រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ល។ កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃផងដែរ។ មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានឈានឡើងដល់កម្រិត «ភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»៕
ដោយ៖ពលជ័យ
