គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” ទម្លាយវិដេអូលោកកឹម សុខា និយាយអំពីផែនការផ្តួលរំលំរដ្ឋាភិបាល

ភ្នំពេញ៖គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” បានទម្លាយវីដេអូលោកកឹម សុខា និយាយអំពីផែនការនិងយុទ្ធសាស្ត្រ ពីអ្នកជំនាញការនិងសាស្ត្រាចារ្យល្បីៗដែលអាមេរិក​ជួលមកឱ្យបង្រៀនពីយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំនៅក្នុងប្រទេសកម្ពុជា ពោល​គឺយកគំរូបតាមប្រទេសយូហ្គោស្លាវី នៅសឺប៊ី។ លោកកឹម សុខា ក៏បាននិយាយអំពីផែនការ​របស់ខ្លួន និងបក្ខពួក គឺមានរយៈពេល ២០ឆ្នាំមកហើយ គឺតាំងពីឆ្នាំ១៩៩៣ ដោយទទួលបានការបណ្តុះបណ្តាលពីអាមេរិក។

នៅក្នុងវីដេអឃ្លីបនោះលោកកឹម សុខា បានបញ្ជាក់ថា អាមេរិកឱ្យលោកដកខ្លួនចេញអំពីនយោបាយមួយរយៈសិន។ លោកក៏លាឈប់ពីនយោបាយនៅឆ្នាំ២០០២ ដើម្បីទៅបង្កើតអង្គការមួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ “តើគេឱ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរអ្នកដឹកនាំផ្តាច់ការ យើងមិនអាចទៅជល់ខាងលើទេមុននឹងដូរខាងលើបានទាល់ តែគាស់អាក្រោមសិន ប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្រនយោបាយរបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ”។

តាមរយៈវីដេអូឃ្លីបរយៈពេល ១០:៤២នាទី ដែលលោកកឹម សុខា និយាយកាលពីឆ្នាំ​២០១៣អំពីផែនការផ្តួលរំលំរដ្ឋា ភិបាលស្របច្បាប់ ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំជា សម រង្ស៊ី” បង្ហោះផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងវីដេអូឃ្លីប លោកកឹម សុខា បាននិយាយយ៉ាងដូច្នេះថា “វាអយុត្តិធម៌សម្រាប់ពួកខ្ញុំដែលកំពុងតែតស៊ូយកអាយុ ជីវិតទៅប្តូរតទល់ជាមួយពួកផ្តាច់ការមិនមែនអង្គុយថាទេ។ខ្ញុំកឹមសុខាធ្វើ២០ឆ្នាំហើយដែលតស៊ូប្រឆាំងជាមួយនឹងពួកហ៊ុនសែន អត់ដែលថយមួយជំហានទេ ឈរលើគោលការណ៍ជានិច្ច។មិនមែនដោយសារជោគជ័យបានដោយសារ ថ្ងៃចុងក្រោយនេះទេ គឺបានដោយសារការសន្សំយូរណាស់មកហើយ។ ប្រជារាស្ត្របានក្រោកឡើងនេះគឺមិនមែន ក្រោកថ្ងៃនឹងទេ ដោយសារតែជាយុទ្ធសាស្ត្រច្បាស់លាស់របស់យើងខ្ញុំ។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា ម៉េចក៏បានជាដល់ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរងើបឡើងយ៉ាងច្រើនកុះកររាប់នាក់ ហើយលែងខ្លាច ហើយហ៊ាន ហើយបានយល់ដឹងបានបញ្ចេញនៅទស្សនៈល្អៗ តើដោយសារអី? មិនមែនដោយសារមួយខែឃោសនានឹង ឬមួយថ្ងៃនឹងទេ គឺខ្ញុំសន្សំ២០ឆ្នាំហើយបងប្អូន តាំងពីឆ្នាំ១៩៩៣ ដែលខ្ញុំជាប់តំណាងរាស្ត្រដំបូង អាមេរិកកាំ រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិកមុនគេបង្អស់ក្នុងនាមអ្នកនយោបាយខ្មែរនៅក្នុងប្រទេស ដើម្បីឲ្យយល់អំពីដំណើរការប្រជាធិបតេយ្យ គេជួយ មួយឆ្នាំខ្ញុំទៅម្តងៗ តាំងពីឆ្នាំ១៩៩៣។ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឱ្យប្រទេសកម្ពុជាមានការផ្លាស់ប្តូរនោះ គេត្រូវឱ្យខ្ញុំដកខ្លួនចេញអំពីនយោបាយមួយគន្លាក់សិន មួយដំណាក់សិន។ខ្ញុំក៏លាឈប់ពីនយោបាយពីគណបក្សនយោបាយដែលខ្ញុំធ្លាប់នៅនៅឆ្នាំ២០០២។ដើម្បីបង្កើតអង្គការ មួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ តើគេឱ្យបង្កើតដើម្បីអី? គេថាបើចង់ប្តូរអ្នកដឹកនាំផ្តាច់ការយើងមិនអាច ទៅជល់ខាងលើទេមុននឹងដូរខាងលើបានទាល់តែគាស់អាក្រោមសិនប្តូរពីក្រោមទៅមុនជាយុទ្ធសាស្ត្រនយោបាយរបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ”។

