មេដឹកនាំតៃវ៉ាន់ថា ក្រុងតៃប៉ិកំពុងពង្រឹងទំនាក់ទំនងយោធាជាមួយអាមេរិក

តៃប៉ិ៖ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន បានថ្លែងប្រាប់សមា ជិកសភាអាមេរិកដែលកំពុងធ្វើដំណើរទស្សនកិច្ចនៅក្រុងតៃប៉ិនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់កំពុងពង្រឹងទំនាក់ទំនងយោធារបស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ហើយនឹងសហការកាន់តែជិតស្និទ្ធជាមួយមហា អំណាចមួយនេះ និងប្រទេសជាមិត្តផ្សេងទៀត ដើម្បីដោះស្រាយ ការ រីកសាយភាយនៃអំណាចផ្ដាច់ការ។
លោកស្រីបានថ្លែងថា៖ «តៃវ៉ាន់ និងសហរដ្ឋអាមេរិកបន្តជំរុញការ ផ្លាស់ប្តូរយោធា ហើយឆ្ពោះទៅមុខ តៃវ៉ាន់នឹងសហការកាន់តែ សកម្មជាមួយសហរដ្ឋអាមេរិក និងដៃគូប្រជាធិបតេយ្យផ្សេងទៀត ដើម្បីប្រឈមមុខនឹងបញ្ហាជាសកលដូចជាការពង្រីកនៃអំណាចផ្តាច់ការ និងការប្រែប្រួលអាកាសធាតុជាដើម»។ យ៉ាងណាមិញ លោកស្រីមិនបានបញ្ជាក់ព័ត៌មានលម្អិតស្ដីពី «ការផ្លាស់ប្ដូរយោធា» នោះទេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសភាគច្រើនដែរ មិន មានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ ដែលចិនទាម ទារ ថាជារបស់ខ្លួននោះទេ ប៉ុន្តែគឺជាអ្នកគាំទ្រអន្តរជាតិ និងផ្គត់ផ្គង់ អាវុធដ៏សំខាន់បំផុតរបស់កោះ ដែលជាប្រភពជម្លោះមួយក្នុងទំនាក់ ទំនងចិន-អាមេរិក។
ខណៈអាមេរិកលែងគ្រប់គ្រងមូលដ្ឋានយោធានៅតៃវ៉ាន់ ភាគីទាំង ពីរនៅតែមានទំនាក់ទំនងយោធាដ៏ល្អដែលកាន់តែជិតស្និទ្ធស្របពេលចិនបង្កើនសម្ពាធដើម្បីព្យាយាម និងបង្ខំតៃវ៉ាន់ឱ្យទទួលយក អធិបតេយ្យ ភាពរបស់ខ្លួន។ ចិនថែមទាំងបានព្រមានថានឹងប្រើកម្លាំងវាយយក ប្រសិនបើចាំបាច់។
ជាទូទៅ ដំណើរទស្សនកិច្ចរបស់មន្រ្តីលោកខាងលិច តែងតែត្រូវបាន ថ្កោលទោស ឬរិះគន់ពីចិន ដែលចាត់ទុកវាថា ជាសកម្មភាពបង្ហាញ ការទទួលស្គាល់ឯករាជ្យភាពរបស់តៃវ៉ាន់។ សមាជិកនៃគណៈកម្មាធិការជ្រើសរើសសភាអាមេរិកចិន ដែល កំពុងដឹកនាំគណៈប្រតិភូទ្វេភាគីអាមេរិកធ្វើទស្សនកិច្ចនៃតៃវ៉ាន់ លោក Ro Khanna បានប្រាប់លោកស្រី ត្សៃ ថា គណៈប្រតិភូរបស់ខ្លួន ទៅតៃវ៉ាន់លើកនេះ ដើម្បីពង្រឹងទំនាក់ទំនងទាំងសន្តិសុខ និងសេដ្ឋកិច្ច។
លោក Khanna បានបន្ថែមថា៖ «យើងមកទីនេះដើម្បីពង្រឹង ទំនាក់ទំនងសេដ្ឋកិច្ច។ វាជារបៀបដែលយើងអាចបន្តកសាងភាពជាដៃគូសេដ្ឋកិច្ចលើបច្ចេកវិទ្យា និងជាការពិតណាស់ភាពជាដៃគូលើវិស័យយោធា និងការពារ ជាតិ»។
គួររំឭកថា កាលពីខែសីហាឆ្នាំមុន ចិនបានធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំដែលមិនធ្លាប់មាន នៅជិត និងជុំវិញកោះតៃវ៉ាន់ ដើម្បីបង្ហាញការខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅទីក្រុងតៃប៉ិ។ ទោះបីជាយ៉ាងណាក៏ដោយ តៃវ៉ាន់នៅតែជំនះរាល់ការទាមទារ របស់ក្រុងប៉េកាំង ហើយថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះអាច កំណត់វាសនារបស់ខ្លួន៕
ដោយ៖ហួន ឌីណា

ads banner