលបច្ចេកវិទ្យានេះបានទេ
កំពង់ចាម៖ សិក្ខាសាលាស្ដីពីការលើកកម្ពស់ការអនុវត្តកម្មវិធីអក្ខរកម្ម ត្រូវបានរៀបចំបើកដោយឯកឧត្ដមណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២៣នៅសាលាប្រជុំមន្ទីរខេត្តកំពង់ចាម។
សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្ដមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាលេខាធិការដ្ឋានថ្នាក់ដឹកនាំនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ ថ្នាក់ដឹកនាំមន្ទីរអប់រំ រាជធានី ខេត្តទាំង២៥ សរុបចំនួន៧៧នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្ដម ណុះ ស្លេះ មានប្រសាសន៍ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តការងារអក្ខរកម្មដោយរំដោះអនក្ខរជនឱ្យចេះអក្សរបាន២% បើប្រៀបធៀបអនក្ខរជនលើពិភពលោកពិសេសនៅប្រទេសអាហ្រិក និងកូដឺវ័រ។ មិនតែប៉ុណ្ណោះ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការជួយទាំងសម្ភារៈ និងថវិកា ពីអង្គការយូណេស្កូ បានបើកថ្នាក់អក្ខរកម្មចំនួន២០ថ្នាក់ ជួយកម្មករ កម្មការិនីតាមរោងចក្រឱ្យចេះអក្សរ ចេះគិតលេខ និងយល់ដឹងពីមេរៀនជីវិត ហើយនៅឆ្នាំបន្ទាប់ៗនឹងមានពង្រីកថ្នាក់អក្ខរកម្មឱ្យបានពី៣០ថ្នាក់ទៅ៤០ថ្នាក់បន្ថែមទៀត។
ឯកឧត្ដម រដ្ឋលេខាធិការ បន្តថា បច្ចុប្បន្ននេះជាសម័យឌីជីថល កាលណាមនុស្សមិនចេះអក្សរគឺមិនអាចដើរទាន់សម័យកាលបច្ចេកវិទ្យានេះបានទេ។ ដូច្នេះហើយ ពលរដ្ឋគ្រប់រូបដាច់ខាតត្រូវតែចេះអក្សរ ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ ជាទីបញ្ចប់ឯកឧត្ដម បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំប្រឹងប្រែងក្រេបយកចំណេះដឹង បទពិសោធន៍ល្អៗ គំនិតថ្មីៗពីគ្រូឧទ្ទេស ដើម្បីពង្រឹង និងលើកកម្ពស់កម្មវិធីអក្ខរកម្មឱ្យដំណើរការកាន់តែប្រសើរឡើងថែមទៀត ៕ ដោយ-រ៉ាវុធ