អង្គការ SNVនិងក្រុមហ៊ុន Kofi ផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍ ដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អង្គការ SNV ប្រទេសហូឡង់ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) លើកិច្ចសហ ប្រតិបត្តិការ ជាមួយក្រុមហ៊ុនខូហ្វី (Kofi) ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ ពីវិស័យឯកជនតាមរយៈការដាំកាហ្វេគោរពតាម គោលការណ៍បរិស្ថាន និងចាប់យកឱកាសបង្កើនប្រាក់ចំណេញ ដោយដាំដុះកាហ្វេតាមបច្ចេកទេសដែលមានគុណភាពស្តង់ដាទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។

នាឱកាសនោះដែរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានថ្លែងថា ក្រសួងកសិកម្ម ស្វាគមន៍ និងគាំទ្រជានិច្ច ទាំងលើទិដ្ឋភាពបច្ចេកទេស ច្បាប់ និង ពាណិជ្ជកម្ម នៃការចុះអនុស្សរណៈ (MoU) លើកិច្ចសហ ប្រតិបត្តិការ រវាងក្រុមហ៊ុនខូហ្វី និងអង្គការ SNV ប្រទេសហូឡង់ និងការប្រែ ប្រួល អាកាសធាតុ (DFCD) ក្នុងចូលរួមកាត់បន្ថយបញ្ហាបម្រែ បម្រួលអាកាសធាតុ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ពីវិស័យ ឯកជនតាមរយៈការដាំកាហ្វេគោរពតាមគោលការណ៍បរិស្ថាន និងចាប់យកឱកាសបង្កើនប្រាក់ចំណេញ។
លោកបានបន្ថែមថា ការចុះអនុស្សរណៈ នេះ គឺជាការផ្សព្វផ្សាយ សកម្មភាព លើកកម្ពស់បរិស្ថាន និងជួយដល់កសិករកម្ពុជា តាមរយៈ ការដាំកាហ្វេតាមបច្ចេកទេសដែលមានគុណភាពស្តង់ដារទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដោយរំពឹងថាកាហ្វេកម្ពុជានឹងត្រូវបានគេ ស្គាល់នៅលើពិភពលោក។ ដើម្បីសម្រេចការងារនេះ ក្រសួងនឹងជួយ ជ្រោមជ្រែងលើការដាំកាហ្វេនេះ ឱ្យបានត្រឹមត្រូវតាមស្តង់ដារ ថែម ទាំង មានទីផ្សារ មានផែនការវិនិយោគច្បាស់លាស់ និងមាននិរន្តរភាព សេដ្ឋកិច្ច។
លោកបានបញ្ជាក់បន្ថែមនៅលើហ្វេសប៊ុកផ្លូវការរបស់លោកយ៉ាងដូច្នេះ ថា៖«ខ្ញុំសង្ឃឹមថា កិច្ចសហការនេះ ព្រមទាំងផលិតផលកាហ្វេ កម្ពុជាដែលដាំដុះនៅលើទឹកដីខេត្តមណ្ឌលគិរី នឹងដើរឈានហួសពីទី ផ្សារក្នុងស្រុក ហើយឈានឆ្ពោះទៅកាន់ទីផ្សារអន្ដរជាតិនា ពេលខាង មុខ»។
លោក ហ៊ឺ តារា តំណាងឱ្យក្រុមហ៊ុនខូហ្វី បានលើកឡើងដែរថា ការចុះMOTនេះ ជាការបើកទំព័រថ្មីរបស់ក្រុមហ៊ុនខូហ្វីក៏ដូចជា ប្រជា កសិករ ដំណាំកាហ្វេនៅខេត្តមណ្ឌលគីរីផងដែរ ដោយក្រុមហ៊ុន បាន បេ្ដជ្ញាចិត្តក្នុងការអភិវឌ្ឍ ដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី ក្នុង គោល បំណងកែលំអគុណភាព និង ពង្រីកការដាំដុះ ដំណាំកាហ្វេឱ្យ ស្រប តាមតម្រូវការទីផ្សារនិងបង្កើនផលិតភាពដែលអាចឱ្យកសិករទទួលបាននូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ។
លោកបានបន្ថែមថា នៅក្នុងគម្រោងនេះក្រុមហ៊ុននឹង បង្កើតជាទី តាំងប្រមូលទិញ និងស្តុកទុកគ្រាប់កាហ្វេ កន្លែងកែរឆ្នៃគ្រាប់កាហ្វេ កន្លែងបណ្តុះកូនពូជ និង ស្រាវជ្រាវដំណាំកាហ្វេ ហើយក្រុមហ៊ុន នឹង បង្កើតជាកសិដ្ឋានគំរូ ដើម្បីបណ្តុះបណ្តាលបងប្អូនកសិករ ហើយក៏ជា កន្លែងអប់រំសាធារណៈ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរ ដែល ស្រលាញ់និងចូលចិត្តទទួលទានកាហ្វេផងដែរ។

លោកបានបញ្ជាក់ដូច្នេះថា៖«ក្រៅពីជួយទ្រទ្រង់និងលើកស្ទួយជីវភាពប្រជាកសិករដំណាំកាហ្វេ ក្រុមហ៊ុនក៏មានការសង្ឈឹមយ៉ាងមុះមុតថា ក្នុងថ្ងៃអនាគត គ្រាប់កាហ្វេក្នុងស្រុក អាចនិងមានគុណភាព ល្អល្បី ល្បាញនៅលើទីផ្សារអន្តរជាតិ និង នាំចេញទៅក្រៅប្រទេសផងដែរ ។ ដើម្បីបំពេញការងារនេះ ក្រុមហ៊ុនខូហ្វី និងអង្គការ SNV នឹងសហការ ជាមួយនឹងអ្នកជំនាញកាហ្វពីបរទេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងអ្នកពាក់ព័ន្ធក្នុងខេត្តមណ្ឌលគីរី ក្នុងការអនុវត្តសកម្មភាព ការងារ តាមផែនការដែលបានគ្រោងទុក» ។
បើតាមតំណាងក្រុមហ៊ុន ខូហ្វី បច្ចុប្បន្ន ដំណាំកាហ្វេក្នុងខេត្ត មណ្ឌល គិរីកំពុងដាំដុះភាគច្រើនដោយជនជាតិដើមភាគតិចព្នង ដែលមាន ទិន្នផល និងគុណភាពមិនទាន់ប្រសើរ ដោយសារកសិករខ្វះជំនាញ និងបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងការទុកដាក់ក្រោយពេល ប្រមូលផល។ ការកែឆ្នៃពីគ្រាប់កាហ្វេទុំ មកជា គ្រាប់កាហ្វេឆៅ ឬ គ្រាប់កាហ្វេបៃតង ត្រូវបានធ្វើឡើងតាមទម្លាប់ពីមុនៗមកតាមគ្នា និង ដោយផ្ទាល់ដៃ ដែលជាហេតុផល ធ្វើឱ្យគុណភាពធ្លាក់ចុះ ហើយត្រូវ ប្រើប្រាស់កំលាំងពលកម្មច្រើននិងគ្រាប់កាហ្វេឆៅ ទទួលបានតម្លៃ ទាបហើយគ្មានទីផ្សារច្បាស់លាស់។ កត្តាទាំងអស់នេះហើយ ដែលធ្វើឱ្យកសិករភាគច្រើនបានបោះបង់ដំណាំកាហ្វេ និងប្តូរទៅ ដាំដំណាំផ្សេងវិញ៕
ដោយ៖វណ្ណ សុជាតា

ads banner