ប្រមុខ អ.ស.ប ព្រមានប្រឆាំងនឹងការកើនឡើងជម្លោះ នៅអ៊ុយក្រែន
អ.ស.ប៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស នៅថ្ងៃពុធសប្តាហ៍នេះ បានព្រមានថា ការកើនឡើងជម្លោះនៅអ៊ុយក្រែន គឺជា “គ្រោះថ្នាក់ក្នុងពេលបច្ចុប្បន្ន”។
លោក ហ្គូទែរ៉េស បានប្រាប់កិច្ចប្រជុំពិសេសបន្ទាន់មួយ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មិនត្រឹមតែយើងឃើញការរងទុក្ខ និងការបំផ្លិចបំផ្លាញកើនឡើងប៉ុណ្ណោះទេ វាក៏កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ ថាតើវាវិវឌ្ឍន៍កាន់តែអាក្រក់ទៅៗប៉ុណ្ណា។
លោកបន្តថា ជម្លោះនៅអ៊ុយក្រែនក៏កំពុងជំរុញអស្ថិរភាពក្នុងតំបន់ និងជំរុញឱ្យមានភាពតានតឹង ក៏ដូចជាការបែកបាក់ជាសកល ខណៈមានការបង្វែរការយកចិត្តទុកដាក់ពីវិបត្តិផ្សេងៗ និងបញ្ហាសកលលោក។ បន្ថែមលើនេះ យើងក៏បានឮការគំរាមកំហែងដោយប្រយោល ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ។ លោកថា អ្វីដែលគេហៅថា ការប្រើយុទ្ធសាស្ត្រនៃអាវុធនុយក្លេអ៊ែរ គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត។
ប្រមុខការអង្គការសហប្រជាជាតិរូបនេះបានអំពាវនាវឱ្យមានសន្តិភាព និងថា ប្រជាជនអ៊ុយក្រែនកំពុងរងគ្រោះយ៉ាងខ្លាំង… ទាំងប្រជាជនអ៊ុយក្រែន រុស្ស៊ី និងប្រជាជនប្រទេសដទៃទៀតក៏ត្រូវការសន្តិភាពផងដែរ។ លោកថា ខណៈពេលដែលការរំពឹងទុកអាចនឹងមើលទៅអាក្រក់នោះ នៅថ្ងៃនេះយើងទាំងអស់គ្នាត្រូវតែដឹងច្បាស់ថា សន្តិភាពពិតប្រាកដ និងយូរអង្វែង ត្រូវតែផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា
