បឹងដ៏ធំ ឬហៅថា ទន្លេផែន ស្ថិតនៅរយៈកម្ពស់ ១៤០០ម៉ែត្រ លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ
បាត់ដំបង៖ បឹងដ៏ធំ ដែលអ្នកស្រុកហៅតៗគ្នាថា «ទន្លេផែន» ស្ថិតនៅរយៈកម្ពស់ ១៤០០ម៉ែត្រ លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត និង កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងថានៅទីតំបន់ទន្លេផែន នេះ មានដើមឈើធំៗខ្ពស់ៗ នៅព័ន្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង៤០០ម៉ែត្រ និងទទឹងជាង២០០ម៉ែត្រ។ អ្នកភូមិដែលធ្លាប់ទៅកាន់តំបន់ក្បែរនេះ បានបញ្ជាក់ថា ពីមុនមក កម្រមាននរណាទៅដល់កន្លែងបឹងនេះណាស់ ។

នាពេលកន្លងមកមាន អ្នកភូមិចំនួន ៤ ទៅ ៥នាក់ នៃឃុំអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះប៉ុណ្ណោះ ហើយក៏មិដែលបានមកសម្រាកក្បែរមាត់បឹងនេះដែរ ។

នាពេលថ្មីៗនេះ ពោលគឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យនិងសិក្សាសក្តានុពលធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។

ដោយឡែកទាក់ទិនក្នុងរឿងនេះ លោក កត បូរាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឲ្យដឹងថា ការរកឃើញទន្លេផែន បឹងធម្មជាតិដ៏ធំ នៅលើកំពូលភ្នំសំកុស នឹងនាំឲ្យការពង្រឹងបន្ថែមទៀត លើការការពារនិងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុពល សម្រាប់ទេសចរណ៍ធម្មជាតិថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែម ដល់សេដ្ឋកិច្ចជាតិ និងដល់សហគមន៍មូលដ្ឋាន ៕ ដោយ៖ម៉ាដេប៉ូ

