អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលប្រមាថដល់អង្គព្រះមហាក្សត្រ
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើញ្ញត្តិប្រកាសថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលប្រមាថម្តងហើយម្តងទៀត ដល់អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិបីជាន់ សម រង្ស៊ី ដែលបានប្រមាថជាថ្មី ដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី បានចោទប្រកាន់យ៉ាងគឃ្លីន លើព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើល្មើសច្បាប់ ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងឱ្យបានជាដាច់ខាត ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា៖ “អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្ដន្ទាទោសតាមបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ការប្រមាថរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ ចំពោះអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារដ្ឋបុរសស្នេហាជាតិដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតដល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមអំពាវនាវ អាជ្ញាធរមានសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់ជាទីបំផុតទៅលើទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ព្រមទាំងបក្សពួកដែលហ៊ានប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន ដែលមិនអាចអត់អោនឱ្យបានជាដាច់ខាត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមប្ដេជ្ញា និងប្រកាសជាឱឡារិកថា៖ នឹងបន្តគោរពគាំទ្រ និងដង្ហែតាមអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជន និងជាវីរៈបុរសស្នេហាជាតិដ៏កំពូល និងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរជារៀងរហូតតទៅ៕