កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទជនមានពិការភាព ប្រចាំតំបន់អាស៊ីប៉ាហ្វិកចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ខាងមុខនេះ
ភ្នំពេញ ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់ពីថ្ងៃទី១៥-១៧ ខែមីនា នាពេលខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងមានតំណាងមជ្ឈមណ្ឌល អភិវឌ្ឍន៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក, ជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក, តំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, តំណាងអង្គការ (UN ESCAP) ប្រចាំតំបន់, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឥណ្ឌូនេស៊ី, រដ្ឋមន្ត្រីក្រសួងកិច្ចការនារី កុមារ និងកាត់បន្ថយភាពក្រីក្រ នៃសាធារណៈរដ្ឋហ្វីជី និងស្ថាប័ន, អង្គការពាក់ព័ន្ធជាច្រើន សរុបទាំងអស់ប្រមាណ ៧០០នាក់។
នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងសន្និសីទសារព័ត៌មានរៀបចំធ្វើនៅទីស្តីការក្រសួងសង្គមកិច្ច នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម វង សូត បានបញ្ជាក់ថា សន្និសទីថ្នាក់អន្តរជាតិនេះ គឺធ្វើឡើងក្នុងគោលបំណង ជំរុញការធ្វើបរិយាបន្នសេដ្ឋកិច្ចរបស់ជនមានពិការភាពនៅក្នុងតំបន់។ លើកកម្ពស់សុខុមាលភាពសង្គមនិងកិច្ចគាំពារសង្គមសម្រាប់ជនមានពិការភាព។ ពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូគ្រប់ភាគីពាក់ព័ន្ធសំដៅបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍ នៅតាមសហគមន៍តាមបែបបរិយាបន្ន និង ចែករំលែកបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ក្នុងការអភិវឌ្ឍសហគមន៍តាមបែបបរិយាបន្ន ក្នុងអំឡុងពេល និងក្រោយពេលការរាតត្បាតនៃជំងឺកូវីដ-១៩។
សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៥ ស្តីពីការអភិវឌ្ឍសហគមន៍ តាមបែបបរិយាបន្ន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការពង្រឹងការផ្តល់ភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ចរបស់ជនមានពិការភាពក្នុងអំឡុង និងក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ តាមរយៈការអភិវឌ្ឍតាមបែបបរិយាបន្ននៅសហគមន៍»។
ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានបង្ហាញក្តីរំពឹងថា ក្រោយបញ្ចប់សន្និសីទរយៈពេល៣ថ្ងៃខាងមុខនេះ កម្ពុជា និងទទួលបានសេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនមានពិការភាព ត្រូវបានលើកកម្ពស់ ស្របតាមពាក្យស្លោករបស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពពិភពលោក ដែលបានលើកឡើងថា «គ្មាននរណាម្នាក់ ត្រូវបានទុកចោល» តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ល្អៗ សក្ខីភាព និងនវានុវត្តន៍ ពាក់ព័ន្ធនឹងការងារពិការភាព និងបង្កើតឱកាសទំនាក់ទំនងរវាងជនមានពិការភាពកម្ពុជា និងជនមានពិការភាពនៅក្រៅប្រទេស ។
សូមបញ្ជាក់ថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើងចំនួន៤លើករួចមកហើយ លើកទី១: នៅប្រទេសថៃ ក្នុងឆ្នាំ២០០៩ លើកទី២: នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១២ លើកទី៣: នៅប្រទេសជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤នោះ នៅប្រទេសម៉ុងហ្គោលី ក្នុងឆ្នាំ២០១៩ ដែលកាលនោះ សន្និសីទបានឯកភាពសម្រេចស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំសន្និសីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នាជាមួយបណ្តាញការងារស្តារលទ្ធភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក៕ ងីម ឆៃហ៊ួត