ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោសទង្វើប្រមាថព្រះមហាក្សត្រ និងបំភ្លៃការពិតរបស់ជនក្បត់ជាតិបីជំនាន់ ទណ្ឌិត សម រង្ស៊ី
ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាលបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើរបស់ជនក្បត់ជាតិតពូជបីជំនាន់ សម រង្ស៊ី ដែលបានបន្តប្រមាថ និងរំលោភបំពានចំពោះ អង្គព្រះមហាក្សត្រ ម្តងហើយម្ដងទៀត បំពានលើ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា « អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពាន បានឡើយ » និងជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមមេធាវីរាជរដ្ឋាភិបាល ថ្កោលទោស និងទាត់ចោលទាំងស្រុង នូវការលើកឡើងរបស់ទណ្ឌិតក្បត់ជាតិ ក្បត់ព្រះមហាក្សត្ររូបនេះ ដែលបានថ្លែងបំផ្លើសផ្ទុយពីការពិត ទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលប្រសូត្រចេញមកពីគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់នានាជាធរមាន និងប្រកបដោយភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ ។
ក្រុមមេធាវីរាជរដ្ឋាភិបាល បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឹងម៉ាត់ចំពោះ ទណ្ឌិតអន្ធពាល សម រង្ស៊ី និង បក្ខពួក ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន យ៉ាងគឃ្លីន នេះ ។
យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃ អង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យស្នេហាជាតិដ៏ល្អបរិសុទ្ធ និងព្រះរាជតួនាទី ដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមមេធាវីរាជរដ្ឋាភិបាល គាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់ សម្ដេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុល និយមរបស់ជនក្បត់ជាតិបីជំនាន់ ឱ្យអស់ពីកម្ពុជា ៕
ដោយ៖ពលជ័យ