លោក បៃដិន សន្យាផ្តល់ជំនួយយោធាថ្មីចំនួន ៥០០ លានដុល្លារដល់ អ៊ុយក្រែន អំឡុងពេលទស្សនកិច្ចនៅទីក្រុងគៀវ
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសផ្តល់ ជំនួយយោធាថ្មីដល់អ៊ុយក្រែន ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដែលមិនបានប្រកាសឱ្យសាធារណៈដឹងជាមុន ទៅកាន់រដ្ឋធានីអ៊ុយក្រែន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ប្រធានាធិបតីរូបនេះបានបង្ហាញពីសាមគ្គីភាពជាមួយនឹងទីក្រុងគៀវ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នឹងដល់ថ្ងៃខួបលើកទីមួយនៃការឈ្លានពាន របស់រុស្ស៊ីមកលើអ៊ុយក្រែន។
ពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់ ចំពោះដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិកលើកនេះ។ គួរដឹងដែរថា ស៊ីរ៉ែនចាប់យក សញ្ញាវាយឆ្មក់របស់សត្រូវតាមអាកាសបានបន្លឺ ឡើងពាសពេញរដ្ឋធានីអ៊ុយក្រែន ខណៈលោក បៃដិន កំពុងធ្វើទស្សនកិច្ច នៅទីក្រុងគៀវ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែពុំមានការរាយការណ៍ណាមួយពីការបាញ់មីស៊ីល ឬការវាយប្រហារតាមអាកាសរបស់រុស្ស៊ីឡើយ។
លោក បៃដិន បានលើកឡើងថា វ៉ាស៊ីនតោននឹងឈរជាមួយអ៊ុយក្រែនគ្រប់ ពេល វេលាដែលអ៊ុយក្រែនត្រូវការ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាអ្នកផ្គត់ផ្គង់ជំនួយយោធាដ៏ច្រើនជាងគេបំផុតដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដូចជាការបំពាក់បរិក្ខារសព្វាវុធទំនើបផ្សេងៗឱ្យកាន់តែប្រសើរឡើងជាងមុន។ លោក ហ្សេលេនស្គី បាននិយាយទៅកាន់លោក បៃដិន ថា «ដំណើរទស្សនកិច្ចរបស់អ្នកគឺជាសញ្ញាដ៏សំខាន់បំផុតនៃការគាំទ្រដល់ប្រជាជនអ៊ុយក្រែនទាំងអស់»។
យោងតាមប្រសាសន៍របស់លោក បៃដិន បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់កញ្ចប់ជំនួយយោធាថ្មីមួយ មានតម្លៃ ៥០០ លានដុល្លារសហរដ្ឋអាមេរិក ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃអង្គារ។ លោកបានបញ្ជាក់ថា ជំនួយលើកនេះនឹងរួមបញ្ចូលទាំងគ្រាប់រំសេវបន្ថែមទៀតសម្រាប់បំពេញបន្ថែមទៅលើប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ ឬភាសាអង់គ្លេសហៅថា High Mobility Artillery Rocket Systems។
នៅក្នុងការថ្លែងសុន្ទរកថាមួយ លោក បៃដិន បានលើកសរសើរពីភាពក្លាហានរបស់អ៊ុយក្រែននៅក្នុងសមរភូមិសង្រ្គាមមួយនេះ ហើយលោកបានបន្ថែមថា លោកធ្លាប់បានមកទស្សនាទីក្រុងគៀវចំនួន ៦ ដងរួចមកហើយ គឺកាលពីលោកនៅធ្វើជាអនុប្រធានាធិបតី។ លោកនិយាយថា «ខ្ញុំបានដឹងច្បាស់ថាខ្ញុំនឹងត្រលប់មកវិញសារជាថ្មី»។
គួរកត់សម្គាស់ថា ស៊ីរ៉ែនបង្ហាញសញ្ហាសត្រូវវាយឆ្មក់តាមអាកាសបានបន្លឺឡើងខ្លាំងៗអំឡុងពេលដែលមេដឹកនាំទាំងពីរជួបសំណេះសំណាលគ្នានៅខាងក្នុងវិហារមួយឈ្មោះថា St Michael’s Golden-Domed Cathedral ដែលជាវិហារមួយស្ថិតនៅលើទីលាននៅកណ្តាលទីក្រុងគៀវ និងជាកន្លែងដែលរថក្រោះរុស្ស៊ីត្រូវបានឆាបឆេះអស់សល់តែឆ្អឹង។
លោក ហ្សេលេនស្គី បានបង្ហោះរូបថតរបស់មេដឹកនាំទាំងពីរចាប់ដៃគ្នា ហើយបានសរសេរនៅលើបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា «សូមស្វាគមន៍លោក ចូ បៃដិន មកកាន់ទីក្រុងគៀវ។ ដំណើរទស្សនកិច្ចរបស់អ្នកគឺជាសញ្ញាដ៏សំខាន់បំផុតនៃការគាំទ្រដល់ប្រជាជនអ៊ុយក្រែនទាំងអស់»។
ដំណើរទស្សនកិច្ចរបស់លោក បៃដិន នាពេលនេះ បានប្រព្រឹត្តទៅមួយថ្ងៃមុនពេលដែលលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវធ្វើសុន្ទរកថាដ៏សំខាន់មួយ ដើម្បីកំណត់គោលដៅរបស់រុស្ស៊ីសម្រាប់ឆ្នាំទីពីរនៃការឈ្លានពានដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
ខួបនៃថ្ងៃឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីនេះ នឹងធ្វើឡើងលើសពីសារៈសំខាន់ដែលត្រឹមតែជានិមិត្តរូបមួយ ប៉ុន្តែវានឹងក្លាយជាអ្វីដែលលោកខាងលិចចាត់ទុកថា ជាការលើកទឹកចិត្តដល់ពលរដ្ឋអ៊ុយក្រែនគ្រប់រូបដែលខិតខំតស៊ូដ៏សាហាវបំផុតក្នុងភ្លើងសង្រ្គាម ខណៈដែលទីក្រុងម៉ូស្គូបានបញ្ជូនទាហាន និងទាហានស៊ីឈ្នួលរាប់ពាន់នាក់ចូលទៅក្នុងសមរភូមិកាលពីរដូវរងា។
រហូតមកដល់ពេលនេះ រុស្ស៊ីទទួលបានការចំណេញតិចតួចប៉ុណ្ណោះពីការវាយលុកទៅក្នុងលេណដ្ឋានទឹកកក ទាំងផ្នែកខាងលើអាកាស និងនៅលើដីដែលស្ថិតក្នុងតំបន់ផ្នែកខាងមុខ ភាគខាងកើតប្រទេសអ៊ុយក្រែន។ ដោយឡែក សម្រាប់ទីក្រុងគៀវ និងលោកខាងលិចវិញ បានមើលឃើញថា ការវាយលុកប៉ុន្មានសប្ដាហ៍ចុងក្រោយនេះគឺលោក ពូទីន ចង់ជំរុញឱ្យរុស្ស៊ីទទួលបានជ័យជំនះក្នុងរយៈពេលមួយឆ្នាំពេញ បន្ទាប់ពីលោកបានចាប់ផ្តើមបង្កសង្រ្គាមដ៏ធំបំផុតនៅលើទឹកដីអឺរ៉ុប រាប់ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
ឥឡូវនេះ អ៊ុយក្រែនកំពុងរៀបចំត្រៀមខ្លួនសម្រាប់ទប់ទល់ជាមួយការវាយលុកថ្មីៗនាពេលខាងមុខរបស់រុស្ស៊ី ដែលអ្នកវិភាគយោធាមួយចំនួនបានលើកឡើងថា រុស្ស៊ីកំពុងដំណើរការត្រៀមវាយប្រហារឈុតធំមកលើអ៊ុយក្រែន។
ជារឿងចៃដន្យមួយផងដែរ គឺដំណើរទស្សនកិច្ចរបស់លោក បៃដិន ប្រព្រឹត្តទៅចំថ្ងៃដែលអ៊ុយក្រែនកំពុងរម្លឹកដល់ការស្លាប់មនុស្សជាង ១០០ នាក់ ដែលត្រូវបានគេស្គាល់ថាជាថ្ងៃឋានសួគ៌មួយរយ ឬជាភាសាអង់គ្លេសថា Heavenly Hundred។ មនុស្សទាំង ១០០ នាក់ដែលបានបាត់បង់ជីវិតទៅនោះ គឺដោយសារតែពួកគេបានចូលរួមបាតុកម្មតវ៉ាផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីដែលគាំទ្រដោយក្រុងម៉ូស្គូកាលពីឆ្នាំ២០១៤៕
ដោយ៖ធា សុខណា
អត្ថបទ៖ ធា សុណា
ប្រភព៖ https://www.channelnewsasia.com/world/ukraine-invasion-biden-surprise-visit-kyiv-russia-war-anniversary-feb-24-3291181