នាយករដ្ឋមន្ត្រីនូវែលសេឡង់បង្ហាញចេតនាកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានធន់ជាងមុនដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ
ណូវែលសេឡង់៖នាយករដ្ឋមន្ត្រីនូវែសេឡង់ បាននិយាយកាលពីថ្ងៃ អង្គារថា ប្រទេសនេះត្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ថែមទៀតឱ្យកាន់តែធន់ជាងមុន ដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ ដែលកាន់តែអាក្រក់ទៅៗ។
នាយករដ្ឋមន្ត្រី Chris Hipkins បានពណ៌នាអំពីព្យុះស៊ីក្លូន Gabrielle ដែលបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធលើកោះខាងជើង របស់ប្រទេសនូវែលសេឡង់ និងបណ្ដាលឱ្យមនុស្ស១១នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។
កាលពីពីរសប្តាហ៍មុនព្យុះស៊ីក្លូនបានវាយប្រហារទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ ឈ្មោះ Auckland និងបានសម្លាប់មនុស្សបួន នាក់។
លោកHipkins លើកឡើងថា ការចំណាយរបស់រដ្ឋាភិបាលនឹង ការកើន ឡើងចំនួនប្រាំបួនដងបើធៀបនឹងការចំណាយប្រចាំឆ្នាំ សារពើពន្ធ ២០២១-២០២២។ រដ្ឋាភិបាលចំណាយភាគច្រើនគឺអន្តរាគមន៍ជួយកសិករ ដើម្បីទប់ ទល់នឹងគ្រោះទឹកជំនន់ ព្យុះ និងគ្រោះរាំងស្ងួត។
លោកបន្ថែមថា គ្រោះថ្នាក់បណ្ដាលអាកាសធាតុនៅប្រទេសនេះ កើនឡើង ជាងទ្វេដងក្នុងរយៈពេល៤ឆ្នាំចុងក្រោយ កាលពីឆ្នាំ២០១៨ ហេតុការណ៍អាកាសធាតមានជាមធ្យម៦៧ក្នុងមួយឆ្នាំខណៈ២០២១ហេតុការណ៍វាយប្រហារដោយអាកាសធាតុឡើងដល់១៤០ ក្នុងមួយឆ្នាំ។
Hipkins បានប្រាប់សភាថា ៖«យើងដឹងថារបៀបដែលយើងងើប ឡើងវិញ ត្រូវធ្វើខុសគ្នាបន្តិចបន្តួចនៅពេលនេះ” ។ យើងត្រូវកសាងឡើងវិញឱ្យកាន់តែប្រសើរឡើង យើងត្រូវកសាង ឡើង វិញឱ្យកាន់តែមានសុវត្ថិភាព យើងត្រូវកសាងឡើងវិញឱ្យកាន់តែ ឆ្លាតវៃ»។
ព្យុះស៊ីក្លូន Gabrielle បានវាយប្រហារភាគខាងជើងរបស់ប្រទេស នៅ ថ្ងៃទី ១៣ ខែកុម្ភៈ ហើយកម្រិតនៃការខូចខាតត្រូវបានគេប្រៀប ធៀបទៅនឹងព្យុះស៊ីក្លូន Bola ក្នុងឆ្នាំ១៩៨៨ ដែលជាគ្រោះអាក្រក់ បំផុតក្នុងកំណត់ត្រាប្រទេសនេះ។
លោកHipkins បន្ថែមថា ប្រទេសនូវែលសេឡង់មិនអាច បដិសេធ បានទេថាប្រទេសនេះនឹង ជួបប្រទះឥទ្ធិពលអាក្រក់បណ្ដាលមកពី ការប្រែប្រួលអាកាសធាតុហើយគ្រោះមហន្ដរាយបណ្ដាលមកពីអាកាសធាតុនឹងកាន់តែខ្លាំងទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបញ្ជាក់៖ «ប្រទេសនេះត្រូវទាមទារឱ្យមានការវិនិយោគ បន្ថែម រាប់ពាន់លានដុល្លារ។ មិនមែនគ្រាន់តែដើម្បីជួសជុល អ្វីដែល ខូចនោះ ទេ ប៉ុន្តែត្រូវបង្កើតភាពធន់បន្ថែមទៀត ដូច្នេះយើងអាចទប់ទល់នឹង បញ្ហាទាំងនេះបានកាន់តែល្អនាពេលអនាគត»។
រដ្ឋាភិបាលនូវែលសេឡង់ ស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញបន្ទាប់ ពីគ្រោះធម្មជាតិបានបំផ្លិចបំផ្លាញ។ផ្លូវហាយវេ ស្ពានថ្មល់ ផ្ទះ សម្បែងពលរដ្ឋ ជាច្រើនខ្នងបានរងការខូចខាត៕
ដោយ៖វណ្ណ ស័ក្ដិ