សំណល់ថ្មពិល និងគ្រឿង អេឡិកត្រូនិក ដែលបង្កប៉ះពាល់ខ្លាំងដល់បរិស្ថានត្រូវបានប្រមូលទៅកែច្នៃឡើងវិញ
ខេត្តសៀមរាប៖ សំណល់ថ្មពិល ដែលត្រូវបានគេចាត់ទុកថាជាសំណល់បង្កការប៉ះពាល់ដល់បរិស្ថាន និង ពិសេសវា តែងបង្កប៉ះពាល់ដល់មនុស្សសត្វនោះត្រូវបានគេធ្វើការប្រមូលយកចេញទៅបរទេសដើម្បីធ្វើការកែច្នៃឡើងវិញ។
បើតាមការស្រាវជ្រាវបង្ហាញថា ប្រភេទថ្មពិលចាស់ៗឬសំណល់ថ្មពិលដែលគេប្រើប្រាស់ហើយ បានផ្ទុកនូវសាធារគ្រោះថ្នាក់ ដោយសារមានវាមានកម្រិតពុលខ្លាំងដូចជាបារត កាត់ម្ញ៉ូម នីកែលនិងសារធាតុសំណ។ម្ល៉ោះហើយការទុក ដាក់សំណល់ទាំងនេះមិនបានត្រឹមត្រូវវានឹងជះផលអាក្រក់ខ្លាំងដល់សុខភាពយើង។
តាមរយៈនេះដែរក្រសួងបរិស្ថាន រួមជាមួយ ក្រុមហ៊ុន មួយមានឈ្មោះថា អេកូបាត បានធ្វើការសហការគ្នាដើម្បីផ្សព្វផ្សាយ និងក៏ដូចជាអប់រំដើម្បីធ្វើការប្រមូលថ្មពិលចាស់ៗដែលប្រើរួចហើយដើម្បីយកទៅធ្វើការកែច្នៃឡើងវិញ។
លោក ប៉ែន ចាន់ណា ប្រធានផ្នែកលក់របស់ក្រុហ៊ុន អេកូបាត អេនើជីខេមបូឌា បានបញ្ជាក់ឱ្យដឹងថា៖មនុស្សមួយចំនួនមិនទាន់បានយល់ដឹងពីផលប៉ះពាល់ខ្លាំងកើតចេញពីថ្មពិលចាស់ៗដែលគេប្រើរួចហើយ បោះចោលពាសវាលកាលទាំងលើគោកក្នុងទឹកនោះទេ ដែលតាមពិតវាបានបង្កហានិភ័យខ្លាំងដល់សុខភាពមនុស្សសត្វទាំងរយៈពេលខ្លី និង វែង។
ទន្ទឹមជាមួយការលើកឡើងពីផលប៉ះពាល់កើតចេញពីកាកសំណល់ថ្មពិលនេះដែរ លោកបានអំពាវនាវ ពលរដ្ឋ ដែលប្រើប្រាស់ថ្មពិលរួចហើយគួរតែយកទៅទុកដាក់ក្នុងធុងប្រមូលថ្មពិលដែលក្រុមហ៊ុនរបស់លោកបានសហការជាមួយ ក្រសួងបរិស្ថាន មានដាក់ច្រើនទីតាំងដែលមានប្រមាណជាង១០០ទីតាំងទាំងតាមទីផ្សារ ស្ថានីយប្រេងឥន្ធនៈនិង តាមបុរីនានា។
លោក ប៉ែន ចាន់ណា បានឱ្យដឹងបន្ថែមថាក្រុមហ៊ុនរបស់លោកបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ដែលនាពេលនោះបានផ្តោតសំខាន់តែទៅលើការជួសជុលអាគុយចាស់ៗដើម្បីប្រើប្រាស់ឡើងវិញប៉ុណ្ណោះ។ពេលនេះការដំណើរការជួសជុលអាគុយនៅតែប្រព្រឹត្តិឡើងដដែលដើម្បីធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ ហើយចំពោះគុណភាពឃើញថាក៏អាចប្រើប្រាស់បានល្អប្រសើរមិនចាញ់ថ្មីប៉ុន្មានដែរ។
ទាក់ទិនការប្រមូលថ្មពិល សំណល់អេឡិត្រូនិកនេះដែរគិតរហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនអេកូបាតរបស់លោកបានប្រមូលសរុបប្រមាណ ៧តោន ដើម្បីរក្សាទុកមុនបញ្ជូនធ្វើការកែច្នៃនៅបរទេសនិងសំណល់ខ្លះធ្វើការកែច្នៃប្រើប្រាស់ក្នុងស្រុកឡើងវិញ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា៖ក្រុមហ៊ុនដែលទទួលបានសិទ្ធពីក្រសួងបរិស្ថានពាក់ព័ន្ធនូវការប្រមូលនូវកាកសំណល់អេឡិកត្រូនិកដូចជាកុំព្យូទ័រ អាគុយ ថ្មពិលជាដើម។ តាមរយៈការប្រមូលកាកសំណល់ទាំងអស់នេះគឺជាការកាត់បន្ថយនូវកាកសំណល់នៅលើភពផែនដី តាមរយៈការអនុវត្តនូវគោលការណ៍3R គឺកាត់បន្ថយ ការប្រើប្រាស់ ,ការកែច្នៃឡើងវិញ ,ការប្រើប្រាស់ឡើងវិញនូវសំណល់ដែលស្ថិតនៅសេដ្ឋកិច្ចចក្រាឬសេដ្ឋកិច្ចវិលជុំដែលសំដៅទៅលើការធ្វើឱ្យសំណល់មានប្រយោជន៍និងមានតម្លៃ ហើយអាចប្រើប្រាស់វិលត្រឡប់ទៅវិញ។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ៖”អ្វីដែលផលិតផលចេញមកនេះគឺចេញមកពីកាកសំណល់ដែលយើងបោះចោល ហើយបងប្អូនមួយចំនួនយល់ថាកាកសំណល់ទាំងហ្នឹងអត់មានតម្លៃទេតាមពិតវាមានតម្លៃជាសេដ្ឋកិច្ច សំខាន់ណាស់ និងបើសិនយើងប្រើប្រាស់នូវមធ្យោបាយ និង វិធីសាស្រ្តកែច្នៃកាន់តែច្រើនមានន័យថាយើងដកហូតសេដ្ឋកិច្ចពីសំរាមកាន់តែច្រើនដែរ”។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការបានធ្វើការពន្យល់ដែរថា “ក្នុងសំណល់១០០ភាគរយដែលយើងប្រើប្រាស់រៀងរាល់ថ្ងៃនេះមាន៦០ទៅ ៦៥ភាគរយហើយជាសំណល់សិរីរាង្គ ២០ភាគរយជាសំណល់ប្លាស្ទិកនិងសំណល់ប្រមាណ១០ភាគរយជាសំណល់រឹងដូចជា គ្រឿងអេឡិកត្រូនិកនានាក៏យើងនៅតែអាចយកមកកែច្នៃមកប្រាស់បានដូចគ្នា”៕
ដោយ៖ ម៉ាដេប៉ូ