លោកកឹម សុខា បានបញ្ជាក់ថា “សហរដ្ឋអាមេរិមដែលគេជួយខ្ញុំនេះ គេឱ្យខ្ញុំយកម៉ូឌែលតាមនៅប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការ គេប្តូរបានដោយសារគេធ្វើយយុទ្ធសាស្ត្រនឹងហើយគេយកបទពិសោធន៍នឹងមក ឱ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មានអ្នកណាដឹងទេ។ប៉ុន្តែយុទ្ធសាស្ត្រនេះដោយសារយើងឈានជោគជ័យមួយដំណាក់ហើយ ខ្ញុំត្រូវតែប្រាប់បងប្អូនឱ្យដឹង។ហើយនៅបន្តទៀតជោគជ័យយើងនឹងទទួលបានឱ្យតែយើងដើរតាម។បើយើងធ្វើឆូងឆាំងអាចច្បាំងអាងកាប់អាងចាក់ យើងយកក្បាលយើងទៅជល់ថ្ម។ តើវាបែកក្បាល ហើយបែកថ្ម? វាបែកក្បាល។

នយោបាយគឺយើងរកឈើដើម្បីគាស់ថ្មនឹងបបួលគ្នារកឈើគាស់ថ្មនឹងបានរប៉ើកថ្មនឹងបើយើងយកក្បាលទៅជល់ថ្មវាបែក ក្បាល វាមិនមែនបែកថ្មទេ។ ឥឡូវបងប្អូនថា ចាំអីទៀតប្រជារាស្ត្រគាំទ្រប៉ុណ្ណឹងហើយ បាតុកម្មកុំឈប់នៅនឹងទៅ យើងដឹងយើងយល់បញ្ហានឹងប៉ុន្តែយើងសួរថាយើងយកក្បាលទៅជល់រថក្រោះអីចឹងបានខ្ញុំសូមអាធ្យាស្រ័យឲ្យបងប្អូនជនរួមជាតិទាំងអស់មេត្តាយល់។តើទិសដៅយើងចង់បានអីនៅពេលនេះ?។ប្រជារាស្ត្រស្រែកនៅពេលដែលឃោសនាបោះឆ្នោត គាត់ស្រែកថាម៉េច ដូរឬមិនដូរ? ពេលខ្ញុំសួរគាត់ថា ដូរឬមិនដូរ ដូរ។ …នៅពេលដែលសង្គ្រោះជាតិឈ្នះយើងនឹងឆ្លាក់នៅសារនយោបាយនឹង ធំនៅទីក្រុងយើងនឹង ដូរឬមិនដូរ ដូរ ហើយយើងឆ្លាក់លេខ ៧ ដើម្បីជាប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរ។ មិនមែនពួកខ្ញុំធ្វើលេងៗតាមតែនឹកឃើញទេបងប្អូន”។

លោកកឹម សុខា បានអះអាងថា “… ខ្ញុំអត់មានធ្វើតាមខ្ញុំនឹកឃើញទេ គឺមានអ្នកជំនាញការ សាស្ត្រាចារ្យប្រូហ្វេសសឺនៅ សកលវិទ្យាល័យនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនៅទីក្រុងម៉ុងរ៉េអាល់ប្រទេសកាណាដាដែលអាមេរិកកាំងគេជួលមកដើម្បីធ្វើការផ្តល់មតិឱ្យខ្ញុំរបៀបជាយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរមេដឹកនាំផ្តាច់ការនៅស្រុកខ្មែរនឹងហើយបើខ្ញុំធ្វើតាមក្បួនប៉ុណ្ណឹងហើយ មានយុទ្ធសាស្ត្រប៉ុណ្ណឹងហើយ បើមិនជោគជ័យទៀត ខ្ញុំមិនដឹងថាយ៉ាងម៉េចទៀតទេ។ ឥឡូវឃើញវាដើរហូត វាទៅមុខដើរត្រូវសព្វថ្ងៃនេះ ដើរបង្រៀនប្រជាពលរដ្ឋរហូតដល់ប្រជាពលរដ្ឋហ៊ាននិយាយការពិត ហ៊ានធ្វើបាតុកម្ម ហ៊ានក្រោកឈរឡើង…។”

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញការល្បីៗអំពីផែនការផ្តួលរំលំរដ្ឋាភិបាលគឺយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ»ដែលធ្វើឡើងដោយក្រុមអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជាបានចាប់ផ្តើមចេញជារូបរាងនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ ដោយយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» គឺគេបានប្រើប្រជាពលរដ្ឋសកម្មជនដីធ្លីអង្គការ សង្គមស៊ីវិល ក្នុងការចេញតវ៉ាទាមទារគ្រប់រូបភាព ដើម្បីធ្វើសកម្មភាពបង្កចលាចលនៅក្នុងសង្គម។ប៉ុន្តែដោយសាររដ្ឋា ភិបាលក្តាប់បានពីផែនការដ៏ខ្មៅកង្វក់នេះ គឺទប់ស្កាត់បានទាន់ពេលវេលា៕ ដោយ៖ ពលជ័យ

ads banner