រដ្ឋាភិបាលថៃបង្ហាញរំពឹងថាសេដ្ឋកិច្ចថៃនឹងងើបឡើងវិញបន្ទាប់ពីទុនបម្រុង អន្តរជាតិរបស់ថៃកើនឡើង

ថៃ៖រដ្ឋាភិបាលថៃរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បង្ហាញ សុទិដ្ឋិនិយមខ្ពស់ពីស្ថានភាពនៃសេដ្ឋកិច្ចជាតិថៃ បន្ទាប់ពីទុន បម្រុងរូបិយប័ណ្ណបរទេសរបស់ថៃកើនឡើងប្រមាណ៤ភាគរយនៅដំណាច់ខែមករាឆ្នាំនេះ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃបញ្ជាក់ថា នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា រំភើបចំពោះការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ ប្រទេសថៃ បន្ទាប់ពីធនាគារកណ្តាលបានរាយការណ៍ពីការកើន ឡើងនៃទុនបម្រុងរូបិយប័ណ្ណបរទេស និងកំណើននៃប្រាក់ចំណូល ពន្ធដែលប្រមូលបានលើសផែនការ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាន និយាយថាទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ថៃ បានកើនឡើង ៤ភាគរយនៅខែមករា។គិតត្រឹមដំណាច់ខែមករា ទុនបម្រុងរូបិយ ប័ណ្ណបរទេសរបស់ថៃមាន ចំនួនជាង២២៥ពាន់លានដុល្លារ។
លោកបានបន្ថែមថា ទុនបំរុងអន្តរជាតិអាចត្រូវបានប្រើប្រាស់ភ្លាមៗ ក្នុងករណីចាំបាច់ ដូចជាប្រើដើម្បីទូទាត់សមតុល្យនៃការទូទាត់ដែល មិនអំណោយផល ឬជាឧបករណ៍សម្រាប់រក្សាស្ថិរភាពអត្រាប្តូរ ប្រាក់។ លោកបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃបានទទួលរបាយការណ៍ ពីក្រសួងសេដ្ឋកិច្ចថៃដែលរបាយការណ៍នោះបង្ហាញថា ចំណូលពន្ធ របស់ថៃនាខែមករាប្រមូលបានលើសផែនការ។
កាសែតថៃបានរាយការណ៍ដែរថា អគ្គនាយកដ្ឋានគយរបស់ថៃ ប្រមូល ចំណូលបានជាង៨៦៦ ពាន់លានបាត នៅត្រឹមរយៈពេល៤ខែ ចុង ក្រោយ នេះ។ចំណូលពន្ធនេះកើនឡើងប្រមាណជាង១២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha បាននិយាយថា ៖«នាយក រដ្ឋមន្ត្រីផ្តល់អាទិភាពក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច និងដើម្បីរក្សា ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេស។ លោកនាយករដ្ឋមន្ត្រីមានទំនុកចិត្តថាសេដ្ឋកិច្ចរបស់ប្រទេសថៃនឹងរស់ឡើងវិញជាមួយនឹងវិធានការសេដ្ឋកិច្ចដែលត្រូវបានអនុវត្តរួមដោយភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធទាំងអស់»។
ក្រសួងថាមពលបានព្យាករណ៍ថា GDP របស់ប្រទេសថៃនឹងកើន ឡើង៤ភាគរយ នៅឆ្នាំនេះ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner