មន្ត្រីក្រសួងសុខាភិបាលអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈរកឃើញជំងឺផ្តាសាយបក្សីបណ្ដាលឱ្យស្លាប់ក្មេងស្រីម្នាក់នៅខេត្តព្រៃវែង
ភ្នំពេញ ៖ តាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានករណីជំងឺផ្តាសាយបក្សី H5N1 បានកើតទៅលេីកុមារីម្នាក់ អាយុ ១១ឆ្នាំ រស់នៅភូមិ រលាំង ឃុំ រំលេច ស្រុក ស៊ីធរកណ្តាល ខេត្តព្រៃវែង បណ្តាលឱ្យកុមារីរូបនេះស្លាប់បាត់បង់ជីវិត។
តាមប្រភពដដែលបានបញ្ជាក់ថា កុមារី រូបនេះបានចាប់ផ្តេីមឈឺ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក ។ ក្រោយការព្យាបាលនៅមូលដ្ឋានមិនបានធូរស្រាល ដោយកុមារីចាប់ផ្តេីមហត់ក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ ។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញេីមកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ទើបទទួលលទ្ធផល ថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ២០២៣ ដោយបញ្ជាក់ថាមានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហេីយ និងបានធ្វេីពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិ-ឃុំ ខាងលេី ។
សូមប្រជាពលរដ្ឋគ្រប់រូបសូមកុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ ហើយអ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬ រាយការណ៍ទៅលេខ ១១៥ ៕ដោយ ៖ ភារ៉ា និងប៊ុនធី