ចិន និងហុងគ្រីប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីសហការជាមួយប្រទេសដទៃទៀត ក្នុងការបញ្ចប់សង្គ្រាមអ៊ុយក្រែន
ប៊ុយដាប៉ែស៖ អ្នកការទូតកំពូលចិននៅថ្ងៃចន្ទសប្តាហ៍នេះថ្លែងថា ប្រទេសចិន និងហុងគ្រីបានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលស្រឡាញ់សន្តិភាព ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន។

លោក វ៉ាង យី បានថ្លែងបែបនេះនៅក្នុងទីក្រុងប៊ុយដាប៉ែស ចំពេលមានភាពតានតឹង ជុំវិញការចោទប្រកាន់របស់អាមេរិកដែលថា ទីក្រុងប៉េកាំងកំពុងពិចារណាផ្តល់អាវុធដល់រុស្ស៊ីនៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ។

នាឱកាសនោះដែរ លោក វ៉ាង បន្តថា ប្រទេសចិន និងហុងគ្រីរីករាយក្នុងការធ្វើការរួមគ្នាជាមួយប្រទេសដែលស្រឡាញ់សន្តិភាពផ្សេងទៀត ដើម្បីបញ្ចប់សង្រ្គាមបច្ចុប្បន្នឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ លោក វ៉ាង បាននិយាយយ៉ាងដូច្នេះថា យើងចង់ឱ្យភាគីនានាត្រឡប់ទៅតុចរចាវិញ ដោយលោកបានរំលឹកឡើងវិញនូវការអំពាវនាវឱ្យមានការគាំទ្រ ចំពោះសំណើរបស់ចិនដើម្បីបញ្ចប់សង្រ្គាម។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ បាននិយាយថា គាត់ស្វាគមន៍ចំពោះគោលជំហររបស់ចិន ដែលព្យាយាមបង្កើតសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បើតាមលោក វ៉ាង ទោះបីជាប្រទេសចិន និងហុងគ្រីមានភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងខ្លាំង៕

ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា