វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែជាវិស័យនាំមុខមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា
ភ្នំពេញ ៖ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចំាឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆ្នំា២០២៣ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ តំណាងឯកឧត្ដម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ថ្លែងថា ៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែជាវិស័យនាំមុខមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសវិស័យនេះ បានជួយផ្ដល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ដែលមានជីវភាពរស់នៅពឹងអាស្រ័យលើការងារកសិកម្ម។
ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលរបស់កសិករ វិបុលភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដោយប្រែក្លាយវិស័យនេះពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់ ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការស្រាវជ្រាវ និងការអភិវឌ្ឍយរូបនីយកម្ម ព្រមទាំងបង្កើនសមត្ថភាពស្រោចស្រពដើម្បីលើកកម្ពស់ផលិតភាព ពិពិធកម្មដំណាំ ដែលមានសក្តានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្ម ជាលក្ខណៈពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា ដោយអនុលោមតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ទិសដៅគោលនយោបាយជាយុទ្ធសាស្ត្រ គឺបន្តជំរុញ កំណើនកសិកម្មប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ លើកកម្ពស់ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងបង្កើនប្រសិទ្ធភាពលើការអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស សមស្របក្នុងការគ្រប់គ្រងការប្រើប្រាស់ធនធានធម្មជាតិ ព្រៃឈើ និងជលផលប្រកបដោយចីរភាព៕
ជា សេឌី