ធនាគារ អេស ប៊ី អាយ លី ហួរ ដាក់ដំណើរការសាខាបួនថ្មីបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា
សៀមរាប៖ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរ ក៏ដូចជាការពង្រីកវិសាលភាពប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ធនាគារ អេស ប៊ី អាយ លី ហួរ បានប្រារព្ធពិធីសម្ពោធជាផ្លូវការសាខាថ្មីចំនួនបួនទីតាំង គឺសាខាក្រុងសៀមរាប សាខាឬស្សីកែវ សាខាស្រុកមុខកំពូល និងសាខាខេត្តកំពង់ចាម ដែលពិធីសម្ពោធនេះបានរៀបចំនៅធនាគារ អេស ប៊ី អាយ លី ហួរ សាខាក្រុងសៀមរាបរួមគ្នា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ថ្លែងក្នុងឱកាសបើកប្រតិបត្តិការសាខាថ្មីទាំងបួននេះ ឯកឧត្តម យុន លីនណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ធនាគារ អេស ប៊ី អាយ លី ហួរ ទោះបីជាទើបទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៅឆ្នាំ២០២០ក៏ដោយ ឯកឧត្តមសង្កេតឃើញថា ធនាគារនេះមានការរីកចម្រើនឥតឈប់ឈរនៅកម្ពុជា ជាក់ស្តែងដូចជាថ្ងៃនេះ ធនាគារ អេស ប៊ី អាយ លី ហួរ បានដាក់ដំណើរការសាខាចំនួនបួននៅក្នុងពេលតែមួយ ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបជូនក្រុមហ៊ុន និងអតិថិជនទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងបានជូនពរឲ្យធនាគារ អេស ប៊ី អាយ លី ហួរ ទទួលបានជោគជ័យក្នុងអាជីវកម្ម និងមានអតិថិជនកាន់តែច្រើនឡើងបន្ថែមទៀត។ លោក ជា ផល្លារិន អគ្គនាយក ធនាគារ អេស ប៊ី អាយ លី ហួរ បានបញ្ជាក់ថា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការចង្អុលបង្ហាញពីក្រុមប្រឹក្សាភិបាល ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជាពិសេសការគាំទ្រ និងការមានទំនុកចិត្តពីសំណាក់អតិថិជន បានធ្វើឲ្យធនាគារ អេស ប៊ី អាយ លី ហួរ មានការរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យគត់សម្គាល់ ចាប់តាំងពីថ្ងៃដែលធនាគារទទួលបាននូវអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅឆ្នាំ ២០២០។
លោកអគ្គនាយកបន្តថា តាងនាមឲ្យគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ និងបុគ្គលិកទាំងអស់ សូមសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជា និងអតិថិជនទាំងអស់ ដែលបានគាំទ្រប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារកន្លងមក។
នាឱកាសនោះដែរ អ្នកឧកញ៉ា លី ហួរ ភាទុនិកនៃធនាគារ អេស ប៊ី អាយ លី ហួរ បានមានប្រសាសន៍ថា បេសកកម្មចម្បង របស់ ធនាគារ អេស ប៊ី អាយ លី ហួរ គឺធ្វើយ៉ាងណាឱ្យធនាគារមានភាពឈានមុខគេ ប្រកបដោយការជឿជាក់ ជាមួយនឹងការបន្តការអភិវឌ្ឍខ្លួនប្រកបដោយទំនួលខុសត្រូវផ្នែកសង្គម និងធ្វើឱ្យមាន បច្ចុប្បន្នភាព ប្រព័ន្ធឌីជីថល។
អ្នកឧកញ៉ាបន្ថែមថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ធនាគារ អេស ប៊ី អាយ លី ហួរ សម្រេចបានលទ្ធផលអាជីវកម្មយ៉ាងល្អប្រសើរ ដែលមានសកម្មភាពអាជីវកម្មលេចធ្លោ និងទទួលស្គាល់ពីសាធារណៈជនយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នធនាគារមានសាខាចំនួន ៤៨សាខា គ្របដណ្តប់គ្រប់ ២៥រាជធានី-ខេត្តទូទាំងប្រទេស និងសម្រេចបានសមិទ្ធផលអាជីវកម្មសំខាន់ៗ រួមមាន៖ ទ្រព្យសកម្មសរុបឈានដល់ចំនួនជាង ៧៨៦លានដុល្លារ ផលប័ត្រឥណទានបានកើនឡើងដល់ចំនួនជាង៦៥៣លានដុល្លារ និងប្រាក់បញ្ញើសន្សំកើនឡើងដល់ ៦០០លានដុល្លារ៕
ដោយ៖ ទីណា