សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី នៅវិមានសន្តិភាព

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នៅវិមានសន្តិភាព ដោយមានសមាសភាពចូលរួមប្រមាណ ៦០០នាក់ ។

លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានឱ្យដឹងថា ការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី នៅថ្នាក់ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន ។

លោកជំទាវ បានបន្តថា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងកិច្ចការនារី បានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារ ការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីលធម៌សង្គម និងភាពជាអ្នកដឹកនាំ និងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និងសមាហរណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។ នៅឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨៥៤២នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

លោកជំទាវ អ៊ឹង កន្ថាផាវី បានបន្តទៀតថា ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។ កម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។ នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០%ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។

លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្រេចបានសមិទ្ធផលជាច្រើន ដែលជាការខិតខំប្រឹងប្រែងដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូជាតិ និងអន្តរជាតិពាក់ព័ន្ធ ដែលបានចូលរួមអនុវត្តន៍កិច្ចការពារសិទ្ធិស្ត្រី និងពង្រឹងភាពអង់អាចដល់ស្ត្រី ដែលជាយុទ្ធសាស្ត្រអាទិភាពរបស់ រាជរដ្ឋាភិបាល ដែលចាត់ទុកស្ត្រីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងសង្គមជាតិ ។

ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ នៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយះយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាល ភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រី និងក្មេងស្រី មានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលដើម។ល។

ជាមួយនេះ លោកជំទាវ ក៏បានថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ។

នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ។ សម្តេច បន្តថា បច្ចុប្បន្ន ស្ត្រី បានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនវិស័យ។

សូមជម្រាបថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចតេជោ ហ៊ុន សែន ជាអនុប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner